ពលករខ្មែរ១៣នាក់ដែលចាញ់បោកមេខ្យល់ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជា

ខេត្តបន្ទាយមានជ័យ ៖ពលករខ្មែរចំនួន ១៣នាក់ ដែលចាញ់បោកមេខ្យល់នាំទៅធ្វើការងារនៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជា វិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១១ សីហា បន្ទាប់ពីពួកគេជាប់ពន្ធនាគារនៅទីនោះអស់ជាង ២ខែ។

ពលករដែលចាញ់បោកមេខ្យល់ទាំង ១៣នាក់ អំពាវនាវឲ្យសមត្ថកិច្ចប៉ូលិសនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធ ចាប់មេខ្យល់ផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានឆាប់ និងសំណូមពរដល់ប្រជាពលរដ្ឋ កុំឲ្យទៅធ្វើការងារនៅក្រៅប្រទេសតាមរយៈមេខ្យល់ដោយខុសច្បាប់ទៀត។

ប្រជាពលរដ្ឋមួយចំនួនដែលទើបវិលត្រឡប់ពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្លែងនៅថ្ងៃទី១២ សីហា ថា ដោយសារជីវភាពក្រីក្រ និងគ្មានការងារធ្វើនៅក្នុងស្រុក ក៏បានសម្រេចចិត្តទៅស្វែងរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ក្នុងភូមិម្នាក់ឈ្មោះ អ្នកស្រី ចិក សឿន អាយុ ៣៦ឆ្នាំ រស់នៅភូមិដូនទ្រ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដោយក្នុងតម្លៃ ២.៥០០បាត ឬប្រមាណជិត ៣០ម៉ឺនរៀលក្នុងម្នាក់។ មេខ្យល់សន្យាប្រាប់ពួកគាត់ថា ទៅធ្វើការជាកម្មកររោងចក្រនំប៉័ងនៅទីក្រុងបាងកក ប្រទេសថៃ។

ពួកគាត់អះអាងថា នៅពេលទៅដល់ប្រទេសថៃ នោះ មេខ្យល់បាននាំពួកគាត់ទាំង ១៣នាក់លក់ឲ្យថៅកែជនជាតិថៃ ធ្វើជាកម្មករសំណង់ក្នុងតម្លៃ ៥.៣០០បាត ឬប្រមាណ ៧០ម៉ឺនរៀលក្នុងម្នាក់។ ពួកគាត់បញ្ជាក់ថា នៅពេលធ្វើការនៅខេត្តនន់បុរី ក្បែរទីក្រុងបាងកក ប្រមាណ ២ថ្ងៃ ក៏ត្រូវតម្រួតថៃ ចាប់ដាក់ពន្ធនាគារអស់រយៈពេល ២ខែកន្លះ។ ពលករបញ្ជាក់ថា ពួកគាត់នៅក្នុងពន្ធនាគារយ៉ាងលំបាកលំបិនបំផុត ចំណែកឯមេខ្យល់បានរត់គេចខ្លួនបាត់៖ «នៅក្នុងគុកអ្នកជាប់គុកមុនៗ គេវាយធ្វើបាបខ្ញុំ គេចាប់ឲ្យខ្ញុំវាយគ្នាឯង បើខ្ញុំមិនវាយទេ គេនឹងធ្វើបាបខ្ញុំ រហូតដល់ខ្ញុំសន្លប់ពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ និងធ្វើទារុណកម្មឲ្យខ្ញុំជក់បារីជាដើម។ គេវាយកូនខ្ញុំសន្លប់ ៤ ទៅ ៥ដងក្នុងមួយថ្ងៃ រហូតហើមពេញខ្លួនអស់ ខ្ញុំមិនដឹងសុខភាពកូនទៅជាយ៉ាងណានោះទេ»។

ទាក់ទងនឹងបញ្ហានេះដែរ នាយនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក ស៊ឹម សំអាត មានប្រសាសន៍ថា ពលករខ្មែរទាំង ១៣នាក់ដែលថៃ ចាប់ខ្លួននោះ រស់នៅខេត្តសៀមរាប ក្នុងនោះពលករស្រីចំនួន ៧នាក់ និងប្រុស ៦នាក់ ត្រូវបានតម្រួតថៃ ចាប់បញ្ជូនមកកម្ពុជា វិញកាលពីរសៀលថ្ងៃទី១១ សីហា៖ «មេខ្យល់យកទៅលក់ឲ្យថៅកែថៃ ម្នាក់មួយម៉ឺនបាត (ប្រមាណជិត ៣០០ដុល្លារអាមេរិក) ហើយគាត់ធ្វើការមិនបានប៉ុន្មានផង ក៏ខាងប៉ូលិសអន្តោប្រវេសន៍ថៃ គេចុះធ្វើរដ្ឋបាលឃើញពួកគាត់អត់មានច្បាប់ទម្លាប់អីក្នុងខ្លួន ក៏ចាប់ពួកគាត់ដាក់ពន្ធនាគារទៅ»។

ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ប្រជាពលរដ្ឋធ្វើចំណាកស្រុកទាំងប្រថុយប្រថាននេះ ដោយសារពួកគាត់ពុំមានការងារធ្វើនៅក្នុងស្រុក និងគ្មានជម្រើស ទើបសម្រេចចិត្តទៅធ្វើការនៅក្រៅប្រទេស ដែលប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។ លោកបញ្ជាក់ថា ប្រសិនបើសមត្ថកិច្ចប្រចាំការតាមច្រកព្រំដែន រឹតបន្តឹងការអនុវត្តច្បាប់បានល្អ បញ្ហានេះនឹងមិនកើតមានឡើយ៖ «បញ្ហានេះពុំមានអីពិបាកនោះទេ ឲ្យតែខាងក្រសួងមហាផ្ទៃ ដាក់បទបញ្ជាតឹងរ៉ឹង គឺឲ្យតែជនណាប្រព្រឹត្តបទល្មើស នាំពលករទៅធ្វើការក្រៅប្រទេសខុសច្បាប់ និងផ្ដន្ទាទោសតាមផ្លូវច្បាប់ ព្រោះមន្ត្រីតាមច្រកនីមួយៗបានស្គាល់ច្បាស់ហើយថា អ្នកណាជាមេខ្យល់នោះ»។

ទោះយ៉ាងណា ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន និងអង្គការសង្គមស៊ីវិល ដើម្បីឲ្យចាប់មេខ្យល់ដែលនាំពួកគាត់ទៅប្រទេសថៃ ផ្ដន្ទាទោសតាមផ្លូវច្បាប់។

របាយការណ៍របស់ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឲ្យដឹងថា សមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខ្មែរមកកម្ពុជា ប្រមាណពី ២០០នាក់ ទៅ ៣០០នាក់ក្នុងមួយថ្ងៃ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *