ពលរដ្ឋខេត្តបាត់ដំបង ៖ បើរដ្ឋបាល​ខេត្តបាត់ដំបង​ មិនបានលុយពីល្បែងទឹកភ្លៀងទេ ហេតុអ្វីមិនព្រមចុះបង្ក្រាប​ទីតាំងប្រព្រឹត្តល្បែង?

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានច្រានចោលទាំងស្រុងព័ត៌មានចោទប្រកាន់ថា អភិបាលខេត្ត អនុញ្ញាតឲ្យមានការបើកល្បែងភ្នាល់ទឹកភ្លៀង ជាថ្នូរនឹងការឲ្យលុយរាប់ម៉ឺនដុល្លារ ។

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សេចក្ដីប្រកាសមួយរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានបដិសេធ ចំពោះការចោទប្រកាន់មកលើ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដែលថាអនុញ្ញាតឲ្យមានការបើកល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់ នៅខេត្តបាត់ដំបង ជាថ្នូរនឹងការឲ្យលុយរាប់សិនម៉ឺនដុល្លារ។

ប្រភពបញ្ជាក់ថា ចោទប្រកាន់នេះ គឺជាព័ត៌មានមិនពិត ចេតនាមូលបង្កាច់បង្ខូចកិត្តិយសថ្នាក់ដឹកនាំខេត្តយ៉ាងធ្ងន់ធ្ងរ ព្រមទាំងធ្វើការសន្និដ្ឋាន ដោយគ្មានមូលដ្ឋាន និងគ្មានព័ត៌មានត្រឹមត្រូវ ក្នុងគោលបំណងញុះញង់បង្កភាពវឹកវរក្នុងសង្គម និងធ្វើឲ្យបាត់បង់ទំនុកចិត្តពីមហាជន និងប្រជាពលរដ្ឋមកលើការដឹកនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង​បានលើកឡើងថា ថ្នាក់ដឹកនាំខេត្ត​មួយនេះ សង្ស័យមានជំពាក់វាក់វិន​ ទទួលសំណែនជាលុយកាក់​ ជាមួយនឹង​ល្បែងភ្នាល់ទឹកភ្លៀង​ ស៊ីសងលុយគ្នារាប់ពាន់ រាប់ម៉ឺនដុល្លារ​ រាល់ថ្ងៃ ក្នុងរដូវភ្លៀងធ្លាក់នេះ ថ្នូរនឹងការមិនបង្ក្រាប ។ ល្បែងភ្នាល់ទឹកភ្លៀង​នៅខេត្ត​មួយនេះ នរណាៗក៏ធ្លាប់ដឹងឮដែរថា មានបើកលេងភ្នាល់ជារៀងរាល់ឆ្នាំ តាំងតែពីដើមទីមកម្ល៉េះ និងមិនធ្លាប់ឃើញ​មន្ត្រី​មានសមត្ថកិច្ច​ នៃរដ្ឋបាលខេត្តនេះ ចុះបង្ក្រាប​ម្តងណាឡើយ ។ រាស្ត្រថា បើសមត្ថកិច្ច​មួយចំនួនតូចនោះមិនទទួលបានសំណែនពីទីតាំងភ្នាល់ទឹកភ្លៀងនេះទេ ហេតុអ្វីមិននាំគ្នាចុះបង្ក្រាប ឬមួយទុកវា គ្រាន់ជាឆ្នាំងបាយ? ។

ខាងក្រោមនេះ គឺជាលិខិតបដិសេធរបស់រដ្ឋបាលខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោក ងួន រតនៈ ៖

 

Loading...