ផ្អើល! បញ្ចប់តំណែងអធិការរងស្រុកភ្នំស្រួច ខណៈស្នងការខេត្តកំពង់ស្ពឺនិងមន្ត្រី ២រូបទៀត ត្រូវបានថ្នាក់លើព្រមាន

ខេត្តកំពង់ស្ពឺ ៖ ស្របពេលជាមួយគ្នានេះដែរ ក៏មានប្រភពខ្លះបានបញ្ជាក់ថា លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ រួមជាមួយនឹងមន្ត្រីពីររូបទៀត ត្រូវបានព្រមានពីថ្នាក់លើ សង្ស័យជាប់ពាក់ព័ន្ធទៅនឹងកំហុសឆ្លង ក្នុងការងារ និងការប្រព្រឹត្តអំពើមិនគប្បីណាមួយ។

នាយនគរបាល ក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន ៤រូបបក្នុងនោះមានអធិការរងស្រុកភ្នំស្រួច មួយរូបត្រូវបានបញ្ចប់មុខតំណែង ។ ដោយឡែកលោកស្នងការ និងមន្ត្រីចំនួនពីររូបទៀតត្រូវបានព្រមានជាលាយលក្ខណ៍អក្សរ ។

លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា  អធិការរងស្រុកភ្នំស្រួច លោក អ៊ីង ឡាយឆាយ ត្រូវបានបញ្ចប់តំណែង និងបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ ដោយសារតែបុគ្គលនេះរំលោភលំនៅដ្ឋាន និងបង្ខាំងដោយខុសច្បាប់ ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់អ្នកកាសែតថា  មូលហេតុដែលនាំឲ្យមានការបញ្ចប់តំណែងឬដកបញ្ឈរជើងនេះ ដោយសារតែមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ រំលោភលំនៅដ្ឋានមានស្ថានទម្ងន់ ចាប់ឃុំឃាំង និងបង្ឃាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ និងបទគំរាមកំហែង។

លោក វ៊ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាក់អ្នកកាសែតផងដែរថា  ការអនុវត្តច្បាប់ទៅលើអធិការរងស្រុកភ្នំស្រួច នោះជាលក្ខខណ្ឌមន្ត្រីនគរបាលជាតិ ដែលបុគ្គលនេះកន្លងទៅមិនស្ដាប់ការណែនាំ និងមានកំហុសធ្ងន់ធ្ងរ ទើបត្រូវទទួលវិន័យបែបនេះក្នុងជួរកងកម្លាំង។

បើយោងតាមលិខិតរបស់លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានជម្រាបជូននាយឧត្តមសេនីយ៍បសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា  កន្លងមកក្រសួងមហាផ្ទៃបាន ទទួលពាក្យបណ្ដឹងចោទប្រកាន់លោកអធិការងអ៊ឹង ឡាយឆាយ អធិការរងស្រុកភ្នំស្រួចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ នៅក្នុងលិខិតដដែលនេះបានបញ្ជាក់ថា បន្ទាប់ពីបានចាត់មន្ត្រីនគរបាល ជំនាញចុះអង្កេតស្រាវជ្រាវរួចមក ក្រសួងមហាផ្ទៃសម្រេចប្រគល់ភារកិច្ចជូនអគ្គស្នងការ នគរបាលជាតិ ដោយអនុវត្តវិន័យ ទៅលើលោក អ៊ីង ឡាយឆាយ អធិការរងនគរបាលស្រុកភ្នំស្រួចបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ។

ដោយឡែកលោកវរសេនីយ៍ទោ ទឹម ឡេង នាយការិយាល័យប្រឆាំងគ្រឿងញៀន លោកវីរៈសេនីយ៍ឯក គឹមសារឿន អនុប្រធានផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវអប់រំព្រមានជាលាយលក្ខណ៍អក្សរ។

ក្នុងករណីនេះលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានអះអាងប្រាប់អ្នកកាសែតថា គាត់មិនទាន់បានទទួលនូវលិខិត អំពីការព្រមានជាលាយលក្ខណ៍អក្សរនោះ និងការបណ្ដេញចេញពីក្របខណ្ឌនគរបាល ជាតិនៅឡើយទេ។

សូមបញ្ជាក់ផងដែរថា  ការអនុវត្តវិធីនេះគឺបន្ទាប់ពីក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងចំនួនពីរ ពីប្រជាពលរដ្ឋដោយបានចង់ប្រកាន់ទៅលើអធិការរងស្រុកភ្នំស្រួច។

ក្នុងនោះលោកអធិការរងដែលត្រូវបានបញ្ចប់តំណែង គាត់ធ្លាប់ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារបណ្ដោះអាសន្នពាក់ព័ន្ធទៅ នឹងបណ្ដឹងរបស់ប្រជាពលរដ្ឋចោទប្រកាន់ ក្នុងករណីបង្ក្រាបក្លឹបកំសាន្តគីរីរម្យ ជាមួយគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ។ នេះបើយោងតាមប្រកាសលេខ៦៤១០ ប្រកចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់សម្ដេចក្រឡាហោម ស ខេង កន្លងទៅ។ គេកំពុងតែតាមដានថា បន្ទាប់ពីថ្នាក់លើព្រមានលោកស្នងការ និងនាយនគរបាល២រូបទៀតនោះ តើឈានដល់ការដកតំណែងដែរឬយ៉ាងណា សម្រាប់ការងារបន្ទាប់៕

 

Loading...