ពលរដ្ឋជាង៣០០គ្រួសារមកពីភូមិចំនួន៦ក្នុងសង្កាត់សាមគ្គីបានទទួលអំណោយមនុស្សធម៍មួយចំនួនពីតំណាងកាកបាទក្រហមកម្ពុជា

ខេត្តស្ទឹងត្រែងៈ អំណោយមនុស្សធម៍របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចគតិព្រឹទ្ធិបណ្តិតប៊ុន រានីហ៊ុនសែន ត្រូវបានលោកជំទាវ ពុំ ទីនី អគ្គរដ្ឋលេខាធិការតំណាងកាកបាទក្រហមកម្ពុជាព្រមទាំងមានការចូលរួមពីសំណាក់អភិបាលខេត្តស្ទឹងត្រែងអភិបាលក្រុង និងអង្គភាពមន្ទីជុំវិញខេត្តបានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារមកពីភូមិចំនួន៦ភូមិក្នុងសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង។ អំណោយ ដែលតំណាងកាកបាទក្រហមកម្ពុជាបាននាំមកយកចែកនោះបានធ្វើឡើងនៅរសៀលថ្ងៃ២២មេសា២០១៨ក្នុងសាលាឃុំសាមគ្គីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។

នៅក្នុងការចែកអំណោយនោះលោកម៉ុមសារឿនអភិបាលខេត្តស្ទឹងត្រែងបានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារ ដែលមកពីភូមិចំនួន៦ក្នុងសង្កាត់សាមគ្គីអំពីការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់គ្នាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែគិតគូរដល់ប្រជាពលរដ្ឋយើងរហូតមក។

ជាមួយគ្នានេះផងដែរលោកជំទាវ ពុំ ទីនី រដ្ឋលេខាធិការតំណាងកាកបាទក្រហមកម្ពុជាក៏បានសំណេះសំណាលជាមួយប្រជាពលរដ្ឋព្រមទាំងពន្យល់ពីការប្រុងប្រយ័ត្នការពារផ្ទះសម្តែង និងថែទាំសុខភាពរបស់ជុំវិញការរស់នៅរបស់ខ្លួន។លោកជំទាវបន្តថានៅប្រទេសយើងមិនសូវមានគ្រោះធម្មជាតិទេ បើមានត្រឹមតែមានខ្យល់កន្ត្រាក់ ពិសេសនោះគឺមានរន្ទះបាញ់អាចបណ្តាលអោយស្លាប់មនុស្ស។លោកជំទាវបន្ថែមថានៅក្នុងករណីភ្លើងឆេះផ្ទះមិនមែនជាគ្រោះធម្មជាតិឡើយវាកើតឡើងពីការធ្វេសប្រហែសរបស់មនុស្សយើង។

ក្រោយការសំណេះសំណាល និងសួរសុខទុកនោះរួចមកលោកជំទាវតំណាងកាកបាទក្រមកម្ពុជា ដែលមានសម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រានី ហ៊ុន សែន បានចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន៣១២គ្រួសារមកពីភូមិចំនួន៦ក្នុងសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង។អំណោយ ដែលចែកជូនក្នុង១គ្រួសារទទួលបាន មី១កេះ ត្រីខ១យួរ មុង១ សារ៉ុង១ ក្រម៉ា១ ភួយ១ និងអង្ករ៣០គីឡូក្រាម។

សូមជម្រាបថាកាលពីព្រឹកថ្ងៃដដែលលោកជំទាវរដ្ឋលេខាធិការតំណាងកាកបាទក្រហមកម្ពុជាព្រមទាំងអាជ្ញាធរខេត្តក្រុងស្ទឹងត្រែងក៏បាននាំយកអំណោយរបស់សម្តេចគតិព្រឹទ្ធិបណ្ឌិតប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅជូនប្រជាពលរដ្ឋនៅភូមិអូរម្រះឃុំអូរម្រះស្រុកសៀមបូកចំនួន២៨៥គ្រួសារផង ៕ ឡុងកាន់សំនៀង

Loading...