ពលរដ្ឋចោទ គ្លីនិកធ្មេញមួយ នៅស្រុកសំរោង រឿងព្យាបាលពុំមានទំនួលខុសត្រូវ

ខេត្តតាកែវ ៖ក្រុមប្រជាពលរដ្ឋ បានចោទប្រកាន់គ្លីនិក ព្យាបាលធ្មេញមួយកន្លែង យីហោ ឃុយមករា ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ថា ព្យាបាលដោយគ្មានការទទួលខុសត្រូវ ខណៈដែលអ្នកជម្ងឺម្នាក់ បានហូឈាម ក្រោយពីការដកធ្មេញ ហើយពេទ្យ បានជម្រុញឲ្យទៅព្យាបាលនៅកន្លែងផ្សេងនោះ ។

តាមសេចក្ដីរាយការណ៍ថា ទំនងជាពុំមានជំនាញត្រឹមត្រូវពេទ្យ នៃ មន្ទីរព្យាបាលធ្មេញខាងលើ បានដកធ្មេញស្ត្រីម្នាក់ កាលពីពេលថ្មីៗនេះ ហើយបានបណ្ដាលឲ្យឈាមហូរចេញពីកន្លែងដកនោះមិនឈប់ ។ ក្រោយមកស្ត្រីរងគ្រោះបានទៅឲ្យពេទ្យព្យាបាលវិញ ប៉ុន្តែត្រូវបានបដិសេធ និង ជម្រុញឲ្យទៅព្យាបាលកន្លែងផ្សេង ដោយគ្មានការទទួលខុសត្រូវឡើយ ។

ទាក់ទងបញ្ហានេះ លោក ឃុយ មករា ម្ចាស់គ្លីនិកដែលរងការចោទប្រកាន់នោះ បានថ្លែងថា មួយរយៈពេលនេះ លោកមិនបាននៅព្យាបាលនោះទេ គឺទុកឲ្យប្អូនប្រុសរបស់លោក ។ ចំណែករឿងអ្នកជំងឺមកព្យាបាលមានឈាមហូមិនឈប់ គឺវាមិនមែនជាកំហុសពេទ្យឡើយ ។ លោកបន្ដថា ពេទ្យធ្មេញរបស់លោកមានលិខិតអនុញ្ញាតិ ពីមន្ទីសុខាភិបាលខេត្តតាកែវត្រឹមត្រូវ ពុំមែនចេះតែបើកគ្មានច្បាប់នោះទេ។

ចំណែកលោក ឃូ ហួត ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិ ស្រុកបាទីបានថ្លែងថា លោកមិនបានដឹងរឿងពេទ្យធ្មេញ ឃុយ មករា ព្យាបាលមិនទទួលខុសត្រូវនោះទេ ។ ដោយលោកគ្រាន់តែដឹងថា គ្លីនិកនោះ មានលិខិតអនុញ្ញាតិត្រឹមត្រូវពីមន្ទីរសុខាភិបាលខេត្តតាកែវ តែលិខិតនោះអនុញ្ញាត្តិឲ្យបើកបន្ទប់ថែទាំមាត់ធ្មេញ មិនអនុញ្ញាតិ្តឲ្យដក-ដាក់ធ្មេញនោះទេ។

យ៉ាងណាក៍ដោយ លោក ហែម សារ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ កាលពីពេលថ្មីៗនេះ ធ្លាប់បានលើកឡើងជាសាធារណៈថា ជាងធ្មេញទាំងអស់ក្នុងខេត្តតាកែវ មិនមានច្បាប់អនុញ្ញាតិនោះទេ ហើយបានជម្រុញឲ្យមានការបញ្ឈប់ជាបន្ទាន់ ។
គួរបញ្ជាក់ថា តាមទ្រឹស្ដីវេជ្ជសាស្ត្រ គ្រូពេទ្យដែលព្យាបាលអ្នកជម្ងឺដោយខ្វះការទទួលខុសត្រូវ ត្រូវបានចាត់ទុកថា គឺជាឃាតកលាក់មុខ ។ រីឯការព្យាបាលធ្មេញ កាលពីដើមឆ្នាំនេះពហុព្យាបាលធ្មេញមួយ នៅក្នុងសង្កាត់ផ្សារដេប៉ូ រាជធានីភ្នំពេញ ក៍ធ្លាប់ធ្វើឲ្យនិស្សិតយោធាម្នាក់ ដែលទើបមកពីប្រទេសវៀតណាមស្លាប់ផងដែរ ក្រោយពីមានអាការៈស្រាវធ្មេញ ហើយទៅឲ្យពេទ្យធ្មេញនៅទីនោះព្យាបាល ។ ដូច្នេះទាំងស្ថាប័នសុខាភិបាល ក៍ដូចជាអ្នកជម្ងឺ ត្រូវតែពិចារណាឡើងវិញចំពោះករណីនេះ ។ ពោលគឺក្រសួង ឬ មន្ទីរសុខាភិបាល ត្រូវតែចាត់វិធានការជាបន្ទាន់ ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យគ្លីនិកដែលខ្វះទំនួលខុសត្រូវបែបនេះ បន្តសកម្មភាពទៅទៀតទេ ហើយអ្នកជម្ងឺ ក៍ត្រូវតែពិចារណាផងដែរ មុនពេលសម្រេចចិត្តជ្រើសរើស មន្ទីរពេទ្យណាមួយ ដែលខ្លួនត្រូវព្យាបាល ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *