ពលរដ្ឋខេត្តបន្ទាយមានជ័យរិះគន់អាជ្ញាធររឿងមិនទប់ស្កាត់រថយន្តដឹកដីធ្វើឲ្យខូចផ្លូវ

ខេត្តបន្ទាយមានជ័យ ៖ប្រជាពលរដ្ឋនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រិះគន់អាជ្ញាធរមូលដ្ឋាន ថាមិនអើពើទប់ស្កាត់ក្រុមហ៊ុនធ្វើអាជីវកម្មដឹកអាចម៍ដីលក់ ធ្វើឲ្យខូចផ្លូវ និងដីហុយប៉ះពាល់ដល់សុខភាពរបស់អ្នកស្រុក។ ទាក់ទងនឹងបញ្ហានេះ មេឃុំប្រាសាទ អះអាងថា កន្លងមក អាជ្ញាធរឃុំបានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនដឹកដី ធ្វើយ៉ាងណាកាត់បន្ថយការប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋឲ្យនៅ តិចតួចបំផុត។
ពលរដ្ឋមួយចំនួនរស់នៅឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ឲ្យដឹងនៅថ្ងៃទី២១ កុម្ភៈ ថា រថយន្តដឹកអាចម៍ដីធ្វើអាជីវកម្មរបស់ក្រុមហ៊ុនឯកជននៅឃុំប្រាសាទ បង្កការលំបាកជាខ្លាំងដល់ការរស់នៅរបស់ពួកគាត់ជាង ៣ខែមកហើយ។ អ្នកភូមិអះអាងថា នៅពេលរថយន្តដឹកដីឆ្លងកាត់ផ្លូវមុខផ្ទះរបស់ពួកគាត់ម្ដងៗ ធ្វើឲ្យដីហុយចូលចានបាយចានសម្ល និងពិបាកដកដង្ហើម ហើយថែមទាំងធ្វើឲ្យដាច់ផ្លូវរដិបរដុបពិបាកធ្វើដំណើរ ដោយសាររថយន្តនោះដឹកដីធ្ងន់ ហើយពុំបានចាក់ទឹកលើផ្លូវឲ្យបានត្រឹមត្រូវនោះទេ៖ «បាទ! រថយន្ត ដឹកដីចាប់ផ្ដើមធ្វើសកម្មភាពតាំងពីម៉ោង ៧ព្រឹករហូតដល់ម៉ោង ៥រសៀលបានឈប់ ហើយខ្ញុំសូមអំពាវនាវឲ្យមន្ត្រីពាក់ព័ន្ធ ជួយទប់ស្កាត់រថយន្តដឹកដីនោះផង»។
អ្នកភូមិព្រួយបារម្ភខ្លាចក្រែងកុមារតូចៗកើតរោគសួត និងខ្លាចគ្មានប្រាក់ព្យាបាលជំងឺនៅថ្ងៃអនាគត ពីព្រោះពួកគេដកដង្ហើមស្រូបល្អងធូលីដីរៀងរាល់ថ្ងៃ។
ឆ្លើយតបនឹងបញ្ហានេះ មេឃុំប្រាសាទ លោក ជឹម ជុត មានប្រសាសន៍ថា ក្រុមហ៊ុនធ្វើអាជីវកម្មដឹកដីនោះជារបស់ លោក វ៉ា ឡូយ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់អ្នកស្រុកខ្លះមែន ប៉ុន្តែលោកអះអាងថា អាជ្ញាធរឃុំបានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនដឹកដីនោះ ឲ្យចាក់ទឹក និងជួសជុលផ្លូវឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរួចមក ហើយ៖ «ខ្ញុំបានប្រាប់ទៅម្ចាស់រថយន្តនោះឲ្យបាញ់ទឹក តាមដងផ្លូវមិនឲ្យដីហុយមកហើយ មិនមែនខ្ញុំមិនអើពើដូចការលើកឡើងរបស់អ្នកស្រុកនោះទេ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រុកអះអាងថា រថយន្តដឹកដីជាង ១០គ្រឿងនៅឃុំប្រាសាទ មិនត្រឹមតែពុំបានចាក់ទឹកលើផ្លូវ ហើយធ្វើឲ្យដីហុយនោះទេ ថែមទាំងបើកលឿនបង្កការភ័យខ្លាចដល់អ្នកស្រុករស់នៅតាមដងផ្លូវ ជាប្រចាំទៀតផង។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្ត បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សម្គាល់ថា រថយន្តធ្វើអាជីវកម្មដឹកអាចម៍ដីលក់ បង្កការលំបាកដល់ការរស់នៅរបស់ប្រជាពលរដ្ឋនេះ ដោយសារវិធានការរបស់អាជ្ញាធរពាក់ព័ន្ធនៅខេត្តបន្ទាយមានជ័យ ធូររលុង និងខ្វះការយកចិត្តទុកដាក់ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៖ «ម្ចាស់ក្រុមហ៊ុនដឹកដីគេមិនគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះទេ គឺគេគិតតែផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ»។
លោកឲ្យដឹងទៀតថា ក្រុមហ៊ុនធ្វើអាជីវកម្មដឹកដី កើតមានគ្រប់ស្រុក និងក្រុងក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសនៅស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ជាដើម។ លោកពន្យល់ថា ការដឹកដីនេះ ក្រុមហ៊ុនជាអ្នកទទួលបានផលចំណេញផ្ទាល់ខ្លួន រីឯពលរដ្ឋរងគ្រោះប៉ះពាល់ដល់ការធ្វើដំណើរ និងសុខភាពជាប្រចាំ៕

IMG056

Loading...

Leave a Reply

Your email address will not be published. Required fields are marked *