ពលរដ្ឋជាង៥០០នាក់នៅភូមិចាក់ខ្លាញ់ផ្ទុកវីរុស Influenza A H1N1 pdm

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីវេលាម៉ោង៣និង៣៤នាទីរសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ បានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនថា ពលរដ្ឋប្រុស ស្រី ក្មេងចាស់ រស់នៅក្នុងភូមិចាក់ខ្លាញ់ ខេត្តព្រៃវែង រហូតមកដល់ពេលនេះមានឆ្លងជំងឺផ្តាសាយតៗគ្នា ហើយបានមកពិគ្រោះជំងឺផ្តាសាយចំនួនជាង៥០០នាក់ហើយ ។ ប្រភពអះអាងថា មេរោគ ដែលបង្កជំងឺផ្តាសាយនេះ ឈ្មោះ Influenza A H1N1 pdm ។

នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មន្រ្តីសុខាភិបាល បានចុះ ឆ្លើយតប និងអប់រំប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅភូមិចាក់ខ្លាញ់ ឃុំបាបោង ស្រុកពាមរ៌ ខេត្តព្រៃវែង ។

សូមបញ្ជាក់ថា នៅទីតាំងខាងលើនេះ មានឆ្លងជំងឺផ្តាសាយតៗគ្នាច្រើន រហូតមានពិគ្រោះជំងឺ ផ្តាសាយចំនួនជាង ៥០០នាក់ ។ មេរោគដែលបង្ក ជំងឺផ្តាសាយឈ្មោះ Influenza A H1N1 pdm ។

រដូវភ្លៀងជារដូវ ដែលមានឆ្លងជំងឺផ្តាសាយច្រើន ដូច្នេះសូមបងប្អូន ទាំងអស់មានប្រយ័ត្នខ្ពស់ដើម្បីកុំឲ្យចំលងជំងឺផ្តាសាយ» ។

សូមបញ្ជាក់ថា កាលពីបី បួនថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋទាំងចាស់ ទាំក្មេង ប្រុស ស្រី នៅភូមិចាក់ខ្លាញ់ ស្រុកពាមរ៌ បានកើតជំងឺ ក្អក ផ្តាសាយ និងជំងឺរលាកផ្លូវដង្ហើម ហើយបានឆ្លងតៗគ្នា ពីអ្នកជំងឺម្នាក់ ទៅអ្នកជំងឺម្នាក់ទៀតយ៉ាងឆាប់រហ័ស ។

លោកនាង សំបុក មេភូមិចាក់ខ្លាញ់ បានអោយដឹងថា ករណីនេះបានកើតឡើង៣ទៅ៤ថ្ងៃមកហើយ ។ មុនដំបូងឡើយ ជំងឺនេះបានកើឡើងនៅនៅចុងភូមិខាងជើង ក្រោយមករយៈពេលពីរទៅបីថ្ងៃ ជំងឺបានរាតត្បាតដល់កណ្តាលភូមិ និងចុងភូមិខាងត្បូង ពេញមួយភូមិតែម្តង ។

ប្រភពបញ្ជាក់ថា ពលរដ្ឋក្នុងភូមិមាន៤២៣គ្រួសារ ស្មើនឹង១៨៣៨នាក បានកើតជំងឺនេះ ទាំងធ្ងន់ ទាំងស្រាល ហើយមកដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ អ្នកជំងឺបានឡើងដល់៥៥២នាក់ ។

លោក នាង សំបុក បានការសន្និថានថា ទី១ មកពីអាកាសធាតុក្តៅស្ងួតខ្លាំងពេក លុះពេលមេឃមានភ្លៀងធ្លាក់ ចំហាយផែនដីក្តៅឆួលឡើង បណ្តាលឲ្យមាន់ ទា ទាំងហ្វូងឈឺ ងាប់ភ្លាមៗតែម្តង ។ ទី២ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ពួកគាត់មិនយកមាន់ ទា ដែលងាប់នោះ ទៅកប់ចោលទេ គឺពួកគាត់ ទុកធ្វើម្ហូបអាហារដើម្បីបរិភោគ រីឯគ្រួសារចិញ្ចឹមមាន់ ទា ដែលងាប់ ក្នុងមួយថ្ងៃពី១០ទៅ២០ក្បាលនោះ ម្ចាស់ចិញ្ចឹមមាន់ ទា នេះ ចេះតែលក់អោយអ្នកភូមិក្នុងតម្លៃថោកគឺ១ក្បាល៣ពាន់ទៅ៤ពាន់រៀលប៉ុណ្ណោះ ទើប ប្រជាពលរដ្ឋក្រីក្រ ចេះតែទិញហូបហើយក៏ឈឺតៗគ្នារហូតពេញទាំងភូមិតែម្តង ។

ក្រុមគ្រូពេទ្យជំនាញៗជាច្រើននាក់បានចុះទៅដល់ទីតាំងផ្ទុះជំងឺខាងលើនេះ ដើម្បីពិនិត្យជាក់ស្តែង ខណៈដែលរថយន្តសង្គ្រោះ ដឹកអ្នកជំងឺដែលមានអាការធ្ងន់ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនាក់លឿង រីឯអ្នកជំងឺខ្លះទៀត ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តព្រៃវែង ។

រហូតមកដល់ព្រលប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ គេហទំព័រឧត្តមគតិខ្មែរ មិនទាន់ទទួលបានព័ត៌មានថ្មីណាមួយស្តីអំពីស្ថានភាពប្រែប្រួលរបស់អ្នកជំងឺនៅឡើយទេ ។ គេមិនដឹងថា តើអ្នកជំងឺទាំងអស់នោះ មានអាការធ្ងន់រហូតដល់បាត់បង់ជីវិត ឬបានធូរស្បើយខ្លះដែរឬយ៉ាងណាទេ ៕ សុមេធ

11

5

ss

ses

dse

6

4

3

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *