ពលរដ្ឋចោទក្រុមហ៊ុនកាស៊ីណូនៅប៉ោយប៉ែតថាសង់អគាររំលោភលើផ្លូវរថភ្លើង

ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រិះគន់ក្រុមហ៊ុនកាស៊ីណូ ឡាក់គី (Lucky Poi Pet) ប៉ោយប៉ែត ថាសង់អគារបនល្បែងរំលោភលើដីផ្លូវរថភ្លើងរបស់រដ្ឋដោយសេរី អាជ្ញាធរពុំទាន់ទប់ស្កាត់នៅឡើយ។ ប៉ុន្តែប្រធានការិយាល័យរៀបចំដែនដីនគរោបនីយកម្ម និងសំណង់ ក្រុងប៉ោយប៉ែត បញ្ជាក់ថា អាជ្ញាធរកំពុងចាត់វិធានការលើការងារនេះហើយ។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត និងសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លើកឡើងថា នេះគឺជាការធ្វេសប្រហែសមួយរបស់អាជ្ញាធរក្រុងដែលអនុញ្ញាតច្បាប់ ឲ្យក្រុមហ៊ុនកាស៊ីណូ សាងសង់អគារ ដោយពុំបានពិចារណាពីផលប៉ះពាល់ទ្រព្យសម្បត្តិរបស់រដ្ឋឲ្យបាន ច្បាស់លាស់។
ប្រជាពលរដ្ឋសុំមិនឲ្យបញ្ចេញឈ្មោះម្នាក់រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ថ្លែងនៅថ្ងៃទី៨ ធ្នូ ថា ក្រុមហ៊ុនបនល្បែងកាស៊ីណូ ឡាក់គី ប៉ោយប៉ែត សង់អគាររំលោភលើដីផ្លូវរថភ្លើងរបស់រដ្ឋដែលមានទំហំទទឹងប្រមាណ ៤ម៉ែត្រ និងបណ្ដោយជាង ១០ម៉ែត្រ ជាប់ផ្លូវជាតិលេខ៥ ទល់មុខការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែត យ៉ាងអនាធិបតេយ្យដោយពុំមានអាជ្ញាធរណាអើពើទប់ស្កាត់នោះទេ៖ «អ្នក មានអំណាចនៅក្រុងប៉ោយប៉ែត គួរតែបិទភ្នែកមើល ដោះស្រាយសំណង់អនាធិបតេយ្យនេះឲ្យបាន ដូចដែលអាជ្ញាធរបានចាត់វិធានការទៅលើប្រជាពលរដ្ឋក្រីក្ររស់នៅលើ ចំណីផ្លូវរថយន្តភ្លើងនាពេលកន្លងទៅ»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានការិយាល័យរៀបចំដែនដីនគរោបនីយកម្ម និងសំណង់ ក្រុងប៉ោយប៉ែត លោក ប្រាក់ ប៉ូលីន មានប្រសាសន៍ថា តួអគារកាស៊ីណូឡាក់គី ប៉ោយប៉ែត ពុំបានសាងសង់រំលោភដីផ្លូវរថយន្តនោះទេ។ ប៉ុន្តែលោកទទួលស្គាល់ថា សំយាបកាស៊ីណូនេះពិតជាបានសាងសង់ខុសពីច្បាប់អនុញ្ញាតប្រាកដមែន ហើយថា អាជ្ញាធរកំពុងមានវិធានការលើការនេះ៖ «បាទ! កាលដែលក្រុមហ៊ុនកាស៊ីណូ ឡាក់គី សង់សំយាបលើដីផ្លូវរថយន្តភ្លើងនោះ អាជ្ញាធរក្រុងប៉ោយប៉ែត បានចុះទៅដោះស្រាយម្ដងរួបមកហើយ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ក្រុមហ៊ុនកាស៊ីណូ សង់រំលោភដីផ្លូវរថយន្តនេះ ដោយសារការធ្វេសប្រហែសរបស់អាជ្ញាធរក្រុងប៉ោយប៉ែត ដែលខ្វះការសិក្សាពីផលប៉ះពាល់ឲ្យបានច្បាស់លាស់មុននឹងអនុញ្ញាត ច្បាប់ឲ្យក្រុមហ៊ុននេះសាងសង់អគារនោះ។
លោកថាអាជ្ញាធរក្រុងប៉ោយប៉ែត ត្រូវចេញមុខទទួលខុសត្រូវលើបញ្ហានេះ៖ «អាជ្ញាធរ ក្រុងប៉ោយប៉ែត ច្រើនតែឆ្លើយឲ្យផុតពីការទទួលខុសត្រូវរបស់ខ្លួននោះទេ ប៉ុន្តែជាក់ស្ដែងអាជ្ញាធរពុំបានដោះស្រាយណាមួយឲ្យមានប្រសិទ្ធភាព ឡើយ»។
ទីតាំងដីសង់អគារកាស៊ីណូ ឡាក់គី ប៉ោយប៉ែត អតីតជាដីអគារការិយាល័យប្រៃសណីយ៍ក្រុង ដែលមានទទឹងប្រមាណ ៤០ គុណនឹង ៧០ម៉ែត្រ។ ដីនេះត្រូវបានដោះដូរទៅឲ្យក្រុមហ៊ុនបនល្បែងនេះក្នុងទឹកប្រាក់ ប្រមាណ ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ កាស៊ីណូក្នុងស្រុកមួយនេះ ជារបស់លោក ភួន ផេង ដំណើរការសាងសង់នៅដើមឆ្នាំ២០១៥ រហូតមកទល់ពេលនេះសម្រេចបានប្រមាណ ៨០ភាគរយហើយ៕

image

Loading...

Leave a Reply

Your email address will not be published. Required fields are marked *