ពលករខ្មែររងគ្រោះមុតបន្លាលួសរបួសជើងពេលឆ្លងដែនពីខ្មែរទៅថៃ

ប៉ោយប៉ែត៖ នាល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ក្នុងទឹកដីថៃ មានពលករខ្មែរ ២នាក់ បានឆ្លងដែនពីទឹកដីថៃមកកម្ពុជា ត្រង់ចំនុចទល់មុខទឹកដីខ្មែរមាត់អូរព្រំដែន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​ដល់ចំណុចកើតហេតុបានជួបប្រទះជាមួយទាហានឈុតខ្មៅថៃហើយព្យាយាមរត់គេចពីការចាប់ខ្លួនរបស់ទាហានថៃពេលនោះទាហានថៃឈុតខ្មៅបានបាញ់ឡើងលើ ធ្វើឲ្យពលករខ្មែរភ័យហើយរត់ទៅទាក់ជាមួយបន្លាលួសរបស់ថៃបណ្ដាលឱ្យរបួសជើងខាងឆ្វេង។ជនរងគ្រោះត្រូវបានទាហានឈុតខ្មៅថៃបញ្ជូនទៅព្យាបាលនៅពេទ្យអារញ្ញខេត្តស្រះកែវ ប្រទេសថៃ។

ក្រោយពីកើតហេតុថៃបានរកឃើញពលករខ្មែរដែលឆ្លងដែនខុសច្បាប់ចំនួន១៦ នាក់បន្ថែមទៀត។

ក្នុងចំណោមពលករទាំង ១៦នាក់ដែលភាគីថៃឃាត់ខ្លួនបញ្ជូនមកឲ្យភាគីកម្ពុជាមានម្នាក់ជាមេខ្យល់ ឈ្មោះ ឃាន ភៀន ហៅអ៊ូខុង ប្រុសអាយុ៣០ ឆ្នាំរស់នៅភូមិក្តីស្វិត ឃុំស្រែស្តុក ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ ។​ពេលនេះលោកឧត្តមសេនីយ៍ទោឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១បន្ទាយមានជ័យសាកសួរមេខ្យល់រូបនេះនៅច្រកអូបីជាន់ រួចបញ្ជូនឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ហើយពលករទាំង ១៦នាក់ នឹងរៀបចំបញ្ជូនមកធ្វើចត្តាឡីស័កនៅស្រុកអូរជ្រៅ ។

នៅក្នុងរាត្រីនេះដែរកំលាំងទាហានតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានឃាត់ខ្លួនពលករខ្មែរដែលចាញ់បោកមេខ្យល់នាំឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ចំនួន២៤នាក់ នៅចំណុចខាងកើតច្រកបឹងត្រកួន ហើយបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កនៅស្រុកថ្មពួក នឹងកំលាំងទាហានតំបន់អភិវឌ្ឍន៍ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសថៃចំនួន ២៦នាក់ ហើយអ្នក ទាំងនេះត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅស្រុកស្វាយចេក ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានធ្វើអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សូមមេត្តាកុំចាញ់បោកមេខ្យល់ដោយធានានាំឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់ក្នុងដំណាក់កាលនេះខណៈដែលប្រទេសថៃនឹងប្រទេសកម្ពុជាកំពុងតែរឹតបន្តឹងច្រកព្រំដែនមិនឱ្យប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ចូលទឹកដីថៃទេក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនូវរលកទីពីរនៃជំងឺកូវីត-១៩ ៕

 

Loading...