ពលរដ្ឋងឿងឆ្ងល់ ចំពោះសកម្មភាពគ្រឿងចក្រ ជីកកាយទន្រ្ទានយកអាចម៍ដី ជើងភ្នំឈូងស្រាយក្នុងស្រុកបាណន់ យ៉ាងអាណាធិបតេយ្យ

(បាត់ដំបង)៖ ភ្នំឈូងស្រាយជាសម្បត្តិធម្មជាតិ សាធារណៈរបស់រដ្ឋ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ត្រូវបានគេដាក់គ្រឿងចក្រទន្រ្ទានកាយយកអាចម៍ដីយ៉ាងអាណាធិបតេយ្យ ដោយមិនមានការយកចិត្តទុកដាក់ទប់ស្កាត់ពីអាជ្ញាធរនិងមន្ត្រីជំនាញ ។ទន្ទឹមនិងសកម្មភាពគ្រឿងចក្រ ជីកទន្រ្ទានកាយយកអាចម៍ដីយ៉ាងអាណាធិបតេយ្យខាងលើនេះ ប្រជាពលរដ្ឋបង្ហាញនូវការងឿងឆ្ងល់ ចំពោះសកម្មភាពគ្រឿងចក្រ ជីកកាយទន្រ្ទានយកអាចម៍ដី ជើងភ្នំឈូងស្រាយក្នុងស្រុកបាណន់ យ៉ាងអាណាធិបតេយ្យ។

ប្រជាពលរដ្ឋ មានលំនៅឋានជិតជើងភ្នំខាងលើនេះបានបង្ហើបប្រាប់ថា ជាច្រើនថ្ងៃមកហើយពួកគាត់បានសង្កេត ឃើញគ្រឿងចក្រ ចូលមកដាក់កាយទន្រ្ទានរូង យកដីជើងភ្នំដឹកចេញរាប់សិបឡានក្នុងមួយថ្ងៃៗ តែមិនដឹងថា គេយកអាចម៍ទាំងនេះ យកទៅលក់ឬ យកទៅធ្វើអ្វីនោះទេ ហើយក៏មិនធ្លាប់បានដឹងដែរថាតើវាច្បាប់ទម្លាប់ដែរ ឬអត់នោះទេ ព្រោះមិនឃើញមានអាជ្ញាធរនិងមន្ត្រីជំនាញណាម្នាក់ចុះមកធ្វើការហាមឃាត់ឬបង្ក្រាបនោះឡើយ ។

លោក អឹម ប៊ុនយូ មេឃុំតាគ្រាម បានឲ្យដឹងថា ដោយសារក្នុងភូមិទាក់ទងក្រោយទឹកជំនន់លិច ផ្លូវមួយចំនួនបានខូច ខាងភូមិនិសហគមន៍ គេបានទំនាក់ទំនង មានដៃគូរជាមួយស៊ីម៉ាក់គាត់មានគ្រឿងចក្រ គាត់ចេះតែជួយកាយក្នុងនាមរាប់អានគ្នា នៅក្នុងមូលដ្ឋាន ។ ដោយសារទឹកជនលិចផ្លូវខូចច្រើន ឯកឧត្តមប្រធានលោកបានដាក់ផែនការអោយភូមិមួយៗអភិវឌ្ឍន៍ដោយខ្លួនឯងទៅតាមលទ្ធភាពទំនាក់ទំនងធ្វើយ៉ាងម៉ិចអោយវាល្អប្រសើរឡើងវិញ។

បើតាមលោក ប៉ែន សារីយោ អភិបាលស្រុកបាណន់ បានបញ្ជាក់ថា លោក មិនបានដឹងរឿងនេះទេ ហើយជួនកាលគាត់ពឹងស៊ីម៉ាក់អោយមកជួយធ្វើ ព្រោះស៊ីម៉ាក់មានទីតាំងនៅក្បែរនោះដែរ ហើយក៏ពឹងគ្នាទៅវិញទៅមក ព្រោះដីមាននៅក្នុងស្រុកហើយ ក្នុងឃុំហើយ ផ្លូវប្រជាជនលំបាកយើងទុកធ្វើអី ហើយកតាព្វកិច្ចគ្រប់គ្រងអីអស់ហ្នឹងមានតែមន្ទីររ៉ែ ឯណោះទេន ដែលជាអ្នកចេញច្បាប់ចេញអី។ ប៉ុន្តែនៅក្នុងមូលដ្ឋានអាចថា មានបន្តិចបន្តួច សម្រាប់ជួសជុលផ្លូវ ដើម្បីកែលម្លអរមូលដ្ឋាន ធ្វើម៉ិចទេលទ្ធភាពក្នុងមូលដ្ឋានមានចេះតែកែច្នៃហើយ អ្នកណាធ្វើការត្រឹមត្រូវតាមច្បាប់គ្រប់ជ្រុងជ្រោយពេក ក៏វាមិនចេញដែរការងារនោះវាលំបាកអញ្ចឹងហើយការងារ ក្នុងមូលដ្ឋានបើយើងកែច្នៃបានចេះតែកែច្នៃទៅ។

ដោយឡែកលោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង បានបញ្ជាក់ថា ចំពោះរឿងនេះលោកនឹងអោយមន្ត្រីរបស់លោកចុះទៅពិនិត្យមើល៕

Loading...