ផ្លូវលិចទឹកជាងមួយខែគ្មានឃើញម្ចាស់បុរីនិងអាជ្ញាធរចុះអើតឈ្ងោកនោះឡើយ

ភ្លំពេញ ៖លំនៅដ្ឋានប្រជាពលរដ្ឋនៅជិតវត្តតិក្ខបញ្ញោហៅគម្រោងឈូកវ៉ា២នៅក្នុងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរងការលិចលង់ប្រហែលជិត 1 ខែមកហើយមិនឃើញថៅកែផ្ទះល្វែងនិងអាជ្ញាធរដែនដីចុះមកដោះស្រាយបញ្ហាការលំបាករបស់ប្រជាពលរដ្ឋនោះម្ដងណាឡើយ។ទឹកហូរកាត់មុខផ្ទះជំរៅក្រោមក្បាលជង្គង់បណ្ដាលឱ្យមានស្លែកាន់ជាប់ថ្មផ្លូវហើយប្រសិនបើប្រជាពលរដ្ឋជិះម៉ូតូកាត់ជំរៅទឹកនោះមុខជារអិលដួលឈ្លក់ទឹកមិនខាន។

បើតាមពិនិត្យស្ថានភាពជាក់ស្ដែងគឺគេអាចដោះស្រាយបញ្ហាបានដោយងាយប៉ុន្តែទាំងម្ចាស់សំណង់និងអាជ្ញាធរដែនដីគ្មានចេតនាដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះឡើយ។ហេតុដូច្នេះហើយបានជាទាំងអាជ្ញាធរសង្កាត់សំរោងក្រោមដែលនៅក្បែរនោះក៏ដូចជាថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យជាពិសេសម្ចាស់សំណង់នេះតែម្ដងបណ្ដោយឲ្យទឹកលិចហូរកាត់ផ្លូវនិងលំនៅឋានរបស់ប្រជាពលរដ្ឋរាប់សប្តាហ៍យ៉ាងនេះ។

ម្ចាស់ផ្ទះដែលទើបតែទៅរស់នៅទីនោះត្រូវមានបាវខ្សាច់ដើម្បីទុកទប់ទឹកកុំឲ្យហូរចូលក្នុងផ្ទះ។បើមិនដូច្នោះទេរលកទឹកហូរនឹងជន់ចូលក្នុងផ្ទះជាមិនខានឡើយ។ការលំបាកបែបនេះម្ចាស់សំណង់មិនដែលបានទៅសួរនាំប្រជាពលរដ្ឋហើយក៏មិនដែលឃើញមុខអាជ្ញាធរខណ្ឌពោធិ៍សែនជ័យនិងសង្កាត់សំរោងក្រោមទៅសួរនាំអ្វីនោះដែរ។ប្រជាពលរដ្ឋត្រូវទ្រាំរស់ដោយចេញក៏លុយចូលក៏លុយ។ដោយសារភាពស្ងៀមស្ងាត់នេះហើយទើបជាពលរដ្ឋនៅទីនោះត្រូវទ្រាំរស់លុយទឹកទាំងផ្ទះថ្មីចែសអស់រយៈពេលជិតមួយខែទៅហើយ។

មេការនៅទីនោះអាងថាគេនឹងដោះស្រាយបញ្ហានេះដោយសហការជាមួយអាជ្ញាធរដែនដីមិនឲ្យបញ្ហាអូសបន្លាយទៀតនោះទេ។រយៈពេលជិត 1 ខែមកហើយទើបតែពេលនេះដែលគេឮមេការក្រុមហ៊ុនអះអាងអំពីការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

កាលពីព្រឹកថ្ងៃទី 30 ខែតុលាឆ្នាំ 2020 ក្រុមអ្នកកាសែតផ្សាយផ្ទាល់មានបំណងផ្សាយអំពីទិដ្ឋភាពទឹកលិចផ្លូវនៅតំបន់នោះប៉ុន្តែត្រូវអាក់ខានទៅវិញដោយសារមេការមិនអនុញ្ញាតនិងធានាដោះស្រាយបញ្ហា។យ៉ាងណាក៏ដោយវាហាក់ដូចជាបានអាប់មុខណាខ្លាំងទៅចំពោះម្ចាស់បុរីដែលប្រជាពលរដ្ឋមិនទាន់ទាំងបានចូលនៅគ្រប់ចំនួនលំនៅឋានផងនោះបែរជាទឹកលិចរាប់ខែគ្មានដំណោះស្រាយ។

ម្ចាស់បុរីឬម្ចាស់ក្រុមហ៊ុនសំណង់ខាងលើត្រូវគេអះអាងថាឈ្មោះឡុង។លោកឡុងមិនអាចទាក់ទងដើម្បីសុំការបំភ្លឺចំពោះករណីដែលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋឬសង់សំណង់របស់ខ្លួនដែលសង់ផ្ទះហើយទឹកជន់លិចផ្លូវរាប់ខែគ្មានដំណោះស្រាយ។

យ៉ាងណាក៏ដោយគេសង្ឃឹមថាអាជ្ញាធរខណ្ឌពោធិ៍សែនជ័យនឹងដោះស្រាយបញ្ហានេះហើយបើអាជ្ញាធរខណ្ឌដោះមិនចេញមានតែសាលារាជធានីភ្នំពេញតែប៉ុណ្ណោះទើបស្រាយកង្វល់របស់ប្រជាពលរដ្ឋនៅសហគមន៍នោះបាន។បើចាំលោកថៅកែឡុងដោះទំនងជាគ្មានផ្លូវទេ៕

 

 

Loading...