ពលករទាំងក្រុមឆ្លងដែនចូលស្រុកថៃដូចហែកឋិន

ខេត្តបន្ទាយមានជ័យ ៖ ពលករចំណាកស្រុក កំពុងសម្រុកឆ្លងដែនដោយខុសច្បាប់ ទៅមកដីថៃដូចហែកឋិន តាមច្រករបៀង ក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ជាប់ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ នៅមាត់ច្រករបៀងខាងលើ គេមិនឃើញមានសមត្ថកិច្ចណាម្នាក់នៅទីនោះទេ ប៉ុន្តែប្រភពប្រាប់ថា ចំណុចនោះគ្រប់គ្រងដោយយោធាសឹករងស្រុកម៉ាឡៃ ។ ពលករបានដើរកាត់ចម្ការពោត និងដំឡូង មុនឆ្លងអូរព្រំដែន ។ ចំណែកអីវ៉ាន់ផ្សេងៗ គឺក្រុមពលករជួលអ្នកស្រុកលីសែងឆ្លងអូរ ព្រោះអូរព្រំដែននៅទីនោះ មានជម្រៅជ្រៅពិបាកឆ្លង ។
ថ្វីដ្បិតតែ គេមិនឃើញមានសមត្ថកិច្ចនៅមាត់អូរព្រំដែន តែក្រុមពលករនិយាយថា ពួកគាត់អស់ប្រាក់ម្នាក់៣០០បាត ទើបអាចឆ្លងដែនបាន គឺបង់ឱ្យសមត្ថកិច្ចដែលស្ទាក់យកប្រាក់នៅកណ្តាលភូមិ ។ ក្រុមពលករនិយាយថា បើនៅឯស្រុក គឺពួកគាត់គ្មានការងារធ្វើទេ ដូច្នេះហើយមានតែបង្ខំចិត្តទៅរកការងារធ្វើនៅថៃ ម្យ៉ាងឆ្នាំនេះធ្វើស្រែមិនសូវបានផលទៀត ។
ភាគច្រើននៃពលករ ទាំងនេះបាននិយាយថា ខ្លួនឆ្លងដែននេះ គឺដើម្បីទៅស៊ីឈ្នួលកាប់អំពៅ ដកដំឡូង និងជម្រះស្មៅចម្ការ ឱ្យជនជាតិថៃ តែពលករខ្លះគេសង្ស័យថា អាចចូលទៅដល់បណ្តាខេត្តនានា ឬដល់ក្រុងបាងកកទៀតផង ព្រោះពួកគេធ្លាប់ទៅមកច្រើនដងហើយ ។
រថយន្តដឹកជញ្ជូនប្រភេទទួ រីស១២កៅអី បានដឹកពលករមកដាក់ត្រឹមកណ្តាលភូមិ ។ រីឯរថយន្តកាមរី គេជូនពលករមកជិតដល់មាត់អូរព្រំដែន ព្រោះនៅទីនោះអ្នកបើកបរគិតថា មានសន្តិសុខល្អ ។ ទោះជាយ៉ាងណា ករណីខាងលើកោះសន្តិភាពមិនអាចទាក់ទងសុំការបំភ្លឺពីក្រុមយោធាសឹក រកស្រុកម៉ាឡៃ ដែលប្រចាំការនៅបន្ទាត់ព្រំដែននៅភូមិកើតហេតុបានទេ ព្រោះពុំស្គាល់លេខទូរស័ព្ទ ។
ពលករចំណាកស្រុកនៅតែចាញ់បោកគេ
ពលករ ខុសច្បាប់ប្រុសស្រីចំនួន១៨នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់តាមដងផ្លូវ ខណៈកំពុងធ្វើដំណើរវិលត្រទ្បប់មកស្រុកកំណើត ដោយបញ្ជូនតាមរថយន្តទ្រុងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយអះអាងថា ពួកគេម្នាក់ៗចំណាយអស់ប្រាក់ជាង២.០០០បាត តែអ្នកទទួលប្រាក់មិនទទួលខុសត្រូវធ្វើឱ្យពួកគាត់ក្លាយជាជនរង គ្រោះ។ ករណីខាងលើ ត្រូវបានទម្លាយឱ្យដឹងកាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី១០ ខែធ្នូ នៅទីតាំងទទួលពលករបញ្ជូនពីថៃក្នុងក្រុងប៉ោយប៉ែត ។
ក្រុមពលករ រងគ្រោះទាំង១៨នាក់(ស្រី៦នាក់) មាន៣នាក់មកពីខេត្តកំពង់ចាម ២នាក់មកពីខេត្តស្វាយរៀង និងក្រៅពីនេះមកពីខេត្តសៀមរាប ។ ពួកគាត់បានប្រាប់មន្ត្រីនិងសមត្ថកិច្ចថា បានទៅធ្វើការជាកម្មករសំណង់នៅខេត្តទ្បាតបូរី ប្រទេសថៃ ដោយខុសច្បាប់អស់រយៈពេលជាង២ខែ លុះវិលត្រទ្បប់មកស្រុកខ្មែរវិញនោះមានបុរសខ្មែរម្នាក់ឈ្មោះវី និងបក្សពួកម្នាក់នៅឯខេត្តឡាតបូរីនោះ ធានាថាជូនពួកគាត់មកដល់ព្រំដែនដោយគេយកប្រាក់ពួកគាត់ក្នុង ម្នាក់ៗចំនួន១.៥០០បាត(ប្រាក់ថៃ) ។ លុះប្រគល់ប្រាក់ឱ្យបុគ្គលទាំង២នាក់ខាងលើហើយ បែរជាពួកគាត់ត្រូវគេចាប់តាមដងផ្លូវក្នុងស្រុកវ៉ាត់ថាណាណាក់ ខន ខេត្តស្រះកែវទៅវិញ ។
ក្រុមពលករទាំងនោះរៀបរាប់ទៀតថា នៅពេលសមត្ថកិច្ចចាប់ខ្លួន គឺម្នាក់ៗត្រូវចំណាយប្រាក់អស់់៨០០បាតផ្សេងទៀត ដែលសរុបទាំងអស់ជាង២០០០បាត ទើបបញ្ជូនត្រទ្បប់មកដល់ដីខ្មែរវិញ ។ ខណៈពេលរថយន្តទ្រុងថៃដឹកមកដល់ទីតាំងទទួលពលករ គេឃើញរថយន្តសាំយ៉ុងពណ៌លឿង១គ្រឿង មកចាំទទួលពលករទាំង១៨នាក់ខាងលើ ដោយអ្នកបើកបរអះអាងថា គេឱ្យមកទទួលពលករត្រទ្បប់ទៅស្រុក ។
ទោះជាយ៉ាងណា ពលករទាំងនេះមិនព្រមទ្បើងរថយន្តសាំយ៉ុងនោះទេ ដោយពួកគាត់ខ្លាចចាញ់បោកគេម្តងទៀត ។ នៅពេលមន្ត្រីនិងសមត្ថកិច្ចសង្ស័យមានទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ ទទួលប្រាក់ពីក្រុមពលករនៅឯប្រទេសថៃនោះ ក៏នាំគ្នាសួរនាំអ្នកបើកបរហើយអ្នកខ្លះក៏ថតលេខរថយន្តទុក ។
ចំណែក អ្នកបើកបររថយន្តសាំយ៉ុង ក្រោយពីបើកចេញទៅបាត់មួយសន្ទុះ ក៏ជិះម៉ូតូម៉ាក PCX មួយគ្រឿងមករករឿងមន្ត្រីនៅទីតាំងទទួលពលករដែលថតរថយន្តគេនោះទៀត ផង។ ទោះជាយ៉ាងណា បុរសនោះនិយាយថាខ្លួនយករថយន្តមកចាំដឹកពលករទាំង១៨នាក់តាមរយៈ គេទាក់ទងឱ្យចាំដឹកក្រុមពលករទាំងអស់ខាងលើ មិនពាក់ព័ន្ធនឹងអ្នកយកប្រាក់ពលករនៅឯប្រទេសថៃនោះទេ ៕

74900164-28dc-492b-a8b9-c326f0c34548

c815571e-f5ff-4892-9ee5-fca1e640179e

Loading...

Leave a Reply

Your email address will not be published. Required fields are marked *