ផឹកស៊ី​ស្រវឹង​ចងកំហឹង​ជាមួយ​មិត្តភក្តិ​ទាញ​បង្គោល​ត្រាក់​វាយ​បែកក្បាល​

​ខេត្តកំពង់ចាមៈ​ ទំនាស់​ក្នុង​វង់​ផឹកស៊ី​បាន​ក្លាយជា​ការ​ប្រើ​ហិង្សា​ដោយ​បុរស​ម្នាក់​បាន​យក​ព្រនង់​វាយ​ក្បាល​មិត្តភក្តិ​ដែល​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា​បណ្តាល​ឲ្យ​បែក​ហូរ​ឈាម​រង​របួសធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​ចំណែក​ជនល្មើស​ត្រូវ​សមត្ថ​ក​កិច្ច​ចាប់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​ដើម្បី​បំពេញ​សំណុំ​ឯកសារ​ត្រៀម​បញ្ជូន​ទៅ​តុលាការ​។​ ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​អូរ​កាប់​មាន់​ ឃុំ​អូរ​ម្លូ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​។​
​លោក​ជា​ ធា​រិ​ទ្ធ​ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ស៊ឹ​ម​ ចក់​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ឃុំ​កើតហេតុ​ខាងលើ​ មាន​របួស​បែកក្បាល​មួយ​កន្លែង​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​ចំណែក​ជនសង្ស័យ​មានឈ្មោះ​ ត្រៀល​ សា​រុន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ខ្ទួយ​១​ ឃុំ​អូរ​ម្លូ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​យក​មក​អធិការដ្ឋាន​។​

​តាម​សម្តី​ជន​រង​គ្រោះ​ឈ្មោះ​ ស៊ឹ​ម​ ចក់​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​រសៀល​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ពួក​ខ្លួន​មាន​គ្នា​៥​នាក់​បាន​នាំ​គ្នា​ផឹកស៊ី​នៅ​កន្លែង​កើតហេតុ​រហូត​ដល់​ម៉ោង​ប្រហែល​៧​យប់​ ក៏​ស្រវឹង​រៀងខ្លួន​ ពេល​នោះ​ឈ្មោះ​ត្រៀល​ សា​រុន​ បាន​ឈ្លោះប្រកែក​ជាមួយ​ខ្លួន​ តែ​ពេល​នោះ​ខ្លួន​(​ស៊ឹ​ម​ ចក់​)​ មិនដឹង​ថា​ប្រកែក​គ្នា​រឿង​អ្វី​ដែរ​ ព្រោះ​ពេល​នោះ​ទាំងអស់​គ្នា​ស្រវឹង​លែង​ដឹង​អ្វី​ហើយ​។​ ស្រាប់តែ​ឈ្មោះ​ត្រៀល​ សា​រុន​បាន​យក​ព្រនង់​វាយ​ក្បាល​ខ្លួន​បែក​ហូរ​ឈាម​របួសធ្ងន់​។

​លោក​ជា​ ធា​រិ​ទ្ធ​ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​តាម​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​យក​មក​អធិការដ្ឋាន​ដើម្បី​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ ៕​ សុ​ភ័​ណ្ឌ​

IMG-20150225-WA0007
IMG-20150225-WA0012
IMG-20150225-WA0010
IMG-20150225-WA0006

Loading...

Leave a Reply

Your email address will not be published. Required fields are marked *