ពលរដ្ឋកោះកុងអះអាងថាទឹកដែលពួកគេប្រើប្រាស់មានពណ៌ក្រមៅ និងក្លិនស្អុយ

ខេត្តកោះកុង៖ពលរដ្ឋនៅខេត្តកោះកុង ឲ្យដឹងថា ពួកគេកំពុងជួបបញ្ហាគ្មានទឹកស្អាតប្រើប្រាស់។ ជាងនេះទៅទៀត ទឹកសម្រាប់ផ្គត់ផ្គង់នៅក្នុងខេត្តមានពណ៌ក្រមៅ និងមានក្លិនស្អុយ។ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញបញ្ហានេះកើតឡើង ព្រោះគ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរ និងក្រុមហ៊ុនផ្គត់ផ្គង់ទឹក។ពលរដ្ឋលើកឡើងថា ជាងមួយសប្ដាហ៍ហើយ នៅខេត្តកោះកុង គ្មានទឹកស្អាតប្រើប្រាស់ទេ។ ពួកគេត្រូវចំណាយលុយទិញទឹកបរិសុទ្ធធុងធំ មកប្រើជំនួសទឹកស្អាតរបស់ក្រុមហ៊ុនផ្គត់ផ្គង់។ពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឲ្យវិទ្យុអាស៊ីសេរី ដឹងថា មុនដំបូងទឹកចេញពីក្បាលរ៉ូប៊ីនេនៅផ្ទះរបស់លោកស្រីកករល្អក់ និងមានក្លិនស្អុយ ប៉ុន្តែពេញមួយថ្ងៃនៅថ្ងៃទី២៨ ខែកុម្ភៈ មិនអាចបើកទឹកប្រើតែម្តង។ករណីបំពង់ទឹកស្អាតចេញទឹកកខ្វក់នេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ឈ្មោះ អ្នកកោះកុង បង្ហោះរូបភាពទឹកបង្ហូរចេញពីទុយោទឹកស្អាតមានពណ៌ក្រមៅ។មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អ៊ិន គង់ជិត ឲ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកោះកុង ជាក្រុមហ៊ុនរបស់ លោក ផាត់ ប៊ុនហួរ ក្មួយរបស់ឧកញ៉ា លី យ៉ុងផាត់។ លោក អ៊ិន គង់ជិត សង្កេតឃើញថា បញ្ហាទាំងនេះកើតឡើងដោយសារកំណើនពលរដ្ឋ និងអាជីវកម្មនៅខេត្ត ហើយក្រុមហ៊ុនផ្គត់ផ្គង់មិនគ្រប់តម្រូវការ។ លោកអះអាងថា បញ្ហានេះ អាចមកពីក្រុមហ៊ុនផ្គត់ផ្គង់ទឹក មិនបានពង្រីកអាងស្តុកទឹក និងតបណ្ដាញផ្លូវទឹកថែម។ លោកបន្តថា បញ្ហាកង្វះទឹកស្អាតនៅខេត្តកោះកុង នេះ កើតឡើងនៅក្នុងតំបន់មួយចំនួនធំក្នុងខេត្តកោះកុង។ លោកថា ពលរដ្ឋដែលជួបប្រទះបញ្ហានេះខ្លាំង គឺពលរដ្ឋក្រីក្រ ព្រោះពួកគេគ្មានមធ្យោបាយដើម្បីដោះស្រាយបញ្ហា៖ «អាជ្ញាធរ ខេត្តត្រូវតែស្ទុះស្ទា ហើយត្រូវយករាល់កង្វល់ និងសំណូមពររបស់ប្រជាជនទៅដោះស្រាយជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹក ស្អាត»។មិនអាចសុំការបំភ្លឺពីអភិបាលខេត្តកោះកុង លោក ប៊ុន លើត និងអ្នកនាំពាក្យសាលាខេត្ត លោក អ៊ូច ទូច បានទេនៅថ្ងៃទី២៨ ខែកុម្ភៈ។ស្ថិតិឆ្នាំ២០០៨ ខេត្តកោះកុង មានពលរដ្ឋជិត ១សែន ៤ម៉ឺននាក់ (១៣៩.៧២២នាក់)។ ខេត្តនេះមានចំនួន ៧ស្រុក និងក្រុង។ពលរដ្ឋខេត្តនេះ ស្នើឲ្យអាជ្ញាធរខេត្ត ជួយដោះស្រាយបញ្ហារឿងខ្វះទឹកស្អាតប្រើប្រាស់ជូនពួកគាត់ប្រើប្រាស់ ឲ្យបានពេញលេញទាំងនៅរដូវប្រាំង និងរដូវវស្សា ព្រោះថា បញ្ហាខ្វះទឹកនេះ មិនមែនជារឿងថ្មីទេ គឺពួកគាត់ខ្វះទឹកប្រើប្រាស់ជាច្រើនខែមកហើយ៕

IMG-29

Loading...

Leave a Reply

Your email address will not be published. Required fields are marked *