ផ្ទុះអាវុធជាច្រើនគ្រាប់នៅខណ្ឌចំការមនគំរាមក្រុមឆក់ទូរស័ព្ទ

ភ្នំពេញ៖ នៅវេលាព្រលប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចចំពោះការបន្លឺឡើងនៃស្នូរកាំភ្លើងនោះពីសំណាក់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ។ ករណីនេះត្រូវសមត្ថកិច្ចអះអាងថា ជាការផ្ទុះអាវុធដើម្បីគំរាមដល់ក្រុមចោរឆក់ទូរស័ព្ទប៉ុណ្ណោះ ពុំមានអ្វីផ្សេងក្រៅពីនេះឡើយ ។

អាវុធយ៉ាងតិច៥គ្រាប់ត្រូវជនសង្ស័យម្នាក់ជិះក្នុងរថយន្តបាញ់ឡើងលើមេឃកាលពីព្រលប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្បែរតារាងបាល់ទះមួយកន្លែងតាមបណ្តោយផ្លូវ៤៧៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយពេលភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានបានចេញអន្តរាគមន៍ផងដែរ ។

យ៉ាងណាក៏ដោយ ជនផ្ទុះអាវុធបង្កឲ្យភ្ញាក់ផ្អើលមិនត្រូវបានចាប់ខ្លួន ឬបង្ហាញអត្តសញ្ញាណឡើយ ។

លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានថ្លែងថា ការបាញ់ឡើងលើចំនួន៤-៥គ្រាប់ នេះជាការបាញ់គំរាមចោរឆក់កាបូបទៅលើនារីបរទេស ដែលកំពុងជិះរ៉ឺម៉ក់កង់៣ មិនមែនជាករណីបាញ់ប្រហារទៅលើជនណានោះទេ។ មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ ជិះរថយន្ត Lexus RX-300 ពណ៌ខ្មៅ ពេលដែលកំពុងបើករថយន្ត ស្រាប់តែឃើញសកម្មភាពចោរឆក់កាបូបនារីជនជាតិបរទេស ពេលនោះមន្រ្តីនគរបាលរូបនោះក៏បាញ់ឡើងលើពី៤-៥គ្រាប់ ដើម្បីគំរាមក្រុមចោរ ហើយក៏បានបង្កការភ្ញាក់ផ្អើល ហើយជនផ្ទុះអាវុធនោះបានបើករថយន្តចេញធ្វើហាក់មិនដឹង ។

ស្ត្រីជនបរទេស២នាក់ ដែលត្រូវចោរថ្មើរជើងឆក់ទូរស័ពបានសម្រេចហើយរត់គេចខ្លួននោះបានមកដាក់ពាក្យបណ្តឹងផងដែរ ប៉ុន្តែគេមិនសង្ឃឹមថា អាចរកក្រុមចោរឃើញឡើយ ៕

Loading...