ផ្ទុះប្រតិកម្មក្រោយក្រុមហ៊ុនទេសចរណ៍នៅអូស្ត្រាលី ដាក់រូបប្រាសាទអង្គរតែដាក់ពាក្យវៀតណាម

ភ្នំពេញ៖ ពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិជាច្រើនទៀត បានផ្ទុះការរិះគន់ និងប្រតិកម្មជាខ្លាំងលើក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍របស់អូស្ត្រាលី ឈ្មោះ «Wendy Wu Tours» ដែលយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ហើយបែរជាសរសេរពាក្យសម្គាល់ប្រទេសវៀតណាមនៅពីលើ។

«Wendy Wu Tours» ជាទីភ្នាក់ងារទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសអូស្ត្រាលី ដែលបាននាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជា ជាញឹកញាប់។ ថ្មីៗនេះ គេហទំព័ររបស់ទីភ្នាក់ងារទេសចរណ៍មួយនេះ បានបង្ហោះរូបភាពស្ដីពីតំបន់ទេសចរណ៍ជាច្រើននៅជុំវិញពិភពលោក ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្តដ៏ស្រស់ឆើតឆាយរបស់កម្ពុជាផងដែរ។

ប៉ុន្តែគេហទំព័រនេះបានបង្កើតនូវកំហុសឆ្គងដោយអចេតនាមួយ គឺនៅត្រង់នៅផ្នែកខាងលើនៃរូបភាពប្រាសាទអង្គរវត្ត គេបានសរសេរពាក្យថា «VIETNAM» ជាហេតុនាំឱ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្ត ស្ថិតនៅប្រទេសវៀតណាម។

កំហុសឆ្គងរបស់ក្រុមហ៊ុនទេសចរណ៍អូស្ត្រាលីមួយនេះ នាំឱ្យមានការរិះគន់យ៉ាងខ្លាំងសម្បើមពីសំណាក់ប្រជាជនកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិមួយចំនួន ដែលគេបានដឹងច្បាស់អំពីទីតាំងប្រាសាទ អង្គរវត្តរបស់កម្ពុជា។ ទន្ទឹមនឹងនោះ មហាជន ក៏បានស្នើសុំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រសួងទេសចរណ៍កម្ពុជា ចេញចំណាត់ការឱ្យបានម៉ឺងម៉ាត់ចំពោះកំហុសឆ្គងនេះ។

ក្រោយទទួលបានដំណឹងនេះហើយ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ បានទាក់ទងភ្លាមៗទាំងយប់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបានស្នើឱ្យទីភ្នាក់ងារ «Wendy Wu Tours» កែសម្រួលកំហុសឆ្គងនៅលើគេហទំព័ររបស់ខ្លួនជាបន្ទាន់។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួងទេសចរណ៍ បានថ្លែងនាព្រឹកថ្ងៃទី២២ ខែកញ្ញានេះថា ក្រសួងបានទាក់ទងទៅកាន់ទីភ្នាក់ងារ Wendy Wu Tours រួចហើយ ដើម្បីឱ្យគេកែសម្រួលព័ត៌មាននោះឡើងវិញ។ ទីភ្នាក់ងារក៏បានសម្ដែងនូវការសូមអភ័យទោសចំពោះកម្ពុជា និងយល់ព្រមកែសម្រួលឡើងវិញផងដែរ ដោយបានកែពីពាក្យ VIETNAM មកដាក់ថា SOUTHEAST ASIA វិញ។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួងទេសចរណ៍ បានថ្លែងប្រាប់ថា នាព្រឹកថ្ងៃទី២២ ខែកញ្ញានេះថា ក្រសួងបានទាក់ទងទៅកាន់ទីភ្នាក់ងារ Wendy Wu Tours រួចហើយ ដើម្បីឱ្យគេកែសម្រួលព័ត៌មាននោះឡើងវិញ។ ទីភ្នាក់ងារក៏បានសម្ដែងនូវការសូមអភ័យទោសចំពោះកម្ពុជា និងយល់ព្រមកែសម្រួលឡើងវិញផងដែរ ដោយបានកែពីពាក្យ VIETNAM មកដាក់ថា SOUTHEAST ASIA វិញ។

លោក ប្រាក់ វុទ្ធី បានពន្យល់ថា មូលហេតុដែលទីភ្នាក់ងារ Wendy Wu Tours មិនប្ដូរមកជា CAMBODIA វិញនោះ ក៏ដោយសារក្រុមហ៊ុនចង់បង្ហាញថា «ប្រាសាទអង្គរវត្តរបស់កម្ពុជា» ជានិម្មិតរូបតំណាងឱ្យតំបន់អាស៉ីអាគ្នេយ៍លើនៅគេហទំព័ររបស់ខ្លួន ពីព្រោះប្រាសាទអង្គរវត្តជាសម្បត្តិបេតិភណ្ឌដែលពិភពលោកស្គាល់ច្រើនជាងគេ។

ទោះបីជាទីភ្នាក់ងារ Wendy Wu Tours បានកែសម្រួលនៅលើទំព័រមុខនៃគេហទំព័ររបស់ខ្លួនរួចហើយក្ដី ប៉ុន្តែនៅមានមួយកន្លែងទៀតដែលក្រុមហ៊ុនមិនទាន់បានកែសម្រួលអស់ គឺនៅពេលចូលទៅក្នុងផ្ទាំង Brochures គេនៅឃើញមានរូបប្រាសាទអង្គរវត្តដែលដាក់ពាក្យ VIETNAM នៅពីលើនៅឡើយ។

ត្រង់ចំណុចនេះ ក្រសួងទេសចរណ៍ ក៏នឹងទាក់ទងទៅកាន់ក្រុមហ៊ុនបន្តទៀត ដើម្បីឱ្យកែសម្រួលឱ្យបានគ្រប់ជ្រុងជ្រោយ៕

ប្រភព៖ ទទក

Loading...