ពលរដ្ឋចិនមានការភ័យខ្លាច​ក្រោយការផ្ទុះ​សាយភាយសារធាតុគីមីនៅក្នុងទីក្រុងភាគខាងជើង

ហេតុការណ៍ផ្ទុះ​ជាតិ​ពុល ​និង​សារធាតុ​គីមី​ដ៏​មហិមា ​នៅ​ក្នុង​ឃ្លាំង​ឧស្សាហកម្ម​មួយ​ ក្នុង​ក្រុង​ធានជីន ​កាល​ពី​ថ្ងៃ​ពុធ​ទី ១២​ សីហា ​បាន​ចោទ​ឡើង​ជា​សំណួរ ​និង​ការ​ភ័យខ្លាច​ ពី​សុវត្ថិភាព ​របស់​ប្រជា​ពលរដ្ឋ​ចិន។​ វា​ក៏​បាន​ចោទ​ជា​បញ្ហា ​ស្តីពី​ចំណាត់ការ​ ដែល​មិន​សូវ​មាន​ប្រសិទ្ធិភាព ​ព្រម​ទាំង​ប្រកប​ដោយ​ការ​លាក់លាម​ របស់​អាជ្ញាធរ​កុម្មុយនីស្ត​ចិន ​ដែល​ព្យាយាម​បិទខ្ទប់​ព័ត៌មាន​ផ្សេងៗ ​បើ​ទោះបី​វា​ជា​កាតព្វកិច្ច​របស់​ខ្លួន​ ក្នុង​ការ​លាត​ត្រដាង​ការពិត​ ជូន​ប្រជាជនយ៉ាងណាក្តី ។

ពលរដ្ឋទាំង​១៥​លាន​នាក់ ​ក្នុង​ទីក្រុង​ធានជីន ​នៅ​មិន​ទាន់​ទទួល​ទាន​ដំណេក ​បាន​ស្ងប់​នៅ​ឡើយ​ទេ ​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ ដ៏​ធំ​សម្បើម ​ផ្ទួនៗ​គ្នា​ពីរ​លើក ​នៅ​យប់​ថ្ងៃ​ពុធ​ទី ​១២ ​សីហា។ គិត​មក​ត្រឹម​ពេល​នេះ ​អ្នក​ស្លាប់​ ​មាន​ចំនួន​៥០​នាក់ ​និង​របួស​ធ្ងន់​ស្រាល​ប្រហែល​ជា​៧០០​នាក់។ ប្រជាជន​ប្រមាណ​ជា ​៦០០០​នាក់ ត្រូវ​ជម្លៀស​ចេញ ​ឲ្យ​ទៅ​ស្នាក់នៅ​កន្លែង​ផ្សេង​សិន។ រថយន្ត​ថ្មី​នាំចូល​ចំនួន​១ម៉ឺន​គ្រឿង ​ត្រូវ​ឆេះ​ខ្លោច​ គ្មាន​សល់ ​ដោយសារ​តែ​កម្លាំង​ផ្ទុះ​របស់​សារធាតុ​គីមី២លើកជាប់គ្នា ។
​មហន្តរាយ​ដ៏​គួរឲ្យ​រន្ធត់​នេះ​ ​បាន​ចោទ​ចេញ​ជា​សំណួរ​ជា​ច្រើន ​ទាក់ទិន​ទៅ​នឹង​លក្ខខណ្ឌ​សុវត្ថិភាព ​នៃ​ការ​ស្តុកទុក​សារធាតុ​គីមី ​និង​ជាតិ​ផ្ទុះ​ផ្សេងៗ ​នៅ​តាម​ឃ្លាំង​ឧស្សាហកម្ម​នៅ ​ក្នុង​ប្រទេស​ចិន។ អាជ្ញាធរ​ចិន ​រហូត​មក​ដល់​ពេល​នេះ ​នៅ​តែ​មិន​ទាន់​ផ្តល់​ព័ត៌មាន​លម្អិត ​ស្តីពី​មូលហេតុ​នៃ​ការ​ផ្ទុះ ​និង​ជា​ពិសេស ​ស្តីពី​ប្រភេទ​សារធាតុ​គីមី ​ដែល​បាន​ផ្ទុះ​នៅ​ឡើយ​ទេ។ បើ​ពិនិត្យ​ទៅ​លើ​កម្លាំង​នៃ​ការ​ផ្ទុះ ​សារធាតុ​គីមី​ទាំង​នោះ ​មិន​មែន​ជា​សារធាតុ​គីមី​សាមញ្ញ​ខ្សោយៗ​ទេ ​ពោល​គឺ​វា​អាច​ជា​សារធាតុ​គីមី​ ដែល​មាន​ជាតិ​ពុល ​និង​អនុភាព​ផ្ទុះ​ដ៏​ធំ​សម្បើម ​ព្រម​ទាំង​មាន​បរិមាណ​ច្រើន​ផងនោះ ។

