ពលរដ្ឋជិត២០០នាក់ផ្អាកគម្រោងធ្វើបាតុកម្មមុខសាលាដំបូងខេត្តរតនគិរី

ខេត្ត​រតនគិរី៖ពលរដ្ឋ​ជិត ២០០​នាក់ ជួប​ជុំ​នៅ​សមាគម​អាដហុក (ADHOC) គ្រោង​ធ្វើ​បាតុកម្ម​មុខ​សាលា​ដំបូង​ខេត្ត​រតនគិរី នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​តុលា ទាក់ទិន​ជម្លោះ​ដីធ្លី​ជាមួយ​អ្នក​មាន​ប្រាក់ និង​មាន​អំណាច ប៉ុន្តែ​គម្រោង​បាតុកម្ម​ត្រូវ​បាន​ផ្អាក ដោយសារ​ចៅក្រម​ជំនុំ​ជម្រះ អ្នកស្រី សួស ឡា ពន្យារ​ពេល​បើក​សវនាការ​លើ​រឿង​ក្តី​នេះ។ ពលរដ្ឋ​អះអាង​ថា គម្រោង​បាតុកម្ម​នេះ ដោយសារ​តែ​ពួក​គាត់​បារម្ភ​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​នេះ ផ្តល់​នូវ​ភាព​អយុត្តិធម៌​ចំពោះ​ពលរដ្ឋ។

ពលរដ្ឋ​ចំនួន ១១២​គ្រួសារ រស់នៅ​ភូមិ​បរឡយ ឃុំ​កិះចុង ស្រុក​បរកែវ នៅ​ថ្ងៃ​ទី​២៦ តុលា អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន អន្តរាគមន៍​ចំពោះ​អ្នក​មាន​ប្រាក់ និង​មាន​អំណាច រំលោភ​យក​ដី​ពួក​គាត់​ចំនួន ១៨៦​ហិកតារ។ ការ​អំពាវនាវ​នេះ កើត​ឡើង​ស្រប​ពេល​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ពុំ​អាច​ដោះស្រាយ​បញ្ចប់​ជម្លោះ​នោះ​បាន​ទេ។ ដូច្នេះ ករណី​នេះ​ជា​ភារកិច្ច​របស់​តុលាការ​ខេត្ត​រតនគិរី ជំនុំ​ជម្រះ​ក្តី។

តំណាង​ពលរដ្ឋ​រស់នៅ​ភូមិ​បរឡយ លោក សូត្រ សឿន រៀបរាប់​ថា ក្រុម​ពលរដ្ឋ​មក​តវ៉ា​ដើម្បី​រក​យុត្តិធម៌ ករណី​ជម្លោះ​ដីធ្លី​កាល​ពី​ឆ្នាំ​២០១២ នៅ​មិន​ទាន់​ដោះស្រាយ​បញ្ចប់។ លោក​ចោទ​ប្រកាន់​ថា លោក ហ៊ាង សុជាតិ បាន​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្ងាត់ៗ​ជាន់​ដី​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​កំពុង​រស់នៅ និង​អាស្រ័យ​ផល កាល​ពី​ឆ្នាំ​២០១២។ លោក សូត្រ សឿន បញ្ជាក់​ថា ដី​ដែល​ពលរដ្ឋ​រស់នៅ​បច្ចុប្បន្ន គឺ​ជា​ដី​យោធា​ភូមិ​ភាគ​១ ដោយ​អតីត​មេ​បញ្ជាការ​ភូមិ​ភាគ​១ លោក ស៊ើយ កែវ ធ្លាប់​សរសេរ​លិខិត​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ បាន​បដិសេធ​មោឃភាព​នៅ​សាលា​ខេត្ត​រតនគិរី ចំពោះ​លិខិត​ស្នាម​របស់ លោក ហ៊ាង សុជាតិ ដែល​យក​ឯកសារ​របស់ លោក ស៊ើយ កែវ ក្លែង​បន្លំ​ជា​លិខិត​ផ្ទេរ​សិទ្ធិ ដើម្បី​ធ្វើ​ប្លង់​រឹង​សម្រាប់​ប្រយោជន៍​បុគ្គល​ឯកជន និង​កាន់​កាប់​លើ​ដី​ដែល​ពលរដ្ឋ​រស់នៅ​បច្ចុប្បន្ន ដែល​មិន​ទាន់​ឯកភាព​ពី លោក ស៊ើយ កែវ នៅ​ឡើយ។ ចំណែក​ក្រុម​ពលរដ្ឋ​ជាង ១០០​គ្រួសារ ធ្លាប់​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ថ្នាក់​ជាតិ និង​រដ្ឋសភា ស្នើសុំ​កាន់​កាប់​ដី​ចំនួន ១៨៦​ហិកតារ ដែល​កំពុង​រស់នៅ​បច្ចុប្បន្ន៖ «បាតុកម្ម ​គាត់​ទាមទារ​ព្រួយ​បារម្ភ​ខ្លាច​តុលាការ​កាត់​ក្តី​ឲ្យ​គាត់​បាត់បង់​ ដីធ្លី​លំនៅឋាន ដី​ចម្ការ​របស់​គាត់​ហ្នឹង។ ដាំ​ដុះ​ចិញ្ចឹម​ជីវិត​បន្ត​រហូត​មក​ទល់​ថ្ងៃ​នេះ មិន​មាន​ដំណោះស្រាយ​អី​ទេ ស្រាប់​មាន​ដីកា​រក្សា​ការពារ​មួយ និង​លិខិត​ជំនុំ​ជម្រះ​ក្រម​ព្រហ្មទណ្ឌ​មាត្រា​២៩៥»

យើងមិន​អាច​ទាក់ទង លោក ហ៊ាង សុជាតិ ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ តុលា។

ចំណែក​ប្រធាន​សាលា​ដំបូង​ខេត្ត​រតនគិរី លោក សួស ឡា បញ្ជាក់​យ៉ាង​ខ្លី​ថា សេចក្តី​សម្រេច​របស់​ចៅក្រម​ជំនុំ​ជម្រះ នឹង​ត្រូវ​លើក​ពេល​ក្រោយ។ ចំណែក​ការ​តវ៉ា​របស់​ពលរដ្ឋ​នោះ លោក​ពុំ​អាច​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ តុលា ព្រោះ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ជំនុំ​ជម្រះ៖ «ចៅក្រម​ជំនុំ​ ជម្រះ​ផ្សេង​ខ្ញុំ​អត់​ដឹង​ថា យល់​យ៉ាង​ម៉េច? ព្រោះ​អត់​បាន​មើល​រឿង​ទេ។ ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង ទី​១ ខ្ញុំ​មិន​មែន​ជា​ចៅក្រម​កាន់​រឿង​ហ្នឹង​ទេ»

កាល​ពី​ឆ្នាំ​២០១៣ សាលា​ដំបូង​ខេត្ត​រតនគិរី បាន​ចោទ​ប្រកាន់​តំណាង​ពលរដ្ឋ​ចំនួន ៤​នាក់ ពី​បទ​រំលោភ​កាន់​កាប់​អចលវត្ថុ​អ្នក​ដទៃ​ដោយ​ខុស​ច្បាប់ នៃ​ក្រម​ព្រហ្មទណ្ឌ​ត្រង់​មាត្រា​២៩៥ ក្រោម​ពាក្យ​បណ្ដឹង​របស់ លោក ហ៊ាង សុជាតិ។ ចំណែក​ពលរដ្ឋ​ទាំង ៥​នាក់​នោះ បាន​ដាក់​ពាក្យ​ស្នើសុំ​នៅ​ក្រៅ​ឃុំ ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលា។

ទាក់ទង​ករណី​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា លិខិត​កាន់​កាប់​ដីធ្លី​របស់ លោក ហ៊ាង សុជាតិ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​២០១២ អាច​មាន​ភាព​មិន​ប្រក្រតី ស្រប​ពេល​ដី​នោះ​ជាន់​ដី​ពលរដ្ឋ​ចំនួន ១១២​គ្រួសារ​កំពុង​រស់នៅ និង​អាស្រ័យ​ផល។ លោក​ថា ប្រធាន​សាលា​ដំបូង​ខេត្ត លោក សួស ឡា ផ្តល់​សញ្ញា​វិជ្ជមាន​ដល់​សមាគម​អាដហុក ដោយ​បញ្ជាក់​ថា នឹង​ពិនិត្យ​ចំពោះ​សំណុំ​រឿង​នេះ​ឡើង​វិញ។ លោក​ក៏​អំពាវនាវ​ឲ្យ​សាលា​ដំបូង​ខេត្ត​រតនគិរី ស៊ើប​អង្កេត​ពី​ប្លង់​កាន់​កាប់​ដីធ្លី​របស់ លោក ហ៊ាង សុជាតិ ដោយ​សុក្រឹត ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ៖ «ការ​អន្តរាគមន៍​របស់​ប្រធាន​ តុលាការ គាត់​សន្យា​មក​សមាគម​អាដហុក ថា​នឹង​ពិនិត្យ​មើល​សំណុំ​រឿង​ឡើង​វិញ។ យើង​សង្ឃឹម​ថា នឹង​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​នូវ​ការ​ចេញ​ប័ណ្ណ (ប្លង់​ដី) ដែល​មាន​ការ​សង្ស័យ​ពុំ​មាន​ភាព​ប្រក្រតី អាច​បង្ក​ឲ្យ​មាន​ទំនាស់​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​គាត់​រស់នៅ​តាំង​ពី​យូរ​ ណាស់​មក​ហើយ»

កាល​ពី​ឆ្នាំ​២០១៣ សាលា​ដំបូង​ខេត្ត​រតនគិរី ចេញ​ដីកា​រក្សា​ការពារ​ដី​ចំនួន ១៨៦​ហិកតារ ដែល​ពលរដ្ឋ​ចំនួន ១១២​គ្រួសារ​កំពុង​រស់នៅ។ ក្នុង​ដីកា​នោះ បញ្ជាក់​ថា ហាម​មិន​ឲ្យ​ពលរដ្ឋ​សាងសង់​លើ​ដី​នោះ និង​ហាម​មិន​ឲ្យ​ពលរដ្ឋ​លក់​ដូរ។ បច្ចុប្បន្ន ពលរដ្ឋ​ចំនួន ១៩១​គ្រួសារ កំពុង​រស់នៅ​លើ​ដី​មាន​ជម្លោះ​នោះ មាន​ទំហំ ១៨៦​ហិកតារ ឋិត​នៅ​ភូមិ​បរឡយ ឃុំ​កិះចុង ស្រុក​បរកែវ ហើយ​ក្រុម​ពលរដ្ឋ​ទាំង​នោះ ភាគ​ច្រើន​ជា​ពលរដ្ឋ​ចំណាក​ស្រុក​មក​ពី​ខេត្ត​មួយ​ចំនួន ដូចជា ខេត្ត​កំពង់ចាម និង​ខេត្ត​ព្រៃវែង ជាដើម៕

 

image

Loading...

Leave a Reply

Your email address will not be published. Required fields are marked *