ពលរដ្ឋឃុំច្បារអំពៅខេត្តកំពង់ចាមស្នើសុំអាជ្ញាធរជួយអន្តរាគមន៍យកអណ្ដូងទឹកដាក់រួម

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋនៅឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ស្នើអាជ្ញាធរឲ្យជួយដោះស្រាយរឿងអណ្ដូងទឹក ដែលពលរដ្ឋធ្លាប់ប្រើកន្លងមកឲ្យបានប្រើប្រាស់ដូចដើមវិញ។ ការស្នើនេះ ក្រោយពេលអណ្ដូងទឹកនោះ ត្រូវពលរដ្ឋមួយគ្រួសារបិទរបងមិនឲ្យពលរដ្ឋផ្សេងទៀតអាចចូល ប្រើប្រាស់បាន ក្រោមហេតុផលថា អណ្ដូងទឹក គឺស្ថិតនៅក្នុងប្លង់ដីរបស់ខ្លួន។
ប្រជាពលរដ្ឋនៅភូមិច្បារអំពៅ ឃុំច្បារអំពៅ ជាង ៣០០គ្រួសារ កំពុងប្រឈមបញ្ហាអត់ទឹកប្រើប្រាស់ បន្ទាប់ពីអណ្ដូងដែលពួកគាត់ធ្លាប់ប្រើរួមនៅក្នុងភូមិកន្លងមក ត្រូវពលរដ្ឋមួយគ្រួសារហាមឃាត់មិនឲ្យប្រើប្រាស់បន្តទៀតឡើយ។
ពលរដ្ឋម្នាក់នៅភូមិច្បារអំពៅ លោក ហៃ សុខហាច ឲ្យដឹងថា អណ្ដូងទឹកដែលពលរដ្ឋស្នើឲ្យអាជ្ញាធរជួយដោះស្រាយនោះ គឺមានតាំងពីយូរយារណាស់មកហើយ ដែលជីកសម្រាប់ប្រើប្រាស់រួមនៅក្នុងភូមិ ពីព្រោះអណ្ដូងនោះ គឺមានទឹកចេញច្រើនជាងអណ្ដូងផ្សេងទៀត។ លោកបន្តថា ជាង ១០ថ្ងៃមកហើយដែលម្ចាស់ដីឈ្មោះ គ្រាក់ ម៉ី បានចាក់សោរបងមិនឲ្យពលរដ្ឋយកទឹកពីអណ្ដូងទៅប្រើប្រាស់បាន និងថែមទាំងគំរាមកំហែងអ្នកចូលទៅប្រើប្រាស់ទឹកអណ្ដូងទៀតផង៖ «ទួលខ្ញុំមួយហ្នឹងប្រហែលជា ២០០គ្រួសារជាងហ្នឹង អត់មានអណ្ដូងប្រើប្រាស់ទេ មានអណ្ដូងអង្គការជីកឲ្យ តែជីកអត់ចេញទឹក»។
អណ្ដូងទឹកជាប្រភេទអណ្ដូងខ្នោះ ដែលបម្រើប្រយោជន៍ឲ្យមនុស្សទូទៅនៅក្នុងភូមិ។ បញ្ហាទឹកអណ្ដូងនេះ ធ្លាប់កើតឡើងម្តងរួចទៅហើយកាលពីឆ្នាំ២០១៣ ក្រោយពេល លោក គ្រាក់ ម៉ី បានធ្វើប្លង់កម្មសិទ្ធិដីធ្លីដោយដាក់បញ្ចូលដីនៅបរិវេណអណ្ដូងផង។ កាលនោះ អាជ្ញាធរក៏បានជួយអន្តរាគមន៍ ទើបអ្នកភូមិអាចប្រើប្រាស់អណ្ដូងនោះឡើងវិញ។
មិនអាចទាក់ទង លោក គ្រាក់ ម៉ី ដើម្បីសុំបំភ្លឺជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៧ ធ្នូ។
