ពលករខ្មែរត្រឡប់ទៅធ្វើការនៅថៃតាមច្រកប៉ោយប៉ែតក្រោយបុណ្យភ្ជុំបិណ្ឌតិចជាងឆ្នាំមុន

ខេត្តប៉ោយប៉ែត៖ពលករខ្មែរដែលត្រឡប់ទៅធ្វើការងារនៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌមានចំនួនតិចជាងឆ្នាំមុនៗ។ មន្ត្រីទំនាក់ទំនងកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនប៉ោយប៉ែត បញ្ជាក់ថា ការថយចុះនេះដោយសារសមត្ថកិច្ចថៃ រឹតបន្តឹងទៅលើពលករដែលប្រើប័ណ្ណការងារពណ៌ស៊ីជម្ពូចេញចូលច្រើន ពេក។
អ្នករត់តាក់ស៊ីពីទីរួមខេត្តបាត់ដំបង ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខកបំណងក្នុងការរកប្រាក់ចំណូលពីរបរដឹកជញ្ជូនអ្នកដំណើរត្រឡប់ទៅ ធ្វើការងារនៅប្រទេសថៃ វិញ។
អ្នករត់តាក់ស៊ីម្នាក់ គឺលោក ប៊ុន សេន ថ្លែងនៅថ្ងៃទី១៤ តុលា ថា របររត់តាក់ស៊ីដឹកអ្នកដំណើរក្រោយបុណ្យភ្ជុំបិណ្ឌមានការថយចុះជា ខ្លាំង គឺប្រមាណ ៥០ភាគរយ បើធៀបនឹងឆ្នាំមុនៗ។ លោកអះអាងថា កាលពីឆ្នាំកន្លងទៅ លោកអាចដឹកអ្នកដំណើរប្រមាណពីពីរទៅបីជើងក្នុងមួយថ្ងៃ ប៉ុន្តែឆ្នាំនេះ ដឹកបានតែមួយជើងក្នុងថ្ងៃប៉ុណ្ណោះ។ លោកបន្តថា ការថយចុះអ្នកដំណើរនេះ ដោយសារពលករខ្មែរមួយចំនួនធ្វើដំណើរទៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ច្រើនជាងឆ្នាំមុនៗ៖ «អ្នកធ្វើដំណើរតាមរថយន្តរបស់ខ្ញុំ ភាគច្រើនពួកគាត់និយាយថា ត្រឡប់ទៅធ្វើការប្រទេសថៃ វិញតាមច្រកដូង ខេត្តបាត់ដំបង ព្រោះច្រកនេះងាយស្រួលចេញចូលជាងច្រកប៉ោយប៉ែត»។
ទាក់ទងនឹងបញ្ហានេះដែរ ប្រធានក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក សៅ វាសនា មានប្រសាសន៍ថា ពលករដែលត្រឡប់ទៅធ្វើការនៅប្រទេសថៃ ដែលប្រើប័ណ្ណការងារពណ៌ស៊ីជម្ពូ ធ្វើដំណើរឆ្លងដែនតាមច្រកប៉ោយប៉ែត មានចំនួនតិចជាងឆ្នាំមុនៗ។ ប័ណ្ណពណ៌ស៊ីជម្ពូ គឺជាប័ណ្ណការងារ ដែលពលករប្រើប្រាស់ធ្វើការក្នុងខេត្តដែលខ្លួនរស់នៅក្នុងប្រទេសថៃ ហើយមានសុពលភាពប្រមាណមួយឆ្នាំ។
លោក សៅ វាសនា បញ្ជាក់ថា មូលហេតុដែលពលករធ្វើដំណើរថយចុះនេះ ដោយសារសមត្ថកិច្ចថៃ រឹតបន្តឹងទៅលើពលករដែលពុំមានលិខិតឆ្លងដែនចូលតាមច្រកនេះ ត្រឹមត្រូវ។ ទោះយ៉ាងនេះក្តី លោកអះអាងថា ពលករដែលប្រើប្រាស់លិខិតឆ្លងដែនស្របច្បាប់ក្នុងការធ្វើដំណើរ ហាក់ពុំមានការថយចុះនោះទេ៖ «ព្រោះពលករដែលទៅធ្វើការប្រទេសថៃ ដោយប្រើប័ណ្ណពណ៌ស៊ីជម្ពូ ភាគច្រើននាំគ្នាចេញតាមច្រកដូង ខេត្តបាត់ដំបង ជំនួសវិញ»។
ចំណែកឯមេបញ្ជាការប៉ូលិសការពារព្រំដែនវរៈលេខ៩១១ ប្រចាំការជាយដែនខេត្តបន្ទាយមានជ័យ លោក សូរ ចាន់ណារី មានប្រសាសន៍ថា ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ គឺពុំមានពលករដែលឆ្លងដែនទៅធ្វើការងារខុសច្បាប់នៅប្រទេសថៃ តាមច្រករបៀងជាយដែនស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត នោះទេ៖ «ចាប់ តាំងពីរដ្ឋាភិបាលប្រកាសឲ្យប្រជាពលរដ្ឋធ្វើលិខិតឆ្លងដែន ទៅធ្វើការក្រៅប្រទេសស្របច្បាប់មក គឺពលករទៅធ្វើការខុសច្បាប់ បានថយចុះជាបន្តបន្ទាប់តែម្ដង»។
ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ពលករខ្មែរដែលវិលត្រឡប់ទៅធ្វើការងារនៅប្រទេសថៃ ដោយខុសច្បាប់ កើតមានច្រើននៅខេត្តបន្ទាយមានជ័យ។ លោកថា ការធ្វើដំណើររបស់ពលករបែបនេះ ប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដែលមន្ត្រីពាក់ព័ន្ធត្រូវមានវិធានការទប់ស្កាត់ និងសម្រួលឲ្យប្រជាពលរដ្ឋទៅធ្វើការងារដោយស្របច្បាប់វិញ៖ «ព្រោះ អីនៅក្រោយបុណ្យភ្ជុំនេះ ពលករជាច្រើននាក់នៅតែនាំគ្នាឆ្លងទឹកឆ្លងអូរ ដើម្បីទៅធ្វើការនៅប្រទេសថៃ ទាំងប្រថុយប្រថានដដែល»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារ អន្តរជាតិប៉ោយប៉ែត គឺលោក ស៊ឹម សំអាត ដើម្បីបញ្ជាក់អំពីចំនួនពលករដែលទៅធ្វើការស្របច្បាប់នៅប្រទេសថៃ តាមច្រកប៉ោយប៉ែត បានទេនៅថ្ងៃទី១៤ តុលា។ ប៉ុន្តែ លោកអះអាងកាលពីមុនបុណ្យភ្ជុំបិណ្ឌថា ចំនួនពលករដែលចូលតាមច្រកប៉ោយប៉ែត នេះបានថយចុះប្រមាណ ៣០០នាក់ក្នុងមួយថ្ងៃ៕

image5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *