ផ្ទុះអាវុធ​ប្រមាណជិត១០គ្រាប់ ​នៅខណ្ឌប្ញស្សីកែវ ក្រោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដក្រុង និងរថយន្ដព្រូស

ភ្នំពេញ៖ ផ្ទុះអាវុធ​ប្រមាណជិត១០គ្រាប់ ​នៅវេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដាយផ្លូវ៥៩៨ ​មុខដីឧកញ៉ា លី ហួរ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដក្រុង និងរថយន្ដព្រូស។ បន្ទាប់ពីកើតហេតុជនបង្កត្រូវបានកម្លាំង សមត្ថកិច្ចចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនបង្កមានឈ្មោះ អេង កុសល អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខដេ២៤ ផ្លូវលេខ២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរអង្គរក្សនៅបន្ទាយវីរៈ៤៩៩(ទាហាន)។

សេចក្ដីរាយការណ៍ឲ្យដឹងថា បើតាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ មានរថយន្ដក្រុងមួយ បានបើកទៅគៀរ ថយន្ដព្រូស ក្រោយមករថយន្ដមិនបានឈប់ដោះស្រាយនោះទេ គឺបន្ដដំណើរទៅមុខទៀត ទើបធ្វើឲ្យម្ចាស់រថយន្ដព្រូស ទាញកាំភ្លើងបាញ់ប្រហារពីក្រោយតែម្ដង​ ប៉ុន្ដែក្នុងករណីនេះ មិនមានអ្នកណាម្នាក់រងរ​បួ​សនោះទេ។ នៅកន្លែងកើតហេតុសមត្ថកិច្ច បាន​ដកហូតអាវុធខ្លីទំនើប របស់ជនដែលបាញ់ផងដែរ ទុក​បណ្ដោះអាសន្នសិនផងដែរ។

បើតាមជនដែលបានបាញ់ប្រហារទៅលើរថយន្ដក្រុងនោះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេលកើតហេតុរថយន្ដក្រុងរបស់ក្រុមហ៊ុន​ «បូព៌ាអាស៊ីដឹកអ្នកដំណើរ» បានបុក​រថយន្ដរបស់ខ្លួន​ហើយ មិនឈប់នោះទេ ទើបខ្លួនដេញតាមពីក្រោយហើយដកកាំភ្លើងបាញ់តែម្ដង ហើយបើគាត់ឈប់ដោះស្រាយមិនអីទេ តែគាត់ឈ្លើយ ពេកបុកហើយបើករត់ បើកយ៉ាងលឿនទៀតផង ចុះបើទៅបុកគេផ្សេងច្បាស់ជាគ្រោះថ្នាក់យ៉ាងខ្លាំងហើយ៕

 

Loading...