ខេត្តស្ទឹងត្រែង៖ គណៈកម្មាការចម្រុះខេត្តមួយ ត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតរកការពិត ក្រោយពេលភ្លើងបានឆេះផ្សារថ្មខេត្ត ដែលគេដឹងថា មានជាង១ពាន់តូបនោះ ធ្វើឲ្យអាជីវករលក់ដូរនៅក្នុងផ្សារនេះ មានការក្តៅក្រហាយយ៉ាងខ្លាំង ពីព្រោះសម្ភារៈលក់ដូរដែលមានតម្លៃច្រើនម៉ឺនដុល្លារ បានរងនូវការឆាបឆេះកំទេចក្លាយជាគំនរផេះ ធ្វើឲ្យពួកគេក្លាយជាអ្នកជំពាក់បំណុលធនាគារកើនឡើងទ្វេរដង ហើយបន្ទុកក្នុងការដោះបំណុលនេះ គឺបានធ្លាក់មកលើក្រុមអាជីរកររងគ្រោះ ពីការបាត់បង់ទ្រព្យសម្បត្តិនៅក្នុងផ្សារនោះ ។ ចំណែក សមត្ថកិច្ចខេត្ត នៅពុំមានហ៊ានអះអាងថា តើមូលហេតុដែលផ្តើមឲ្យកើតគ្រោះមហន្តរាយអគ្គីភ័យនេះ បណ្តាលមកពីអ្វីនោះទេ តែគេបានអះអាងថា គណៈកម្មាការចម្រុះខេត្ត កំពុងបន្តស៊ើបអង្កេតលើរឿងនោះហើយ។
ហេតុការណ៍ភ្លើងឆេះផ្សារថ្មស្ទឹងត្រែងនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៥នាទីយប់ ថ្ងៃ៧មេសាម្សិលមិញនេះ នៅចំកណ្តាលក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ហើយសម្ភារៈដែលរងការឆេះនោះ គ្មានម្ចាស់តូបណាម្នាក់ អាចជួយរំដោះចេញមកបាននោះឡើយ បើទោះបីជាមានការជួយធ្វើអន្តរាគមន៍ ពន្លត់ភ្លើងពីក្រុមសមត្ថកិច្ចខេត្ត យ៉ាងសស្រាក់សស្រាំយ៉ាងណាក្តី។
ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រីម៉ៅ តារា លោកបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃ៨មេសានេះថា ផ្សារថ្មខេត្តត្រូវបានគេសាងសង់ឡើង នៅក្នុងអំឡុងឆ្នាំ១៩៨៩បើគិតមកដល់ពេលនេះ គឺមានរយះពេលជិត៣០ឆ្នាំមកហើយ ផ្សារនេះមានទំហំផ្ទៃដីជិត១ហិចតា និងមានតូបសម្រាប់លក់ដូរ ចំនួន១ពាន់២២០តូប ។ចំណែក សម្ភារៈលក់ដូររបស់ក្រុមអាជីវករនៅក្នុងផ្សារនេះ នៅមិនទាន់ដឹងពីទំហំ នៃការខូចខាតនោះឡើយ។
លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានថ្លែងទៀតថា អ្នកឃើញហេតុការឆេះនេះបាននិយាយថា ពីដំបូងពួកគេបានឃើញភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ ចេញចំណុចកណ្តាលនៃទំហំផ្សារទាំងមូល ហើយស្នងការខេត្ត បានបញ្ចេញរថយន្តចំនួន៣គ្រឿង ដើម្បីធ្វើអន្តរាគមន៍ជួយពន្លត់ភ្លើងនេះ តែនៅពេលនោះភ្លើងបានឆេះពេញបន្ទុក កម្លាំងស្នងការមិនអាចទប់ទល់នឹងស្ថានការណ៍នេះបាន ក៏បានស្នើសុំរថយន្ត២គ្រឿងទៀត របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងរយន្តដឹកទឹករបស់ប្រជាពលរដ្ឋ៣គ្រឿង មកជួយបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះ ។លោកបានបញ្ជាក់ថា ក្នុងពេលនោះ លោកបានរាយការណ៍ជូនអគ្គស្នងការនគរបាលខេត្ត ជុំវិញហេតុការឆេះផ្សារថ្មស្ទឹងត្រែងនេះ ហើយអគ្គស្នងការ ក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គីភ័យខេត្តក្រចេះ និងខេត្តរតនៈគីរី ឡើងមកជួយពន្លត់ភ្លើងទាំងយប់នោះថែមទៀត ដើម្បីជួយបាញ់ទឹកទប់ស្កាត់មិនឲ្យឆាបឆេះ និងឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋ នៅជុំវិញផ្សារនោះ បានដោយជោគជ័យ ប៉ុន្តែ ផ្សារខេត្តស្ទឹងត្រែង មិនអាចជួយសង្គ្រោះពីអណ្តាតភ្លើងបាននោះឡើយ។
លោកស្នងការបានបញ្ជាក់ទៀតថា សម្ភារៈលក់ដូរនៅក្នុងផ្សារនេះ បានរងនូវការឆេះកំទេចទាំងអស់ សមត្ថកិច្ចបានព្យាយាមគាស់សោរផ្សារនោះចូលទៅដែរ គ្រាដែលសន្តិសុខផ្សារនេះ បានចាក់សោរហើយដើរចោល មិននៅប្រចាំការ។
លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជាក់ជាចុងក្រោយថា រហូតមកទល់នឹងពេលនេះ សមត្ថកិច្ចនៅមិនទាន់រកឃើញ ពីទំហំនៃការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិលក់ដូរ របស់ក្រុមអាជីវករលក់ដូរទាំងនោះទេ ហើយគណៈអភិបាលខេត្ត បានបង្កើតគណៈកម្មាចម្រុះមួយ ដើម្បីរកពីមូលហេតុ ដែលបណ្តាលឲ្យកើតគ្រោះអគ្គីភ័យនេះនោះហើយ ។ ចំណែក លទ្ធផលនៃការចុះស៊ើបអង្កេត របស់គណៈកម្មាការចម្រុះខេត្ត នឹងបង្ហាញឲ្យដឹងនៅពេលក្រោយ។ ក្រុមសមត្ថកិច្ច បានដាក់ការសង្ស័យថា អគ្គីភ័យនេះកើតឡើង ដោយសារឆ្លងចរន្តអគ្គិសនី ប៉ុន្តែ ក្រុមមន្ត្រីជំនាញអគ្គិសនី និងក្រុមអាជីវករ បាននិយាយថា មិនអាចបន្ទោសទៅលើការឆ្លងចរន្តអគ្គិសនីនោះទេ ព្រោះនៅពេលចេញទៅផ្ទះ ក្រុមអាជីវករបានបិទចរន្តភ្លើង នេះទាំងអស់នោះហើយ ។
ក្រុមអាជីវករផ្សារថ្មស្ទឹងត្រែង ពួកគេនៅរង់ចាំមើល នៅក្រោយការបង្កើតគណៈកម្មាការចម្រុះខេត្ត ដោយចង់ដឹងថា តើក្រោយការស៊ើបងង្កេត ជុំវិញការឆេះផ្សារនេះ គណៈកម្មាការរកឃើញពន្លឺអ្វីខ្លះ ជុំវិញការឆាបឆេះកំទេចផ្សារនេះ ឲ្យក្លាយជាគំនរផពនោះ ៕ បក្សីជាយដែន