ផ្ទុះកំប៉ុងហ្គាសបង្កជាអគ្គីភ័យនៅខណ្ឌ៧មករា មនុស្ស៥នាក់របួសធ្ងន់ស្រាល

ភ្នំពេញ៖ អគ្គីភ័យនៅខណ្ឌ៧មករា រាជធានីភ្នំពេញ យ៉ាងហោចណាស់មនុស្សចំនួន០៥នាក់ទទួលរងរបួសធ្ងន់ និងស្រាលត្រូវបានសមត្ថកិច្ចដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យកាល់ម៉ែត ។ អគ្គិភ័យនោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវសន្និដ្ឋានបឋមបង្កឡើងដោយផ្ទុះកំប៉ុងហ្គាស ខណៈដែលជនរងគ្រោះបញ្ឆេះចង្ក្រានហ្គាសចំអិនត្រីទទួលទានអាហារពេលល្ងាច ។

អគ្គីភ័យនោះត្រូវបានប្រើប្រាស់ដោយរថយន្តការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ០៧គ្រឿង និងរថយន្តក្រុមហ៊ុនឯកជន០១គ្រឿង សរុបរថយន្តចំនួន០៨គ្រឿង ដឹកនាំបញ្ជាផ្ទាល់ដោយលោកនាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ ចេញអន្តរាគមន៍ ចំណាយទឹកអស់២៤ម៉ែត្រគូបបាញ់ទឹកពន្លត់មិនឱ្យឆាបរាលដាលទៅផ្ទះប្រជាពលរដ្ឋក្បែរនោះទៀតឡើយ ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវលេខ១៦៩ ក្រុម២១ ភូមិ០៤ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    បើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះឱ្យដឹងថា ផ្ទះដែលរងការឆាបឆេះកសាងអំពីថ្មជាន់ទី១ទំហំ៣ម៉ែត្រគុណ៦ម៉ែត្រ ប្រភេទផ្ទះជួលម្ចាស់មានឈ្មោះ ម៉ៅ រ័ត្នដារ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ។បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចឱ្យដឹងថាមុនពេលកើតហេតុគឺមានអ្នកនៅក្នុងផ្ទះចំនួន០៥នាក់ បានជួបជុំគ្នានិងបានចំអិនអាហារចៀនត្រីដើម្បីទទួលទានខណៈនោះស្រាប់តែផ្ទុះកំប៉ុងហ្គាសចេញពីចង្ក្រានបង្កជាអគ្គីភ័យយ៉ាងសន្ធោសន្ធៅតែម្តង។ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចក៏បានចេញអន្តរាគមន៍ ហើយក៏បានចូលទៅសង្រ្គោះជនរងគ្រោះ០២នាក់ដែលរងរបួសធ្ងន់ចំណែក០៣នាក់រងរបួសស្រាល។

    បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចចូលទៅសង្រ្គោះឱ្យដឹងថា នៅក្នុងផ្ទះនោះមានកំប៉ុងហ្គាសតូចៗ១១កំប៉ុង និងហ្គាសធំ០១ធុងដែលម្ចាស់ទិញមកសម្រាប់ចំអិនអាហារ ទើបគ្គីភ័យបានបង្កឱ្យផ្ទុះកំប៉ុងហ្គាសនិងធុងហ្គាសរាលដាលឆេះយ៉ាងឆាប់រហ័ស ។ ទោះបីយ៉ាងណាក៏ដោយករណីអគ្គីភ័យនេះនគរបាលការិយាល័យជំនាញកំពុងបន្តស្រាវជ្រាវស៊ើបអង្កេតបន្ថែមទៀត៕

Loading...