ពលរដ្ឋ​ចិន ​កាន់តែ​មាន​ការ​មិន​ទុកចិត្ត​ទៅ​ទៀត ​នៅ​ពេល​ដែល​សង្កេត​ឃើញ​អាជ្ញាធរ​  ធ្វើ​ចំណាត់ការ​ បែប​លាក់លៀម​ការពិត ​ដើម្បី​ព្យាយាម​បន្ធូរបន្ថយ​ស្ថានការណ៍។ អាជ្ញាធរ​ចិន បែរ​ជា​អនុវត្តិ​វិធីសាស្ត្រ​បែប​កុម្មុយនីស្ត​ផ្តាច់ការ ​ដោយ​បាន​ព្យាយាម​លាក់បាំង​ការពិត​ បំបិទ​រាល់​មតិ​យោបល់​ រឺ​ព័ត៌មាន​ផ្សេងៗ​ស្តីពី​គ្រោះថ្នាក់។

​សារព័ត៌មាន​ចិន​ ឈ្មោះ​ ដំណឹង​ពី​ប៉េកាំង ​បាន​ចុះផ្សាយ ​ដោយ​យោង​តាម​ប្រភព​ ពី​សហគ្រាស​​ដែល​មាន​ឃ្លាំង​ផ្ទុក​ជាតិ​គីមី​ នៅ​កន្លែង​ផ្ទុះ​ថា​ ​យ៉ាង​ហោច​ណាស់ ​មាន​ជាតិ​គីមី​ ប្រភេទ​cyanure ​de​ sodium ​ចំនួន ​៧០០​តោន ​ដែល​ស្តុក​ទុក​ក្នុង​ឃ្លាំង​ នៅ​កន្លែង​កើត​ហេតុ។ មិន​ប៉ុន្មាន​ម៉ោង​ផង ​អត្ថបទ​ផ្សាយ​នេះ ​ត្រូវ​បាន​អាជ្ញាធរ​សម្ងាត់​ចិន​ លប់​ចោល​ពី​គេហទំព័រ​អ៊ីនធើនែត។ ដូចគ្នា​ដែរ​ អ្នក​សាសែត​ចិន ​និង​ហុងកុង​ជា​ច្រើន​អ្នក​ បាន​ថ្លែង​ថា ​អាជ្ញាធរ​បាន​តាម​ដាន​ រាល់​សកម្មភាព​ការងារ​របស់​ពួក​គេ ​នៅក្បែរ​កន្លែង​កើត​មានហេតុការណ៍​ផ្ទុះនោះ​។
ជាមួយ​ការ​ព្រួយបារម្ភ ​ថា​អាច​មាន​ការ​ផ្ទុះ​ថ្មី​ផ្សេង​ទៀត ​ប្រជាជន​ចិន​នៅ​ក្រុង​ធានជីន​ កំពុង​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ស្តីពី​សារធាតិ​ពុល​​ដែល​អណ្តែត​ក្នុង​បរិយាកាស ​ដោយសារ​តែ​ការ​ផ្តុះ​កាល​ពី​ថ្ងៃ​ពុធ។ អាជ្ញាធរ​បរិស្ថាន​ចិន​ ដែល​ផ្តល់​តួលេខ​មិន​ច្បាស់​លាស់ ​ស្តីពី​កម្រិត​ជាតិពុល​ក្នុង​បរិយាកាស​ ម្តង​ខ្ពស់​ម្តង​ទៀប ​បាន​ព្យាយាម​រំងាប់​ស្ថានការណ៍ ​ដោយ​ថា​អ្វីៗ​ បាន​វិល​មក​រក​ភាព​ប្រក្រតី​ ​។

នៅថ្ងៃទី១៤ ខែសីហា​ ​រដ្ឋាភិបាល​ចិន ​បាន​បញ្ជូន​កម្លាំង​ពិសេស​ចំនួន​ ២១៧​នាក់ ​ដែល​មាន​ជំនាញ​ផ្នែក ថាមពល​បរមាណូ ​និង​ជាតិ​ផ្ទុះ​គីមី​ផ្សេងៗ ​ទៅ​កន្លែង​កើត​ហេតុ​ ដើម្បី​ធ្វើ​ការ​បោស​សម្អាត​ និង​វិនិច្ឆ័យ​ពី​កម្រិត​ជាតិពុល​ ដែល​បាន​រីក​សាយភាយ​មក​ខាងក្រៅ ៕

dsew dddwe re34

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *