ផឹកចំស្រាប្តូរនិស្ស័យ បងថ្លៃចាក់ប្អូនថ្លៃធ្លាយពោះ

ខេត្តកំពង់ចាម៖ ទឹកប្តូរនិស្ស័យបានធ្វើឲ្យបងប្អូនទាំង២ ក្លាយជាសត្រូវហើយក៏ប្រើអំពើហិង្សាវាយប្រហារគ្ទៅវិញទៅមក បណ្តាលឲ្យរងរបួសទាំងសងខាងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

ប៉ូលិសបានឲ្យដឹងថា ករណីហិង្សាដោយចេតនាទៅវិញទៅមកនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែមករា ២០១៩ វេលាម៉ោង១៩ និង៣០នាទី នៅចំណុចត្រពាំងជ្រៃ ស្ថិតក្នុងភូមិពាមក្នុង ឃុំពាមកោស្នា ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម រវាង បងថ្លៃ និងប្អូនថ្លៃ បន្ទាប់ពីផឹកស្រាជាមួយគ្នារួចមក ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅរសៀលថ្ងៃកើតហេតុ ឈ្មោះយិន សុខជា ភេទប្រុសអាយុ៣៧ឆ្នាំ ត្រូវជាបងថ្លៃ និងឈ្មោះម៉ៅ ប្រុស ភេទប្រុសអាយុ52ឆ្នាំ ត្រូវជាប្អូនថ្លៃ ទាំងពីរនាក់មានទីលំនៅចំណុចកើតហេតុខាងលើ បាននាំគ្នាលេងប៊ៀផឹកស្រានៅក្រោមផ្ទះប្អូនថ្លៃ រហូតស្រវឹងធ្លាក់ភ្នែករៀងៗខ្លួនរួចមកក៏មានជម្លោះពាក្យសំដីគ្នា ។ បន្ទាប់មកអ្នកទាំង២ ក៏បានវាយគ្នាទៅវិញទៅមក ហើយក៏ត្រូវសាច់ញាតិបំបែកបែកគ្នា ហើយឈ្មោះម៉ៅ ប្រុស ត្រូវជាប្អូនថ្លៃ បានឡើងទៅដេកលើផ្ទះរបស់ខ្លួន ។

បន្ទាប់មកឈ្មោះយិន សុខជា ត្រូវជាបងថ្លៃបានយកកូនកាំបិតលបឡើង ទៅលើផ្ទះតាមរានខាងក្រោយ រួចចាក់ទៅលើប្អូនថ្លៃឈ្មោះម៉ៅ ប្រុស បណ្តាលឲ្យធ្លាយពោះហើយក៏មានការវាយប្រតាយប្រតប់គ្នាម្តងទៀត ប៉ូលិសបានបន្តថាករណីនេះបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

ប៉ូលិសបានបន្តថា ទទួលបានព័ត៌មាននេះភ្លាម លោក ប៉ាក ជាតិ បាន ឲ្យ កំលាំងជំនាញចុះដល់កន្លែងកើតហេតុស្រាវជ្រាវ និងចងក្រងសំណុំរឿងតាមនិតិវិធី ៕

Loading...