ផ្លូវលំជនបទ៨ខ្សែប្រវែងជាង ១២៧គីឡូម៉ែត្រនៅខេត្តបន្ទាយមានជ័យកំពុងធ្វើការ​ជួសជុលដោយក្រាលកៅស៊ូ

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានឱ្យដឹងថានៅឆ្នាំ២០១៧នេះ មានផ្លូវលំជន​បទ៨ខ្សែប្រវែងជាង ១២៧គីឡូម៉ែត្រដែលតភ្ជាប់តាមមូលដ្ឋាននានារបស់ខេត្តបាននិងកំពុងធ្វើការជួសជុលដោយក្រាលកៅស៊ូដើម្បីធានាបានដល់សុវត្ថិភាពក្នុងការធ្វើដំណើរដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ​ប្រើប្រាស់បានយូរអង្វែង។

​លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងនៅថ្ងៃទី​​២០ ខែកុម្ភៈឆ្នាំ២០១៧នេះថា ផ្លូវក្រាលកៅស៊ូទាំង ៨ខ្សែដែលកំពុងស្ថាបនាយ៉ាងមមាញឹកពីក្រុមជំនាញ​​​នេះមាននៅស្រុកមង្គលបូរី​ផ្លូវភ្ជាប់ពីផ្លូវជាតិលេខ៥ត្រង់ភ្នំតូចទៅភូមិ​តាសល់ឃុំភ្នំតូចប្រវែង១០គីឡូ​ម៉ែត្រនិង​​​​ពីភូមិព្រែកជីកឃុំបត់ត្រង់ទៅរង្វង់មូលភូមិឃុំរហាត់ទឹកប្រវែង៩គីឡូម៉ែត្រ។
ពីភូមិតាប៉ោឃុំ​បុស្បូវស្រុកព្រះនេត្រព្រះទៅភូមិខ្វាវឃុំស្រុកស្វាយចេកប្រវែង១០គីឡូម៉ែត្រ ,ចេញពីផ្លូវជាតិលេខ៦​ត្រង់សាលាក្រៅសង្កាត់ភ្នៀតក្រុងសិរីសោភ័ណទៅភូមិភាសត្បូងឃុំសារង្គស្រុកស្វាយចេកប្រវែង​១៧គីឡូម៉ែត្រ។ពីឃុំស្រុកថ្មពួកឆ្ពោះទៅភូមិភាសត្បូងឃុំសារង្គស្រុកស្វាយចេកប្រវែង២៧គីឡូម៉ែ​ត្រ​,ចេញពីផ្លូវជាតិលេខ៥ត្រង់ភូមិសាលាក្រហមទៅឃុំសំរោងប្រវែង៤គីឡូម៉ែត្រ។ចេញពីទីរួមស្រុក​ព្រះនេត្រព្រះទៅឃុំពន្លៃស្រុកភ្នំស្រុកប្រវែង២៧គីឡូម៉ែត្រនិង១ខ្សែទៀតពីទីរួមស្រុកភ្នំស្រុកទៅភូមិ​ធ្នង់​ឃុំណាំតៅប្រវែងជាង២៣គីឡូម៉ែត្រ។

​លោកបានឱ្យដឹងទៀតថានៅមានផ្លូវលំទៅកាន់ជនបទជាច្រើនខ្សែទៀតដែលស្ថិតក្នុងគម្រោង​របស់ក្រសួង មន្ទីរអភិវឌ្ឍន៍ជនបទហើយក្រុមការងារបាននិងកំពុងបន្តចុះស្រង់ខ្សែផ្លូវដើម្បីធ្វើបច្ចុប្បន្ន​​ភាពដើម្បីធ្វើការជួសជុលឱ្យបានទាន់ពេលវេលាឆ្លើយតបតាមសំណូមពរសេចក្តីត្រូវការចាំបាច់របស់​ប្រជាពលរដ្ឋយើង។

ឯកឧត្តមសួនបវរ​អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍បញ្ជាក់ថាដោយការខិត​ខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខនោះរហូតមកដល់បច្ចុប្បន្ននេះនៅទូទាំងខេត្តបន្ទាយមានជ័យមានផ្លូវគ្រប់ច្រកល្ហកតាមជនបទធ្វើឱ្យមាន ភាពល្អប្រសើរងាយ​ស្រួលក្នុងការធ្វើចរាចរពីទីប្រជុំជនទៅកាន់ទីជនបទភូមិឃុំទំនាក់ទំនងគ្នាបានគ្រប់រដូវកាលធ្វើចរាចរដឹកកសិផលមកកាន់ទីផ្សារក៏បានលឿនដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងកាន់ត្រូវបាន​ផ្លាស់ប្តូរលើកកកម្ពស់ជាលំដាប់។
ឯកឧត្តមក៏បានធ្វើការអំពាវនាវដល់ដៃគូពាក់ព័ន្ធទាំងអស់រួមជាមួយប្រជា​ពលរដ្ឋឱ្យបន្តចូលរួមគាំទ្រ​ដល់ការអភិវឌ្ឍផ្លូវថ្នល់ទៅកាន់ទីជនបទនេះឱ្យមានភាពល្អប្រសើរ
ថែមទៀត។
ឯកឧត្តមបន្តថាដោយមានការណែនាំពី ឯកឧត្តមឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ ក្នុងការជួយជុសជុលសម្រួលផ្លូវមួយចំនួនដែលលំបាកខ្លាំងក្នុងភូមិសាស្ត្រនានាក្នុងខេត្តដែលប្រជាពលរដ្ឋ បានសំណូមពរតាមវេទិកាសាធារណៈ និងតាមរយៈសារព័ត៌មាន សង្គមហ្វេសបុកនោះ ឯកឧត្តម រួមជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់បានសហការគ្នាធ្វើការជុសជុលសម្រួលឡើងវិញបានជាច្រើនខ្សែផងដែរ៕

Loading...