ពលរដ្ឋតវ៉ាឲ្យក្រុមហ៊ុនស្រាបៀរអង្គរដកភាគហ៊ុនចេញពីគម្រោងសាងសង់ទំនប់ដនសាហុង

អង្គការផ្នែកបរិស្ថាន ប្រជាសហគមន៍ និងក្រុមយុវជនប្រមាណជាង ១០០នាក់ នៅថ្ងៃទី២៦ ខែកុម្ភៈ នេះ បានប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខក្រុមហ៊ុនស្រាបៀរអង្គរ ដើម្បីដាក់ញត្តិទាមទារឲ្យម្ចាស់ក្រុមហ៊ុននេះ ដកភាគហ៊ុនរបស់ខ្លួនចេញពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ក្នុងប្រទេសឡាវ ជាបន្ទាន់។ ចំណែកតំណាងក្រុមហ៊ុនអះអាងថា ក្រុមហ៊ុនស្រាបៀរអង្គរ មិនជាប់ទាក់ទងនឹងគម្រោងនេះទេ។ក្រុមអ្នកតវ៉ាអះអាងថា ក្រុមហ៊ុនស្រាបៀរអង្គរ មានភាគហ៊ុន ៥០% នៅក្នុងគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ដែលគម្រោងនេះកំពុងតែផ្ដល់ផលប៉ះពាល់ទៅលើជីវចម្រុះ និងជីវភាពប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គនៅក្នុងប្រទេស កម្ពុជា។ប្រធានស្ដីទីនៃយុវជនការពារសង្គម និងបរិស្ថាន លោក ជុំ ហួត ថ្លែងថា ការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ដែលមានចម្ងាយមិនដល់ ២គីឡូម៉ែត្រពីព្រំដែនកម្ពុជា នឹងប៉ះពាល់ដល់ប្រជាជនដែលរស់នៅតាមដងទន្លេ ពិសេសនៅខេត្តស្ទឹងត្រែង ក្រចេះ ទន្លេមេគង្គ និងបឹងទន្លេសាប។ លោកថា លោក ហ្គោ ណាន់ គៀស (Goh Nan kioh) អ្នកជំនួញជនជាតិម៉ាឡេស៊ី ដែលជាម្ចាស់ក្រុមហ៊ុនមេហ្គា ហ្វើស (Mega First Corporationberhad) និងជាម្ចាស់ហ៊ុនស្រាបៀរអង្គរ ដែលកំពុងមានប្រជាប្រិយភាព ត្រូវតែដកភាគហ៊ុន ៥០% របស់ខ្លួនចេញពីការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ជាបន្ទាន់។តំណាងសហគមន៍អេកូទេសចរណ៍ព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលរងគ្រោះផ្ទាល់ពីទំនប់វារីអគ្គិសនីដនសាហុង លោក ផយ វណ្ណា ឲ្យដឹងដែរថា បច្ចុប្បន្នការសាងសង់កំពុងដល់ដំណាក់កាលបិទទន្លេដែលជាច្រកទឹក សំខាន់រវាងឡាវ និងកម្ពុជា។ លោកថា បញ្ហានេះកំពុងតែគំរាមកំហែងដល់វិស័យទេសចរណ៍ និងវិស័យកសិកម្មនៅក្នុងតំបន់ ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រជាសហគមន៍ ។ក្រោយការតវ៉ាអស់រយៈពេលជិត ២ម៉ោងមក តំណាងក្រុមហ៊ុនស្រាបៀរអង្គរ លោក ឆេង លាភ បានចេញមកទទួលញត្តិពីក្រុមអ្នកតវ៉ា។ ប៉ុន្តែតំណាងក្រុមហ៊ុនរូបនេះអះអាងថា ក្រុមហ៊ុនស្រាបៀរអង្គរ មិនជាប់ពាក់ព័ន្ធនឹងការសាងសង់ទំនប់នេះនោះទេ ។រដ្ឋសភាប្រទេសឡាវ បានអនុម័តលើកិច្ចព្រមព្រៀងយល់ព្រមឲ្យសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង ដែលចម្រូងចម្រាសកាលពីដើមខែសីហា ឆ្នាំ២០១៥។ រដ្ឋាភិបាលឡាវ សហការសាងសង់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍របស់ប្រទេសម៉ាឡេស៊ី ឈ្មោះមេហ្គា ហ្វើស។គម្រោងទំនប់វារីអគ្គិសនីដនសាហុង ដែលមានកម្លាំងផលិតអគ្គិសនីចំនួន ២៦០មេហ្គាវ៉ាត់នេះ ជាផែនការរបស់រដ្ឋាភិបាលឡាវ ដើម្បីប្រែក្លាយប្រទេសឡាវ ទៅជាប្រភពថាមពលសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ ឡាវ រំពឹងថា នឹងទទួលបានប្រាក់ចំណូលពីការលក់អគ្គិសនីទៅបណ្ដាប្រទេសជិតខាង។ញត្តិទាមទាររបស់សង្គមស៊ីវិលនៅកម្ពុជា ប្រមាណ ៣០ស្ថាប័ន ដែលជាក់ជូនក្រុមហ៊ុនស្រាបៀរអង្គរ នៅថ្ងៃទី២៦ ខែកុម្ភៈ នេះ បង្ហាញថា គម្រោងដនសាហុង នេះ នឹងប៉ះពាល់ដល់កម្រិតលំហូរទឹកទន្លេមេគង្គ និងបំផ្លាញប្រព័ន្ធផ្លាស់ទីរបស់ត្រីនៅតាមតំបន់ទន្លេមេគង្គក្រោម ព្រមទាំងនឹងប៉ះពាល់ដល់ប្រជាជនជាង ៦០លាននាក់ ដែលជាប្រទេសជិតខាងរបស់ឡាវ មានកម្ពុជា ថៃ និង វៀតណាម ដែលនៅតំបន់មេគង្គក្រោម។ សង្គមស៊ីវិលនៅតែស្នើឲ្យមានការអន្តរាគមន៍បញ្ឈប់ការងារសាងសង់ទំនប់ ដនសាហុង ជាបន្ទាន់៕

IMG-11

Loading...

Leave a Reply

Your email address will not be published. Required fields are marked *