ផែនទីយកពីអង្គការសហប្រជាជាតិនិងផែនទីដែលរាជរដ្ឋាភិបាលប្រើសព្វថ្ងៃគឺដូចគ្នា

ភ្នំពេញ ៖ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង អះអាងថា ផែនទីដែលអង្គការសហប្រជាជាតិបានប្រគល់មកឲ្យកម្ពុជាខ្ចីគឺដូចគ្នាទៅនឹងផែនទីដែលរដ្ឋាភិបាលប្រើប្រាស់សម្រាប់ការងារបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អង្គការសហប្រជាជាតិបានប្រគល់ផែនទីចំនួន១៨ផ្ទាំងដែលខ្លួនបានរកឃើញ មកឲ្យរដ្ឋាភិបាលកម្ពុជាខ្ចីនិងធ្វើការផ្ទៀងផ្ទាត់ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីមន្ត្រីតំណាងគណបក្សនយោបាយ និងតំណាងរដ្ឋសភា ព្រមទាំងស្ថាប័នធំៗមួយចំនួនទៀត។

រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មការមួយក្នុងការទទួល ប្រគល់និងការពិនិត្យផ្ទៀងផ្ទាត់ផែនទី លោក ហោ ណាំហុង បានទទួលយកផែនទីទាំង១៨ផ្ទាំងពីមន្ត្រី២រូបរបស់អង្គការសហប្រជាជាតិគឺលោកស្រី Mereani Keleti Vakasisikakala ប្រធានស្តីទីនៃបណ្ណាល័យអង្គការសហប្រជាជាតិ និងលោក Keiichiro Okimoto មន្ត្រីផ្នែកច្បប់នៃអង្គការសហប្រជាជាតិ។

បន្ទាប់ពីផ្ទៀងផ្ទាត់ផែនទីទាំង១៨ផ្ទាំងជាមួយផែនទីរបស់រដ្ឋាភិបាលប្រើប្រាស់ លោក វ៉ា គឹមហុង អះអាងថា ខ្សែបន្ទាត់ព្រំដែននៅលើផែនទីទាំង១៨ផ្ទាំងនោះគឺដូចគ្នាទៅនឹងផែនទីរបស់រដ្ឋាភិបាល ។ លោកបញ្ជាក់ថា ផែនទីរបស់ភាគីទាំងពីរជាផែនទីខ្នាត១/១០០ ០០០ ដូចគ្នា។ លោកបន្តថា ផែនទីរបស់អង្គការសហប្រជាជាតិជាផែនទី UTM ចំណែកផែនទីរបស់រដ្ឋាភិបាលជាផែនទីបោន តែទោះជាយ៉ាងណា លោកថា ខ្សែបន្ទាត់ព្រំដែនផែនទីទាំងពីរគឺដូចគ្នា។

លោក វ៉ា គឹមហុង ឲ្យដឹងដែរថា ផែនទីទាំង១៨ផ្ទាំងរបស់អង្គការសហប្រជាជាតិបង្ហាញបន្ទាត់ព្រំដែននៅខេត្តចំនួន៨របស់កម្ពុជាជាមួយប្រទេសជិតខាង តែលោកពុំបានបញ្ជាក់ថាខេត្តណាខ្លះនោះទេ ដោយគ្រាន់តែឲ្យដឹងថា ពុំមានខេត្តរតនគិរីនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលិខិតមួយច្បាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន ដើម្បីសុំខ្ចីផែនទីកម្ពុជា ខ្នាត ១/១០០.០០០ ដែលតម្កល់នៅអង្គការប្រជាជាតិ ដោយអះអាងថាយកមកពិនិត្យផ្ទៀងផ្ទាត់ជាមួយផែនទីដែលរដ្ឋាភិបាលបានប្រើប្រាស់ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។ នៅថ្ងៃទី១៥ ខែកក្កដា លោកនាយករដ្ឋមន្ត្រីក៏បានសរសេរលិខិតទៅថ្នាក់ដឹកនាំប្រទេសមហាអំណាចចំនួន៣គឺបារាំង អង់គ្លេសនិងសហរដ្ឋអាមេរិក ដោយស្នើសុំខ្ចីផែនទីនិងសុំជំនួយជាអ្នកជំនាញខាងផែនទី ដើម្បីជួយកម្ពុជាក្នុងការផ្ទៀងផ្ទាត់ផែនទីដែលរដ្ឋាភិបាលកំពុងតែប្រើប្រាស់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *