ផ្លូវប្រមាណជិត២០កន្លែងបានរងការខូចខាតយ៉ាងធ្ងន់

ខេត្តកំពង់ចាម៖ ថ្មីៗនេះគេសង្កេតឃើញមានរថយន្តធុនធំៗ ជារថយន្តដឹកទំនិញផ្គត់ផ្គង់គ្រឿងសំណង់ ស៊ីម៉ង់ត៍ ដែក និងទំនិញផ្សេងៗទៀតហាក់បីដូចកក្រើកឡើងវិញ ដោយចូលចត និងផ្ទេរទំនិញយ៉ាងអាណាធិបតេយ្យនៅតាមដងផ្លូវមួយចំនួនក្នុងសង្កាត់ទាំង៤នៃក្រុងកំពង់ចាម ។

ការចូលចតនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដ៏សណ្តាប់ធ្នាប់សារធារណៈ បង្កគ្រោះថ្នាក់ ប៉ះពាល់ដ៏សុខភាពរស់នៅប្រចាំថ្ងៃ ជាពិសេសគឺថាផ្លូវប្រមាណជិត២០កន្លែងបានរងការខូចខាតយ៉ាងធ្ងន់ ហើយផ្លូវដែលរងការខូចខាតធ្ងន់ជាងគេ គឺផ្លូវក្រាលកៅស៊ូ១ខ្សែ ប្រវែងជាង១គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ។

ប្រជាពលរដ្ឋនៅទីនោះ ក៏បានលើកឡើងផងដែរថា នេះហើយជាលទ្ធផលចាក់ស្តើងស៊ីក្រាស់ ហើយផ្លូវក្រាលកៅស៊ូនេះ អន់ គ្មានគុណភាពមិនស្មើនឹងផ្លូវក្រាលគ្រួសក្រហមជនបទផង ។

ទាក់ទិននឹងបញ្ហាផ្លូវក្រាលកៅស៊ូ១ខ្សែប្រវែងជាង១គីឡូម៉ែត្រខាងលើនេះដែរ លោក សុខ ស្រ៊ុន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ចាមបានបញ្ជាក់ថា ផ្លូវនេះធ្វើឡើងដោយក្រុមហ៊ុន សានលេង បានធ្វើហើយរួចទៅបាត់ រួចផ្លូវក៏ចាប់ផ្តើមខូច ។

លោកបន្តថា ផ្លូវនេះមិនមែនជារបស់មន្ទីរសាធារណៈការទេ ។ បើចង់ដឹងច្បាស់អោយទៅសួរឈ្មោះ តាអោក ទៅបានដឹងច្បាស់គាត់នៅសាលាខេត្ត ។

សូមបញ្ជាក់ថា កន្លងមកសាលាក្រុងកំពង់ចាមបានបង្កើតគណៈកម្មការទប់ស្កាត់រថយន្តធំៗនេះមិនអោយចូលក្រុងនោះទេ គឺអនុញ្ញាតឲ្យតែទាំងរថយន្ត និងទំនិញមានទម្ងន់សរុប១៦តោនប៉ុណ្ណោះ ទើបអនុញ្ញាតអោយចូល បើលើសពី១៦តោន ត្រូវផ្ទេរទំនិញនៅក្រៅក្រុង ។ ការអនុវត្តន៍ការងារនេះពេលខ្លះហាក់បីដូចមិនសូវបានលទ្ធផលល្អនោះទេ ។

ដោយឡែក ពាក់ព័ន្ធនឹងករណីរថយន្តធន់ធំៗនេះដែរ កាលពីថ្ងៃទៅ២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងសាលប្រជុំសាលាខេត្តកំពង់ចាម គឺមានការៀបចំបង្កើតគណៈកម្មការត្រួតពិនិត្យយានយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេសផងដែរ ដែលដឹកនាំដោយលោក កែវ នាឫទ្ធ អភិបាលរងខេត្តកំពង់ចាមជាប្រធាន លោកប្រធាមនន្ទីសាធារណៈការដឹក ជញ្ចូនជាអនុប្រធានប្រចាំការ លោកស្នងការ មេបញ្ជាការ ស្ថានប័នតុលាការ រួមទាំងលោកអភិបាលស្រុកក្រុងទាំង១០ជាសមាជិកផងដែរ ដើម្បីចូលរួមទប់ស្កាត់រថយន្តកែឆ្នៃខុសបច្ចេកទេសនៅក្នុងខេត្តកំពង់ចាមឲ្យទទួលបានជោគជ័យ ៕

1493

Loading...

Leave a Reply

Your email address will not be published. Required fields are marked *