ផ្ទះមេឈ្មួញឈ្មោះ ជុំ វុទ្ឋី ហៅធីកាប៉ូ ត្រូវបានសមត្ថកិច្ចលួចឆ្មក់ចុះបង្ក្រាបបានរថយន្តដឹកឈើប្រណិត៨គ្រឿង

ខេត្តក្រចេះ៖ រថយន្តដឹកឈើប្រណីតចំនួន៨គ្រឿងនៅក្នុងផ្ទះមេឈ្មួញដ៏ល្បីល្បាញម្នាក់ឈ្មោះ ជុំ វុទ្ឋី ហៅធីកាប៉ូ នៅក្នុងក្រុងក្រចេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ថ្មគ្រែបានធ្វើការឡោមពទ្ឋ័ឆែកឆេរនិងសម្របសម្រួលពីលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានរកឃើញនិងរឹបអូសរថយន្តដឹកឈើយកមករក្សារទុកចាត់ការបន្តតាមនិតិវិធី។

ប្រតិបត្តិការចុះបង្ក្រាបរឹបអូសបានរថយន្តដឹកឈើប្រណិតចំនួន៨គ្រឿងនេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង៥ ល្ងាច ថ្ងៃច័ន្ទ ត្រូវនិងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ-ខេត្តក្រចេះ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាមក៏បានដឹកនាំកម្លាំងចុះមកទីតាំងផ្ទះមេឈ្មួញខាងលើដែលមានរថយន្តដឹកឈើប្រណិតជាច្រើនគ្រឿងចូលទៅលាក់ទុកនៅក្នុងផ្ទះខាងលើនេះ។

ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ចាត់វិធានការចុះបង្ក្រាប និងរឹបអូសហើយប្រគល់ទៅឲ្យទៅសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ដើម្បីយកមករក្សាទុក។

សមត្ថកិច្ចបានលួចបង្ហើបថា លំនៅដ្ឋានខាងលើជាកម្មសិទ្ធិរបស់មេឈ្មួញដ៏ល្បីល្បាញម្នាក់ឈ្មោះ ជុំ វុទ្ឋី ហៅធីកាប៉ូ ដែលតែងតែធ្វើសកម្មភាពជាប្រចាំក្នុងការដឹកជញ្ជូនឈើខុសច្បាប់ ពីខេត្តស្ទឹងត្រែងឆ្ពោះចូលមកស្រុកស្នួល និងបន្តទៅប្រទេសវៀតណាមតាមច្រករបៀងមួយចំនួននៅក្នុងតំបន់នោះ។

ប្រភពបានបន្តថា រថយន្តដឹកឈើទាំង៨គ្រឿងនេាះបានដឹកឈើនាំចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅស្រុកស្នួលតែត្រូវខកខានទៅមិនដល់គោលដៅ ទើបគេចចូលលាក់ទុកក្នុងផ្ទះរបស់គេរង់ចាំឱកាសល្អបន្តនាំចេញឆ្ពោះទៅកាន់ប្រទេសវៀតណាម តែត្រូវបែកការណ៍ទើបកម្លាំងសមត្ថកិច្ចចម្រុះឆ្មក់ចូលទៅបង្ក្រាបរឹបអូសតែម្តង។

ប្រភពបានបន្តទៀតថា នេះមិនមែនជាលើកទីមួយនោះទេ ដែលកម្លាំងសមត្ថកិច្ច រួមនឹងស្ថាប័នអយ្យការ ដែលឡោមព័ទ្ធលំនៅដ្ឋានមេឈ្មួញខាងលើមួយនេះ ហើយរាល់ការបង្ក្រាបទាំងអស់ សមត្ថកិច្ចតែងរឹបអូសបានរថយន្តដឹកឈើជាបន្តបន្ទាប់ដែរ តែរហូតមកដល់ពេលនេះ មេឈ្មោះដ៏ល្បីម្នាក់នេះ នៅតែអាចធ្វើសកម្មភាពរកស៊ីដឹកជញ្ជូនឈើប្រណីតខុសច្បាប់ជាមួយនឹងក្រុមឈ្មួញវៀតណាមបានដដែលមិនខ្លាចរអាសមត្ថកិច្ចបន្តិចទាល់តែសោះ។

ហើយរថយន្តដឹកឈើទាំង៨គ្រឿងដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបានពេលនេះត្រូវរឹបអូសយកទៅរក្សាទុកនៅថ្នាលបណ្ដុះកូនឈើខ្សារបណ្តោះអាសន្នសិនរង់ចាំធ្វើការវាស់វែង និងចាត់វិធានការតាមច្បាប់ព្រៃឈើផងដែរ៕ ជាយដែន​

Loading...