ពលរដ្ឋខេត្តនៅខេត្តក្រចេះសង្ស័យថា មានមន្ត្រីមួយចំនួនពាក់ព័ន្ធនឹងកន្លែងល្បែងស៊ីសង

ខេត្តក្រចេះ៖ មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅខេត្តក្រចេះ សង្ស័យថា មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធខេត្តក្រចេះ ទំនងជាអាចមានជាប់ពាក់ព័ន្ធទីតាំងភ្នាល់បាល់ និងល្បែងឆ្នោតកន្ទុយលេខជាដើម ទើបទីតាំងទាំងនោះអាចបន្តដំណើរការបាន ដោយមិនមានការចាប់បង្ក្រាប។

បញ្ហានេះ មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធខេត្តក្រចេះ ថ្លែងថា មិនបានព្រងើយកន្តើយការងារចុះបង្ក្រាបបទល្មើសល្បែងស៊ីសង និងបទល្មើសផ្សេងៗនោះទេ ហើយស្នើឲ្យប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានចូលរួមសហការប្រាប់ពីទីតាំងបើកល្បែងស៊ីសងទាំងនោះ ដើម្បីសមត្ថកិច្ចចុះបង្ក្រាបមានប្រសិទ្ធភាព។

ពាក់ពន្ឋនិងកន្លែងល្បែងស៊ីសង ទាំងនេះ កន្លងមកអាជ្ញាធរខេត្ត ក៏ធ្លាប់បានចុះចាប់បង្ក្រាប តែការចាប់បង្ក្រាបនេះ ធ្វើឡើងហាក់មិនមានប្រសិទ្ឋភាព ដូចជាកូទឹកបង្អើលត្រី ព្រោះទីកន្លែងបើកចាក់ភ្នាល់បាល់ និងទីតាំងចាក់ឆ្នោតកន្ទុយលេខជាដើម បានបើកធ្វើអាជីវកម្មជាធម្មតា ដោយគ្មានសមត្ថកិច្ចចុះបង្ក្រាបនោះទេ។ ហើយពលរដ្ឋស្នើរសុំឱ្យអាជ្ញាធរខេត្ត ត្រូវអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលប្រមុខដឹកនាំរដ្ឋាភិបាលដាក់ជូនមានប្រសិទ្ធភាព។

បើតាមពលរដ្ឋរស់នៅក្រុងក្រចេះ ពួកគាត់ក៏បានបង្ហាញទីតាំងមួយចំនួនដែលទទួលចាក់បាល់ និងចែកតារាងប្រកួតបាល់តាមប្រព័ន្ធអ៊ីនធឺណិត ឬការប្រកួតបាល់នៅក្រៅប្រទេស គឺមានទីតាំងនៅកណ្តាលក្រុងក្រចេះតែម្តង ដែលកំពុងបើកដំណើរការដោយច្រកក្រោមស្លាកលក់គ្រឿងសង្ហារឹម ដែលមានយីហោ ឈ្មោះ ត្រាយ មុំ ។ ចំណែកអ្នកលក់បាល់នោះវិញ បាននិយាយប្រាប់អ្នកដែលចូលទៅចាក់បាល់នោះថា លោកមិនខ្លាចអ្នកណាមកចាប់បង្ក្រាបនោះទេ ព្រោះលោកបានបង់លុយជូនសមត្ថកិច្ចជំនាញអស់ហើយ ។ ចំណែកប្រជាពលរដ្ឋវិញចោទថា ការបើកល្បែងស៊ីសងដូចជាភ្នាល់បាល់ និងល្បែងឆ្នោតកន្ទុយលេខ ជាដើម អាចដំណើរការបានគ្មានការហាមឃាត់ ទាល់តែមានការអនុញ្ញាតពីសមត្ថកិច្ចជំនាញ មាននគរបាល និងកងរាជអាវុធហត្ថខេត្តក្រចេះ ជាដើម។

ពាក់ពន្ឋនិងករណីខាងលើនេះ លោកវរៈសេនីយ៍ឯក គុណ សុភណ្ឌ នាយការរិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តក្រចេះ បានឱ្យដឹងថា លោកមិនបានដឹងទេ រឿងកន្លែងលក់ភ្នាល់បាល់នេះ ចាំមើលលោកឆ្លងយោបល់ទៅព្រះរាជអាជ្ញារសិន ហើយសមត្ថកិច្ចក៏មិនព្រងើយកន្តើយការពារចុះបង្ក្រាបបទល្មើសផ្សេងៗ ហើយសុំស្នើដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ឲ្យចូលរួមផ្តល់ព័ត៌មានទីតាំងបទល្មើសល្បែងស៊ីសងមកសមត្ថកិច្ចជំនាញ ដើម្បីរួមសហការគ្នាបង្ក្រាប ឬទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។

ដោយឡែកប្រធានសមាគមការពារសិទ្ឋមនុស្សអាដហុកប្រចាំខេត្តក្រចេះ កញ្ញា ហ៊ាន ជាវគុណ បានឱ្យដឹងដែរថា កញ្ញាបានបង្ហាញការសង្ស័យថា សមត្ថកិច្ចជំនាញនៅតាមមូលដ្ឋាននីមួយៗ ទំនងជាអាចជាប់ពាក់ព័ន្ធ ឬនៅពីក្រោយបទល្មើសល្បែងស៊ីសងផ្សេងៗ មានដូចជា ល្បែងភ្នាល់បាល់ ល្បែងឆ្នោតកន្ទុយលេខជាដើម ទើបទីតាំងភ្នាល់បាល់នៅកណ្តាលក្រុងក្រចេះ អាចធ្វើសកម្មភាពបានដោយចំហ និងគ្មានការបង្ក្រាបពីកម្លាំងសមត្ថកិច្ច ។ ហើយការបង្កើតឱ្យមានល្បែងស៊ីសង នៅក្នុងមូលដ្ឋាននេះ ក៏ដូចជាការបង្កើតឱ្យមានអំពើរចោរកម្ម និង អំពើហឹង្សាក្នុងគ្រួសារជាដើម ។ ដូចនេះអាជ្ញាធរត្រូវលំបំបាត់ រាល់ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបាន នូវសន្តិសុខជូនប្រជាពលរដ្ឋ ៕

Loading...