ពលរដ្ឋខេត្តព្រះវិហារប្រមាណ៣ពាន់នាក់ទទួលបានការព្យាបាលដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសកូរ៉េខាងត្បូង

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋប្រមាណ៣ពាន់នាក់ មកពីគ្រប់ក្រុងនិងស្រុក ក្នុងខេត្តព្រះវិហារ ត្រូវបានក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េខាងត្បូង ជួយព្យាបាលជម្ងឺរទូទៅគ្រប់ប្រភេទ ដោយមិនមានគិតប្រាក់កម្រៃនោះទេ នៅក្នុងរយះពេលពីរថ្ងៃកន្លងមកនេះ គឺផ្តើមឡើងពីថ្ងៃ២៣កក្កដា រហូតមកទល់នឹងល្ងាចថ្ងៃ២៤កក្កដា២០១៧ នៅក្នុងបរិវេណ ការិយាល័យតំណាងរាស្ត្រ ខេត្តព្រះវិហារ។

ពិធីចាក់ថ្នាំនោះ ត្រូវគេឃើញ បានធ្វើឡើងក្រោមវត្តមាន អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចានដា ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពី ខេត្តឃ្យុងសាងប៊ុកដូ ប្រទេសកូរ៉េខាងត្បូង។

អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា បានថ្លែងថា ក្នុងនាមជាអ្នកតំ ណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា ធ្វើជាតំណាងឲ្យប្រជាជននៅទូទាំង ខេត្តព្រះវិហារ លោកមិនដែលភ្លេចពីករណីកិច្ច ក្នុងការយកចិត្តទុកដាក់ចំពោះសុខភាព របស់ប្រជាពលរដ្ឋនោះទេ។

លោកថា ពុកម៉ែបងប្អូនទាំងអស់ក្នុងខេត្ត ក្នុង១ឆ្នាំទទួលបានការព្យាបាលជម្ងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត៣ក្រុម ១.ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ របស់លោកហ៊ុន ម៉ាណែត ២.ក្រុមគ្រូពេទ្យរបស់លោក ហ៊ុន ម៉ានី ជាក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា « ស ស យ ក » និង៣ គឺជាក្រុមគ្រូពេទ្យអន្តរជាតិ។

លោកតំណាងរាស្ត្របន្តថា ការពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅរយះពេលកន្លងមក ក៏ដូចជានៅពេលនេះ ព្យាបាលដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពី ខេត្តឃ្យុងសាងប៊ុកដូ ប្រទេសកូរ៉េខាងត្បូងនេះ បានជួយព្យាបាលជម្ងឺទូទៅ ដូចជា ជម្ងឺផ្លូវចិត្ត ជម្ងឺផ្នែកកុមារ ពិនិត្យរោគស្ត្រី ឬសដូងបាត សួត ក្រពះ ពោះវៀន ទឹកនោមផ្អែម រលាកថ្លើម និងជម្ងឺគ្រុនចាញ់។ល។

លោកបានបញ្ជាក់ថា ការចុះពិនិត្យ និងព្យាបាលដោឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅគ្រានេះ លោកចាត់ទុកថា គឺជាទង្វើមួយក្នុងស្មារតីមនុស្សធម៌ ដែលស្ដែងចេញពីការអាណិត និងស្រឡាញ់ ដល់ប្រជាពលរដ្ឋកម្ពុជា។

អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា លោកបានសម្តែង នូវអំណរអរគុណជាពន្លឹក ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ប្រទេសកូរ៉េខាងត្បូង ក្នុងកម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តឃ្យុងសាងប៊ុកដូ និងនេះជាលើកទី២ហើយដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សកម្មភាពនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញ ពីកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសយើងទាំង២ កម្ពុជា-កូរ៉េខាងត្បូង។

លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ដល់ក្រុមគ្រូពេទ្យកូរ៉េ ដែលបានយកអស់កម្លាំងកាយ និងចិត្ត ដែលបានជួយព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋនៅ ខេត្តព្រះវិហារ ប្រកបដោយប្រសិទ្ធភាព ហើយលោកសង្ឃឹមថា នៅឆ្នាំក្រោយៗទៀត ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េខាងត្បូង នឹងជួយព្យាបាលដល់ពលរដ្ឋកម្ពុជា នៅខេត្តព្រះវិហារនេះជាបន្តទៀត៕

Loading...