ពលរដ្ឋខ្មែរ៥៨នាក់ដែលជាប់ឃុំនៅថៃដោយសារឆ្លងដែនកាប់ឈើត្រូវបានដោះលែង

ពលរដ្ឋខ្មែរចំនួន ៥៨នាក់ក្នុងចំណោម ៩២នាក់ដែលត្រូវបានអាជ្ញាធរថៃ ចាប់ឃុំខ្លួនដោយសារឆ្លងដែនចូលកាប់ឈើខុសច្បាប់ក្នុងព្រៃឧទ្យាន ខេត្តនគររាជសីមា ត្រូវបានអាជ្ញាធរថៃ ដោះលែងវិញ ក្រោយពីមានអន្តរាគមន៍ពីស្ថានទូតខ្មែរនៅប្រទេសថៃ។ ពួកគេត្រូវបានដោះលែងឲ្យវិលត្រឡប់មកកម្ពុជា វិញកាលពីថ្ងៃទី១១ កញ្ញា តាមច្រកឆុងចម-អូស្មាច់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៥ កញ្ញា ឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ៩២នាក់នោះ ត្រូវបានតម្រូវឲ្យបង់ប្រាក់ពិន័យក្នុងម្នាក់ៗចំនួន ៤.២៥០បាត ស្មើនឹងប្រមាណជាង ៤៨ម៉ឺនរៀល ជាថ្នូរនឹងការដោះលែង។
សេចក្ដីប្រកាសព័ត៌មាននោះបញ្ជាក់ដែរថា ពលរដ្ឋខ្មែរដែលបានជាប់ឃុំទាំងនោះ ត្រូវបានមេខ្យល់បោកប្រាស់ឲ្យទៅធ្វើការនៅប្រទេសថៃ ដោយប្រាប់ថា នឹងនាំពួកគាត់ទៅធ្វើការងារស្របច្បាប់ ដោយទទួលបានកម្រៃ ១ពាន់បាតក្នុងមួយថ្ងៃ។
អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ កញ្ញា ថា ចំពោះពលរដ្ឋខ្មែរ ៣៤នាក់ទៀតដែលកំពុងជាប់ឃុំនោះ គឺពួកគាត់កំពុងត្រៀមរៀបចំឯកសារ បញ្ជូនទៅតុលាការដើម្បីធ្វើការដោះស្រាយបន្តទៀត។
លោក ជុំ សុន្ទរី មានប្រសាសន៍ថា ក្រោយពីរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាមួយភាគីថៃ ឲ្យបញ្ឈប់ការបាញ់ប្រហារលើពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ រួចមក លោកកត់សម្គាល់ឃើញថា ករណីបាញ់ប្រហារនេះមានភាពស្ងប់ស្ងាត់ក្នុងមួយរយៈពេលចុងក្រោយនេះ។ លោក ជុំ សុន្ទរី មិនបានបញ្ជាក់ថា មកទល់ពេលនេះ អាជ្ញាធរថៃ បានបាញ់សម្លាប់ពលរដ្ឋខ្មែរអស់ចំនួនប៉ុន្មាននាក់នោះឡើយ៕

image5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *