ផ្អាកដំណើរការមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែជុំវិញនោះរហូតដល់ខែឧសភា បន្ទាប់ពីរយៈពេលចុងក្រោយនេះរកឃើញវិជ្ជមានកូវីដ-១៩ប្រមាណ១០០ករណី

ភ្នំពេញ៖ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​បានសម្រេច ​ផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខផ្សារដើមគចំនួនប្រមាណ១00នាក់វិជ្ជមានកូវីដ-១៩ ។

លោកឃួង ស្រេង ចៅហ្វាយក្រុងភ្នំពេញ នៅក្នុងសេចក្តីជូនដំណឹង​កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានអំពាវនាវ​បងប្អូនអាជីវករសន្តិសុខបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារដើរគ គិតចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ មកដែលមិនទាន់បានអញ្ជើញមកយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគ កូវីដ-១៩ជាបន្ទាន់ នៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ០២៩/២១ សជណ បានបញ្ជាក់ដូច្នេះថា៖ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនជាពិសេសអាជីវករទាំងអស់ឲ្យបានជ្រាបថា អាស្រ័យដោយស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៖ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខផ្សារដើមគចំនួនប្រមាណ១00នាក់បានឆ្លងវីរុសកូវីដ-១៩ «ក្នុងព្រឹត្តិការណ៍សហំគមន៍២០ កុម្ភៈ ២០២១» ដែលស្ថានភាពនេះបានឆ្លងរាលដាលយ៉ាងឆាប់រហ័សគួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់ ។

ចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញសូមផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកងសម្រាប់រយៈពេលពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ ។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនអាជីវករសន្តិសុខបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារដើរគ គិតចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ មកដែលមិនទាន់បានអញ្ជើញមកយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគ កូវីដ-១៩ជាបន្ទាន់ នៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត ៕ ថាច់ យ៉ាត

Loading...