ពលរដ្ឋខេត្តកំពង់ចាមស្នើអាជ្ញាធរចាត់វិធានការលើបទល្មើសនេសាទឲ្យមានតម្លាភាព

ខេត្តកំពង់ចាម ៖សកម្មភាពរបស់អាជ្ញាធរក្នុងការបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងធំ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ធ្វើឲ្យប្រជាពលរដ្ឋសាទរ ក៏ប៉ុន្តែពលរដ្ឋចង់ឲ្យអាជ្ញាធរគប្បីធ្វើការងារនេះឲ្យបានត្រឹមត្រូវ និងមានតម្លាភាព ដើម្បីធានាថា ធនធានមច្ឆជាតិអាចនៅគង់វង្សជានិរន្តរបាន។

ការបង្ក្រាបបទល្មើសនេសាទខុសច្បាប់របស់មន្ត្រីជំនាញ និងអាជ្ញាធរកាលពីចុងសប្ដាហ៍មុន ធ្វើឲ្យប្រជាពលរដ្ឋនៅឃុំមៀន ស្រុកព្រៃឈរ រីករាយ។ សកម្មភាពបង្ក្រាបនោះ អាជ្ញាធររឹបអូសបានស្បៃមុងរាប់រយម៉ែត្រ និងព្រួលដែលដាក់បាំងមុខព្រែកមានប្រវែងរាប់សិបម៉ែត្រ។ យ៉ាងណា ពលរដ្ឋសង្ឃឹមថា សកម្មភាពបែបនេះនឹងបន្តធ្វើរហូត ដោយមិនចាំបាច់ទាល់តែមានប្រជាពលរដ្ឋ ឬអង្គការក្រៅរដ្ឋាភិបាលចាក់ចង្កេះនោះទេ។

ប្រជាពលរដ្ឋនៅភូមិកំពង់សំរឹទ្ធ ឃុំមៀន លោក រ៉ែន រ៉ាន់ មានប្រសាសន៍ថា បទល្មើសនេសាទខុសច្បាប់នៅបឹងធំ ដែលជាបឹងជង្រុកត្រីយ៉ាងធំសម្រាប់ពលរដ្ឋរស់នៅជុំវិញចំនួនបីស្រុក គឺស្រុកកងមាស ស្រុកព្រៃឈរ និងស្រុកកំពង់សៀម គឺនៅតែកើតមានឡើង។ លោកបន្តថា បទល្មើសទាំងនោះរួមមានអួន ត្រជាក់ លូស្បៃមុង និងឧបករណ៍ឆក់ ជាដើម។ លោកសាទរនៅពេលដឹងថា បទល្មើសខុសជាច្រើន ត្រូវបានសមត្ថកិច្ចបង្ក្រាប ប៉ុន្តែកន្លងមក ការបង្ក្រាបបែបនេះ គឺកើតមានជារឿយៗ តែសកម្មភាពនេសាទខុសច្បាប់នៅកើតមានឡើងដដែល រហូតធ្វើឲ្យពលរដ្ឋយល់ថា អាចមានអំពើពុករលួយទៀតផង៖ «កន្លងមកអាការៈរកស៊ីខុសច្បាប់ហ្នឹង គឺមានតែអ្នកមានលុយដែលគេរកស៊ីធំៗអ៊ីចឹង វាអាចពាក់ព័ន្ធអំពើពុករលួយខ្លះ»។

យ៉ាងណា ពលរដ្ឋដដែលយល់ថា ដើម្បីឲ្យការបង្ក្រាបមានប្រសិទ្ធភាព មន្ត្រីជំនាញ ឬអាជ្ញាធរគប្បីអនុវត្តទៅតាមច្បាប់ឲ្យបានត្រឹមត្រូវ និងជៀសវាងការប្រព្រឹត្តអំពើពុករលួយក្នុងពេលបំពេញបេសកកម្មរបស់ខ្លួន។

ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀតនៅឃុំមៀន សុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថា នៅភូមិអ្នកស្រីរស់នៅមានពលរដ្ឋប្រមាណ ៧០ភាគរយទៅហើយដែលនាំគ្នារករបរនេសាទខុសច្បាប់ ហើយផលប៉ះពាល់ធ្ងន់ធ្ងរ គឺប្រជាពលរដ្ឋដែលពឹងអាស្រ័យលើរបរនេសាទស្របច្បាប់ជាលក្ខណៈគ្រួសារ។ អ្នកស្រីថា ពេលខ្លះពលរដ្ឋស្ទើរតែលែងមានជំនឿលើអាជ្ញាធរក្នុងការបង្ក្រាបបទល្មើសទៅហើយ ព្រោះបញ្ហានេះនៅតែដដែលៗ ចំណែកធនធានមច្ឆជាតិចេះតែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ រហូតធ្វើឲ្យពូជត្រីខ្លះត្រូវផុតពូជក៏មាន៖ «ខ្ញុំចង់ឲ្យមន្ត្រីជំនាញក៏ដោយ អាជ្ញាធរក៏ដោយ ធ្វើយ៉ាងម៉េចឲ្យក្មេងជំនាន់ក្រោយបានទទួលផលខ្លះផង ព្រោះក្មេងជំនាន់ក្រោយខ្លះមិននឹងស្គាល់ត្រីលេញផង»។

ធនធានមច្ឆជាតិចេះតែថយចុះជាលំដាប់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្ន ប្រភេទត្រីមួយចំនួនស្ទើរតែផុតពូជ និងខ្លះទៀតផុតពូជតែម្តង ព្រោះឧបករណ៍ខុសច្បាប់ខ្លះ គឺបណ្ដាលឲ្យប៉ះពាល់ដល់ការបង្កកំណើតរបស់ត្រី។ លើសពីនេះទៀត តម្រូវការកូនត្រីតូចៗសម្រាប់ចិញ្ចឹមត្រីឆ្ដោរខុសច្បាប់ចេះតែកើនឡើង ម្យ៉ាង ការនេសាទនៅក្នុងរដូវត្រីពងកូនដោយប្រើឧបករណ៍ដែលច្បាប់មិនអនុញ្ញាតជាដើម។

នៅក្នុងរដូវត្រីពងកូន គឺជារដូវដែលច្បាប់ហាមឃាត់ ឬរដូវបិទនេសាទ ដោយគិតចាប់ពីថ្ងៃទី១ មិថុនា រហូតដល់ថ្ងៃទី៣១ កញ្ញា។ រដូវនេះ គឺច្បាប់អនុញ្ញាតឲ្យនេសាទនូវរាល់ឧបករណ៍ ឬសម្ភារៈជាលក្ខណៈទ្រង់ទ្រាយតូចតាច ដូចជា មង សន្ទូច របាំងព្រួល ឬលប ប្រវែងក្រោម ៥០ម៉ែត្រ ប៉ុន្តែមិនត្រូវដាក់បាំងព្រែក ឬផ្លូវទឹកសម្រាប់ត្រីចូលទៅរកកន្លែងពងកូននោះឡើយ។

ទាក់ទងបញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម លោក អ៊ុក ណារិន មានប្រសាសន៍ថា មន្ត្រីជំនាញបានខិតខំណាស់ជុំវិញបញ្ហានេះ ធ្វើយ៉ាងណារក្សាឲ្យបាននូវស្ថិរភាពនៃពូជត្រី ដោយមិនបានព្រងើយកន្តើយទេ។ លើសពីនេះទៀត មន្ត្រីរបស់លោកក៏មិនបានពាក់ព័ន្ធជាមួយជនល្មើសនោះដែរ តែដោយសារប្រជាពលរដ្ឋនេសាទខុសច្បាប់មានច្រើនជាងសមត្ថកិច្ច ហើយពួកគេនេសាទដោយលួចលាក់ទៀតផង។ លោកបន្តថា សកម្មភាពទប់ស្កាត់បទល្មើស គឺអាជ្ញាធរនឹងបន្តធ្វើជាដរាប៖ «មិនថាភ្លៀងមិនថាក្តៅយ៉ាងម៉េចទេ ខំប្រឹងទប់ស្កាត់បទល្មើសហ្នឹង ប៉ុន្តែមានពលរដ្ឋខ្លះយើងទៅបំផ្លាញ ឬបង្ក្រាបក៏ចំរបស់គាត់ទៅ អាកន្លែងខ្លះក៏មិនចំកន្លែងគាត់ទៅ»។

