ពលទាហានថ្មីជាង៧០០នាក់ទទួលបានការបណ្តុះបណ្តាលក្បួនយុទ្ធសាស្ត្រយោធាវិន័យកងទ័ពនិងច្បាប់នានារបស់ប្រទេសជាច្រើនទៀតក្រោយជាប់ចូលមកបំពេញក្របខ័ណ្ឌជាកងយោធពលខេមរៈភូមិន្ទ !

ខេត្តស្ទឹងត្រែង៖ ពលទាហានទាំងជាង៧០០នាក់នេះ គឺជាយុទ្ធជនថ្មីដែលទើបត្រូវបានជ្រើសរើសឲ្យចូលបំរើក្នុងជួរកងទ័ព បំពេញក្របខ័ណ្ឌនៅក្នុង អង្គភាពយោធភូមិភាគទី១ នៅបន្ទាប់ពីក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ជាពិសេស ប្រមុខរាជរដ្ឋាភិបាល បានប្រកាសជ្រើសរើសឲ្យចូលមកបំពេញក្របខ័ណ្ឌ ជាកងយោធពលខេមរៈភូមិន្ទ នៅក្រោយពីទាហាឡាវ បានចូលមកឈរជើង និងរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា នៅតំបន់អូរតាង៉ាវ និងអាឡៃ នៅក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីខែសីហា២០១៧កន្លងទៅនេះ ។
នៅរសៀលថ្ងៃទី១៩ធ្នូម្សិលមិញ និងនៅព្រឹកថ្ងៃទី២០ធ្នូនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន បានរៀបចំពិធីជូនដំណើរទ័ព៧៣៤នាក់ ទៅកាន់សាលាហ្វឹកហ្វឺនយោធាចំនួន២ គឺ សាលាពលទាហានទី១ ចំណុះយោធភូមិភាគទី១ ចំនួន៣០០នាក់ និងសាលាហ្វឹកហ្វឺនកោះស្នេ ស្រែខ្លុង ក្នុងខេត្តកំពង់ស្ពឺ ចំណុះយោធភូមិភាគទី៣ ចំនួន៤៣៤នាក់ វគ្គហ្វឹកហ្វឺននោះមានរយះពេល៤ខែកន្លះ ។ ពីធីនេះត្រូវគេឃើញ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ យោធភូមិភាគទី១ អភិបាលខេត្តស្ទឹងត្រែង កងកម្លាំងទាំង៣ មន្ត្រីរាជការគ្រប់ស្ថាប័នរដ្ឋ មកពីគ្រប់អង្គភាព និងមន្ទីរសាមី ដ៏ច្រើនកុះករ នៅទីបញ្ជាការវរៈសេនាតូចលេខ១ ស្រែត្នោត ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន បានមានប្រសាសន៍ថា នៅពេលថ្មីៗកន្លងមកនេះ អង្គភាពសិករងខេត្ត បានអនុវត្តន៍ទៅតាមផែនការរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការកងទ័ពជើងគោគ ពិសេស ប្រមុខរាជរដ្ឋាភិបាល បានសំរេចឲ្យជ្រើសរើពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌ នៅក្នុងអង្គភាពយោធភូមិភាគទី១ ក្រោយពីទាហានឡាវបានចូលមកឈរជើងក្នុងដីកម្ពុជា។ លោកថា អង្គភាពសិករងខេត្តនៅគ្រានោះ បានប្រកាសជ្រើសរើសពលទាហាន ឲ្យចូលមកបំរើកងទ័ព ហើយមានយុវជដ៏ច្រើនលើសលប់ ដែលបានមកដាក់ពាក្យសុំចូលបំរើជាតិ មានរហូតដល់ទៅ១ពាន់ ២៤៤នាក់ ទទួលពាក្យមកវិញបាន១ពាន់១៨៩នាក់ ហើយក្រសួងការពារជាតិ បានសំរេចយកមកបំពេញក្របខណ្ឌ យោធភូមិភាគទី១ មានចំនួន៧៣៤នាក់ ជិតស្មើនឹង២០០ភាគរយ នៃផែនការ ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងទៅកាន់ពលទាហានថ្មីទាំងអស់ថា ពីម៉ោងនេះ វេលានេះ ក្មួយៗនឹងប្រែក្លាយជីវភាពពីយុវជនស៊ីវិល ក្លាយជាយុទ្ធជន នៃកងយោធពលខេមរៈភូមិន្ទនោះហើយ ក្មួយៗអាចប្រមើលមើលអតីតកាល និងជីវភាពយុវជន រស់នៅជាមួយឪពុកម្តាយ វាខុសប្លែកគ្នាយ៉ាងណាខ្លះ ពេលដែលក្មួយៗក្លាយជាយុទ្ធជន នៃកងយោធពលខេមរៈភូមិន្ទ។ លោកឧត្តមសេនីយ៍ថ្លែងទៀតថា អ្វីៗគ្រប់យ៉ាងបើវាស្ថិតនៅក្នុងលទ្ធភាពរបស់យើង តែវាជៀសមិនផុតពីយើងទាំងអស់នោះទេ តែអ្វីមួយនោះជារបស់យើងដោយពិតប្រាកដ ក៏ត្រូវផ្តើមចេញពីការតាំងចិត្តដ៏មុតមាំ ប្រកបដោយក្តីមុះមុត ទើបក្លាយជារបស់យើងដោយពិតប្រាកដ តែបើក្មួយៗខ្វះការតាំងចិត្តហើយ របស់ទាំងនោះមិនមែនជារបស់យើង ដោយពិតប្រាកដនោះទេ ពេលនេះក្មួយៗជាកងទ័ព នៃកងយោធពលខេមរៈភូមិន្ទ ចូលសាលាហ្វឹកហ្វឺន អ្នកក៏ត្រូវតាំងចិត្ត ចេញពីសាលាហ្វឹកហ្វឺន មករស់នៅតាមបណ្តាអង្គភាព ក៏ត្រូវតាំងចិត្ត អ្នកត្រូវមានវិន័យផ្ទាល់ខ្លួន វិន័យរបស់សាលា វិន័យរបស់អង្គភាព អ្នកត្រូវមានសីលធម៌ គុណធម៌ សមត្ថភាព ទើបជោគជ័យ និយាយឲ្យចំបើអ្នកជាយោធា ត្រូវចេះជំនាញជាយោធា ។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន និងមេបញ្ជាការរងយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ លី សុរ៉ារិទ្ធ បានមានប្រសាសន៍ ផ្តាំផ្ញើដល់ពលទាហានថ្មី ត្រូវខិតអនុវត្តន៍បទបញ្ជារបស់កងយោធពលខេមរៈភូមិន្ទ ឲ្យបានខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់ ត្រូវខិតខំរៀនសូត្រ ហ្វឹកហាត់ ស្តាប់តាមគ្រូណែនាំ និងបង្ហាត់បង្រៀន ត្រូវថែទាំសុខភាពឲ្យបានល្អ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ធ្វើជាទំពាំងស្នងឬស្សីដ៏មុតស្រួច ក្លាយជាសសរទ្រូង បន្តវេនជាអ្នកការពារជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ត្រូវការពារសេចក្តីសុខក្សេមក្សាន្តជូនប្រជាជន ត្រូវប្រឆាំងដាច់ខាតនូវការប៉ុនប៉ងណាមួយ ធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ។ លោកបានផ្តាំផ្ញើពលទាហានថ្មីទៀតថា សូមក្មួយៗ និងប្អូនៗយុទ្ធជនទាំងអស់ ត្រូវត្រងត្រាប់ស្តាប់គ្រូបង្រៀន គោរពវិន័យសាលាឲ្យបានល្អ និងត្រូវចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក នៅក្នុងវគ្គហ្វឹកហ្វឺនមានរយះពេល៤ខែកន្លះនេះ គឺចាប់ពីថ្ងៃបើកវគ្គ រហូតដល់បញ្ចប់វគ្គ ក្មួយៗប្អូនៗត្រូវយកចំណេះដឹងដែលទទួលបាននោះ ទៅបំរើឲ្យបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់យើង ។
ពលទាហាន៣រូប តំណាងពលទាហានទាំង៧៣៤រូប បានឡើងប្តេជ្ញាចិត្តថា នឹងធ្វើពលីកម្មដើម្បីការពារជាតិ មាតុភូមិ និងប្រជាជន ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល គោរពច្បាប់រដ្ឋ និងគោរពវិន័យកងយោធពលខេមរៈភូមិន្ទ មិនប្រព្រឹត្តបទល្មើសផ្សេងៗ មិនចូលរួមជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ប្តេជ្ញាគោរពឲ្យបានម៉ឺងម៉ាត់ តាមបញ្ជា និងលក្ខខន្តិកៈរបស់កងយោធពលខេមរៈភូមិន្ទ ប្តេជ្ញាគោរពសីលធម៌ចំពោះប្រជាជន បំពេញភារកិច្ចដើម្បីប្រជាជន ប្តេជ្ញាសាមគ្គីភាពផ្ទៃក្នុង នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងឯកភាព ពេលជួបការលំបាក ជួយទំនុកបំរុងគ្នាទៅវិញទៅមក ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២០ធ្នូនេះ មានខេត្តពីរទៀត គឺខេត្តព្រះវិហារ និងខេត្តកំពង់ធំ ក៏បានរៀបចំពិធីជូនដំណើរពលទាហានថ្មី ឲ្យចូលទៅសាលាហ្វឹកហ្វឺន នៅសាលាពលទាហានពិសេស និងសាលាពលទាហានយោធភូមិភាគទី៥ ដើម្បីបំពេញក្របខ័ណ្ឌកងទ័ព នៅក្នុងអង្គភាពយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ស្របតាមគោលការណ៍រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ។ ក្នុងនោះខេត្តកំពង់ធំ ពលទាហានថ្មីមានចំនួន២២៦នាក់ និងខេត្តព្រះវិហារ ពលទាហានថ្មី មានចំនួន៣៥១នាក់ផងនោះទៀត ៕
Loading...