យ៉ាងណា ជំទប់ទី១ ឃុំច្បារអំពៅ លោក ធុច ថុល មានប្រសាសន៍ថា ប្រជាពលរដ្ឋ ៣៧៧គ្រួសារ កំពុងអត់ទឹកប្រើប្រាស់ ក្រោយពេលអណ្ដូងរួមរបស់ពួកគាត់នៅក្នុងភូមិ ត្រូវ លោក គ្រាក់ ម៉ី ចាក់សោរបងមិនឲ្យចូល។ លើសពីនេះ លោកក៏ធ្លាប់ទៅពិភាក្សាជាមួយម្ចាស់ដីរូបនោះ សុំឲ្យបើករបងដើម្បីឲ្យប្រជាពលរដ្ឋបានទឹកប្រើប្រាស់ឡើងវិញ ប៉ុន្តែ លោក គ្រាក់ ម៉ី មិនព្រមជាដាច់ខាត៖ «បាទ! អត់ឲ្យទេ ជាដាច់ខាត ព្រោះកាប់ម៉ូទ័រប្រជាពលរដ្ឋម្តងរួចមកហើយ ហើយប្រជាពលរដ្ឋណាហ៊ានចូល ដឹងតែហ៊ានប្រឈមមុខគ្រោះថ្នាក់»។
ចំណែកពាក្យបណ្ដឹងរបស់ពលរដ្ឋ បានទៅដល់ដៃអាជ្ញាធរឃុំ ហើយមេឃុំក៏បានបញ្ជូនពាក្យបណ្ដឹងទៅឲ្យមន្ត្រីនគរបាលប៉ុស្តិ៍ ច្បារអំពៅ ដើម្បីកោះហៅពលរដ្ឋរូបនោះមកជជែក និងរកវិធីដោះស្រាយ។
ជាមួយគ្នានេះ នាយនគរបាលប៉ុស្តិ៍ឃុំច្បារអំពៅ លោក មូល សម្បត្តិ មានប្រសាសន៍ថា ខាងសមត្ថកិច្ចនឹងជួបពិភាក្សាគ្នាជាមួយ លោក គ្រាក់ ម៉ី ដើម្បីស្នើសុំឲ្យប្រជាពលរដ្ឋនៅក្នុងភូមិ អាចប្រើប្រាស់ទឹកអណ្ដូងនោះឡើងវិញ។ លោកថា ប្រសិនបើម្ចាស់ដីរូបនេះនៅតែបដិសេធ ជម្រើសមួយទៀត គឺមានតែជីកអណ្ដូងកន្លែងផ្សេងប៉ុណ្ណោះ។
ទោះជាបែបនេះក្តី មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក ប៊ូ វីរៈ មើលឃើញថា ជារឿងធ្ងន់ធ្ងរមួយនៅពេលពលរដ្ឋភាគច្រើនមិនមានទឹកប្រើប្រាស់។ លោកថា អ្នកភូមិអាចទាមទារអណ្ដូងនោះមកគ្រប់គ្រងវិញបាន តាមរយៈអាជ្ញាធរ ហើយអាជ្ញាធរមូលដ្ឋានអាចធ្វើសំណើទៅក្រសួងសុរិយោដី ដើម្បីឲ្យសើរើប្លង់កម្មសិទ្ធិដីធ្លី លោក គ្រាក់ ម៉ី ឡើងវិញ ពីព្រោះការធ្វើប្លង់កម្មសិទ្ធិកន្លងមក គឺធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍រួមរបស់អ្នកស្រុក។ បើមិនដូច្នេះទេ អាជ្ញាធរត្រូវគិតគូររកកន្លែងផ្សេង ដើម្បីជីកអណ្ដូងជូនពលរដ្ឋទាំងនោះ៕

f94077b2-62f4-4dec-88d8-860c3a525a13

Loading...

Leave a Reply

Your email address will not be published. Required fields are marked *