ពលរដ្ឋជាង១.៥០០គ្រួសារក្នុងស្រុកទឹកឈូកំពុងរងគ្រោះដោយទឹកជំនន់

ខេត្តកំពត៖ទឹកជំនន់កំពុងបង្កជាបញ្ហាដល់ប្រជាពលរដ្ឋជាច្រើននៅស្រុកទឹកឈូ ខេត្តកំពត។ ភ្លៀងបង្អុរឥតឈប់ រួមទាំងការបើកទ្វារទឹកពីទំនប់វារីអគ្គិសនីដែលនៅក្នុងតំបន់ផង បានធ្វើឱ្យទឹកឡើងយ៉ាងគំហុក ជន់លិចលំនៅឋានរបស់ពលរដ្ឋ។
ប្រជាពលរដ្ឋ ១.៥៧១គ្រួសារ ក្នុងឃុំមួយចំនួននៃស្រុកទឹកឈូ ខេត្តកំពត កំពុងរងគ្រោះដោយទឹកជំនន់។ តាមការអះអាងរបស់ពលរដ្ឋ ទឹកជំនន់កំពុងជន់លិចឃុំចំនួន ៣ គឺឃុំម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង និងឃុំព្រៃឃ្មុំ ហើយកំពុងបន្តជន់លិចផ្នែកខ្លះទៀតនៃឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
ពលរដ្ឋម្នាក់រស់នៅភូមិស្នំប្រាំពីរ នៃឃុំម៉ាក់ប្រាង្គ លោក ជឹម ផល្លា បានអះអាងថា ទឹកជំនន់នេះកើតមានតាំងយប់ថ្ងៃទី១៥ ខែកញ្ញា និងបានរាលដាលទៅតំបន់ក្បែរនោះ ដោយសារតែមេឃនៅបន្តភ្លៀង ជាហេតុធ្វើឱ្យបរិមាណទឹកដ៏ច្រើនហូរចេញភ្នំបូកគោ និងពីទំនប់វារីអគ្គិសនីកំចាយ។ លោកបានបញ្ជាក់ថា ទឹកជំនន់នេះបានធ្វើឱ្យប៉ះពាល់ដល់លំនៅឋាន ដំណាំ និងសត្វចិញ្ចឹមរបស់ពលរដ្ឋ ។
ទាក់ទងនឹងបញ្ហាទឹកជំនន់នេះ លោក អ៊ុក ឡាយ អភិបាលស្រុកទឹកឈូ បានឱ្យវិទ្យុអាស៊ីសេរី ដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ថា អាជ្ញាធរកំពុងមមាញឹកក្នុងការត្រួតពិនិត្យ និងជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះ។ លោកបញ្ជក់ថា អាជ្ញាធរមិនទាន់អាចវាយតម្លៃពីផលប៉ះពាល់នៃគ្រោះទឹកជំនន់នេះបាន នៅឡើយ ប៉ុន្តែលោកបញ្ជាក់ថា មិនមានពលរដ្ឋណាបាត់បង់ជីវិតនោះឡើយ ។
អភិបាលស្រុកទឹកឈូ លោក អ៊ុក ឡាយ បានបដិសេធការលើកឡើងថា ទឹកជំនន់យ៉ាងគំហុកនេះបណ្ដាលមកពីក្រុមហ៊ុនទំនប់វារីអគ្គិសនីកំចាយ បើកទ្វារទឹក។ លោកបញ្ជាក់ថា ដោយសារតែបរិមាណទឹកច្រើនពេក ដូចនេះក្រុមហ៊ុនត្រូវតែបើកទ្វារទឹកដើម្បីកុំឱ្យបាក់ទំនប់ ប៉ុន្តែក្រុមហ៊ុនបានជូនដំណឹងទៅអាជ្ញាធរ និងពលរដ្ឋរួចរាល់ហើយ ដើម្បីត្រៀមខ្លួនទុកជាមុន។ លោក អ៊ុក ឡាយ បានអះអាងថា អាជ្ញាធរ និងភាគីពាក់ព័ន្ធនានា ជាអ្នកទទួលខុសត្រូវលើរឿងនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋរងគ្រោះនៅតែអំពាវនាវឱ្យអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធជួយអន្តរាគមន៍ឱ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាព ដើម្បីកុំឱ្យពួកគាត់រងផលប៉ះពាល់ច្រើនជាងនេះ៕

image

Loading...

Leave a Reply

Your email address will not be published. Required fields are marked *