ពលការិនីខ្មែរនៅកូរ៉េត្រូវថៅកែធ្វើទារុណកម្ម២ឆ្នាំមកហើយ មិនទាន់មានដំណោះស្រាយ

កូរ៉េខាងត្បូង៖ ប្រភពព័ត៌មានបានឲ្យដឹងថា ពលការិនីខ្មែរបម្រើការនៅក្នុងប្រទេសកូរ៉េ២នាក់ ដែលត្រូវថៅកែចិត្តអប្រិយវាយធ្វើបាបបណ្តាលឲ្យរងរបួសជាទម្ងន់រយៈពេល២ឆ្នាំកន្លងមកនោះ មកដល់ពេលនេះមិនទាន់មានដំណោះស្រាយ ទទួលបានយុត្តិធម៌នៅឡើយ ។ ស្ថានទូតកូរ៉េខាងត្បូង បាននិងកំពុងស្វែងរកជំនួយផ្លូវច្បាប់ជួយដល់ពលការិនីរងគ្រោះទាំងនេះ ។

លោក ឡុង ឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងបញ្ជាក់ថាមកដល់ពេលនេះ ស្ថានទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានរកមេធាវី ស្ម័គ្រចិត្តកូរ៉េ ដោយសហការផ្ទាល់ជាមួយ លោកស្រី ប៉ាក មីហាំ ប្រធានសមាគមកម្ពុជាឆុនណាំក្វាងជូ ដើម្បីសើរើ និងពិនិត្យសំណុំរឿងនេះឡើងវិញហើយ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ ក្រុមការងារបានរៀបចំឯកសារនៅតុលាការទីក្រុងក្វាងជូរួចរាល់ហើយ ដើម្បីស្នើសុំពិនិត្យសំណុំរឿង និងតាមដាននីតិវិធីតុលាការឡើងវិញ ហើយក្រុមការងារស្ថានទូត នឹងបន្ដខិតខំប្រឹងប្រែង បំពេញភារកិច្ចឲ្យអស់ ពីលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ និងការពារសិទ្ធជូនពលការិនីទាំងពីរនាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរដទៃទៀត។

គួរបញ្ជាក់ថា ការអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង ដែលដឹកនាំដោយលោក ឡុង ឌីម៉ង់ បានធ្វើ ឡើង បន្ទាប់ពីបានទទួលសំណូមពរជួយអន្ដរាគមន៍រកយុត្តិធម៌ពីសំណាក់ពលការិនី ពីរនាក់ ទី១ ឈ្មោះ ជកៃ គង្កា និងទី២ ឈ្មោះ ហេង ប៉ុន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត។

ស្រ្តីពលការិនីទាំងពីររូបខាងលើនេះ ត្រូវបានថៅកែប្រើអំពើហិង្សាមកលើរាងកាយ កាលពី ២ឆ្នាំកន្លងទៅ នៅរោងចក្រ មួយកន្លែងក្នុងតំបន់ក្វាងជូធំ ហើយមិនទាន់ដោះស្រាយរួចរាល់៕

2 a f

Loading...