របាយការណ៍បង្ក្រាបបទល្មើសរបស់មន្ត្រីជលផលកំពង់ចាម ចាប់តាំងពីដើមឆ្នាំ២០១៥ គឺបង្ក្រាបបានជិត ៣០០ករណី (២៧៦ករណី) ហើយក្នុងរដូវបិទនេសាទនេះ គឺបង្ក្រាបបានជិត ២០០ ករណី (១៩៨ករណី) ដោយភាគច្រើនបទល្មើសជាប្រភេទស្បៃមុងក្រឡាញឹក អួន ឬដៃ ជាដើម។ ក្រៅតែពីបង្ក្រាបហើយ លោក អ៊ុក ណារិន បញ្ជាក់ថា ខាងលោកក៏បានផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ តាមរយៈអាជ្ញាធរមូលដ្ឋាន ឲ្យពួកគាត់យល់ច្បាស់ពីសារសំខាន់នៃមច្ឆជាតិ។ លើសពីនេះ លោកស្នើឲ្យពលរដ្ឋទាំងអស់ គប្បីងាកមកនេសាទត្រីដោយប្រើប្រាស់ឧបករណ៍ស្របច្បាប់វិញ។

យ៉ាងណា ច្បាប់ជលផលឆ្នាំ២០០៦ មាត្រា៩៨ ចែងពីការផ្ដន្ទាទោសថ្នាក់ទី១ គឺត្រូវដាក់ពន្ធនាគារពី ៣ ទៅ ៥ឆ្នាំ និងរឹបអូសវត្ថុតាងទាំងអស់ដាក់ជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល។ បទល្មើសទាំងនោះរួមមាន នេសាទដោយឧបករណ៍ទំនើប ឬថ្មី ដោយមិនមានក្នុងសេចក្តីប្រកាសរបស់ក្រសួង ដែលនាំឲ្យបំផ្លាញមច្ឆជាតិ ធនធានជលផល ប្រព័ន្ធអេកូឡូស៊ីជលផល នេសាទដោយឧបករណ៍ឆក់ គ្រឿងផ្ទុះ សារធាតុពុលគ្រប់ប្រភេទ និងការនេសាទជាលក្ខណៈឧស្សាហកម្មក្នុងរដូវបិទនេសាទ ជាដើម។

បន្ថែមលើនេះ មន្ត្រីសម្របសម្រួលនៃសមាគមយុវជនខ្មែរខេត្តកំពង់ចាម ដែលតែងតែធ្វើការងារលើបញ្ហានេសាទនេះ លោក សុក ស៊ីបូណេ យល់ថា ដើម្បីឲ្យការបង្ក្រាបបទល្មើសនេសាទថយចុះ គប្បីអាជ្ញាធរពាក់ព័ន្ធ បើកសកម្មភាពបង្ក្រាបជាទ្រង់ទ្រាយធំតែម្តង ព្រោះកន្លងមក លោកមើលឃើញតែការបង្ក្រាបទ្រង់ទ្រាយតូចតាច។ លោកបន្ថែមថា ប្រជាពលរដ្ឋខ្លួនឯងក៏ត្រូវស្វែងយល់ឲ្យបានច្រើនអំពីអត្ថប្រយោជន៍របស់ត្រី ព្រោះកាលណាពលរដ្ឋយល់ច្បាស់ហើយ ពួកគេនឹងចូលរួមថែរក្សាធនធានមច្ឆជាតិដោយខ្លួនឯង៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *