ពពួកសត្វព្រៃជាច្រើនប្រភេទ ឈ្មួញនៅតែបន្តដាក់លក់ នៅផ្សារខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ សាច់សត្វព្រៃជាច្រើនប្រភេទ ជាពិសេស សត្វព្រៃប្រភេទកម្រ ត្រូវគេកត់សំគាល់ឃើញថា ព្រានព្រៃនៅតែបរបាញ់នាំយកមកលក់ឲ្យឈ្មួញកណ្តាលធំៗ មានលុយនៅខេត្តស្ទឹងត្រែង ហើយសាច់សត្វព្រៃទាំងនោះ តែបានរងនូវការបង្ក្រាបជាញឹកញាប់ ពីកម្លាំងអង្គការសម្ព័ន្ធមិត្រសត្វព្រៃ ដោយសហការជាមួយរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នៅក្នុងការលបឆ្មក់ចុះបង្ក្រាបសត្វព្រៃ ពីក្រុមបង្ក្រាបសត្វព្រៃចល័តម្តងៗ ត្រូវប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការមួយចំនួន បានកោតសរសើរ និងត្រេកអរ ។ ប៉ុន្តែ ពួកគាត់បានលើកឡើងថា ការបង្ក្រាបជំនួញសត្វព្រៃនោះ សមត្ថកិច្ចមិនបានឃាត់ខ្លួនមេឈ្មួញទាំងនោះ ប្រគល់ទៅឲ្យតុលាការអនុវត្តទៅតាមច្បាប់នោះទេ ។

ដើម្បីបញ្ជៀសបានពីការរិះគន់នោះ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នេះ ក្រុមបង្ក្រាបសត្វព្រៃចល័តបានចុះឆ្មក់បង្ក្រាបសត្វព្រៃបានប្រមាណជា៩ប្រភេទ ព្រមទាំងបានឃាត់ខ្លួនស្ត្រីមេឈ្មួញម្នាក់ មកធ្វើការផាកពិន័យអន្តរការ នូវទឹកបា្រក់ប្រមាណជា៩០ម៉ឺនរៀលបង់ចូលរដ្ឋ រួចបានសំរេចដោះលែងស្ត្រីនោះ ឲ្យមានសេរីភាពឡើងវិញ ។

មន្ត្រីអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត បានបា្រប់ឲ្យដឹងថា ស្ត្រីមេឈ្មួញដែលរងការឃាត់ខ្លួននោះមានឈ្មោះ គុជ កញ្ញា អាយុ២៧ឆ្នាំ រស់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានចាប់ខ្លួនស្ត្រីនេះបាន គ្រាដែលស្ត្រីនោះបាន និងកំពុងដាក់សាច់សត្វព្រៃលក់ នៅក្នុងផ្សារខេត្តស្ទឹងត្រែង។ ក្រោយការឃាត់ខ្លួនមេឈ្មួញនោះរួច សមត្ថកិច្ចបានធ្វើការដកហូតបានសាច់សត្វព្រៃស្រស់ សាច់សត្វព្រៃក្រៀម និងសត្វរស់ចំនួន១០ប្រភេទ រួមមាន សាច់ប្រម៉ាស្រស់១គីឡូក្រាម៥០ខាំ សាច់ជ្រូកព្រៃស្រស់៧គីឡូ ក្រាម ក្រពះប្រម៉ាគ្រៀមចំនួន១ សាច់ឈ្លូសស្រស់៧គីឡូក្រាម សាច់ជ្រូកព្រៃស្រស់១៧គីឡូក្រាម សាច់ប្រម៉ាស្រស់២គីឡូក្រាម សាច់ប្រើសស្រស់១២គីឡូក្រាម៥០ខាំ សត្វអន្សងរស់១ក្បាល មានទម្ងន់៦គីឡូក្រាម៥០ខាំ សត្វត្រកួតរស់៣ក្បាល មានទម្ងន់៣គីឡូក្រាម៥០ខាំ សត្វអណ្តើកសោមឈ្មោលរស់ ចំនួន៣ក្បាលមានទម្ងន់២,៨០គីឡូក្រាម អណ្តើកស្រែរស់១ក្បាលទម្ងន់០,៧០គីឡូក្រាម និងសត្វរញីក្រៀម៣ក្បាលទៀតផងដែរ ។

ក្រោយការបង្ក្រាប និងឃាឆត់ខ្លួនស្ត្រីសង្ស័យមេឈ្មួញនោះរួចមក សមត្ថកិច្ចបានបញ្ជូនស្ត្រីសង្ស័យ រួមជាមួយវត្ថុតាងបទល្មើស មកកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ចាត់ការតាមច្បាប់។
មន្ត្រីព្រៃឈើខេត្តបានប្រាប់ឲ្យដឹងថា សាច់សត្វព្រៃរស់ និងក្រៀម សរុបទាំងអស់មានទម្ងន់៦០គីឡូក្រាម និង២០ខាំ សាច់សត្វទាំងនោះត្រូវបានជីករណ្តៅដីកប់ចោល នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ឯសត្វព្រៃរស់ ត្រូវបាននាំយកទៅព្រលែង នៅក្នុងព្រៃធម្មជាតិ។ ចំណែក ស្ត្រីសង្ស័យមេឈ្មួញ ត្រូវបានអនុវត្តទៅតាមច្បាប់ ស្តីពី ព្រៃឈើ ដោយបានផាកពិន័យអន្តរការ ១គុណនឹង៣ដង ទៅតាមតម្លៃនៅលើទីផ្សារ ហើយចុងក្រោយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ទទួលបានប្រាកផាកពិន័យចំនួន៩៦ម៉ឺនរៀល សម្រាប់បង់ចំណូលចូលរដ្ឋ។
ស្ត្រីមេឈ្មួញត្រូវបានដោះលែងទៅវិញ ក្រោមការធ្វើកិច្ចសន្យាបញ្ឈប់ការលក់ទិញសត្វព្រៃនោះតទៀត ប្រសិនបើនៅតែមិនរៀងចាលទៀត សមត្ថកិច្ចនឹងឈប់លើកលែងឲ្យទៀតហើយ ប្រសិនបើស្ត្រីនេះនៅតែប្រព្រឹត្តការជួញសត្វព្រៃនោះទៀត៕

Loading...