ពលរដ្ឋទួរគីចេញការពាររបបលទ្ធិប្រជាធិបតេយ្យ ក្រោយការប៉ុនប៉ងរដ្ឋប្រហារមិនបានសម្រេច

ពលរដ្ឋទួរគីជាច្រើននាក់ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល ក៏ដូចនៅតាមទីក្រុងផ្សេងដទៃទៀតបានប្រមូលផ្តុំជួបជុំគ្នា បន្ទាប់ពីការអំពាវនាវ​របស់អាជ្ញាធរឲ្យមានការចូលរួមការពាររបបលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធាទទួលបរាជ័យរួចមក ។

មិនដល់រយៈពេល២៤ម៉ោងផង ពលរដ្ឋរាប់ពាន់នាក់បានជួបជុំគ្នា ។

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan មានបំណងចង់ធ្វើបត្យាប័ន​បព្វជិត Fethullah Gulen ដែលមានមូលដ្ឋាននៅអាមេរិក ពាក់ព័ន្ធការធ្វើរដ្ឋប្រហារមិនបានសម្រេច ។ លោក Gulen បដិសេធការជាប់ពាក់ព័ន្ធជាមួយការធ្វើរដ្ឋប្រហារ ។

ទាហានជិត៣ពាន់នាក់ត្រូវបានចាប់ឃុំ និងជិត២៧០០នាក់ផ្សេងទៀត​ត្រូវផ្តន្ទាទោស បន្ទាប់ពីរដ្ឋាភិបាលបានគ្រប់គ្រងអំណាចឡើងវិញ ។

ឧត្តមសេនីយ៍ច្រើនរូបស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវឃុំខ្លួនទាំងនោះ ។

នាយករដ្ឋមន្ត្រីទួរគី លោក Binali Yildirim បានហៅការប៉ុនប៉ងរដ្ឋប្រហារនេះជា«ស្នាមប្រឡាក់ខ្មៅមួយលើរបបលទ្ធិប្រជាធិបតេយ្យទួរគី» ។

តួលេខផ្លូវការស្តីអំពីជនស៊ីវិល និងប៉ូលិសដែលបាត់បង់ជីវិត​ក្នុងការធ្វើរដ្ឋប្រហារនោះមានចំនួន១៦១នាក់ ។ រីឯទាហាងខាងក្រុមធ្វើរដ្ឋប្រហារស្លាប់១០៤នាក់ ។ ចំណែកអ្នករងរបួសមានសរុប១៤៤០នាក់ ។

លោក ចន ឃើរី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានជំរុញអាជ្ញាធរទួរគីគោរពគោលការណ៍ច្បាប់ទម្លាប់ ខណៈដែលស៊ើបអង្កេតការប៉ុនប៉ងធ្វើរដ្ឋប្រហារ ។

ជាមួយគ្នានេះ លោក ចន ឃើរី បានព្រមានរដ្ឋមន្ត្រីក្រសួងការបរទេសទួរគី Mevlut Cavusoglu អំពីការស្នើសុំជាសាធារណៈឲ្យអាមេរិកធ្វើអ្វីម្យ៉ាងចំពោះការធ្វើរដ្ឋប្រហារដែលមិនទទួលបានជោគជ័យ ព្រមទាំងការគំរាមកំហែងដល់ទំនាក់ទំនងមិត្តភាព ។

អាមេរិកបានបញ្ជាក់ឲ្យទួរគីផ្តល់ភស្តុតាងជាក់លាក់ផងដែរ មុនពេលស្នើសុំធ្វើបត្យាប័ន Fethullah Gulen ត្រូវបានពិចារណានោះ ។

បញ្ហានេះអាចប៉ះពាល់ប្រតិបត្តិការដឹកនាំដោយអាមេរិក​ប្រឆាំងទៅលើក្រុមរដ្ឋអិស្លាម​នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ។ ប្រទេសទួរគីបានបិទបន្ទាយកងទ័ពជើងអាកាស Incirlik -ទីដែលកងទ័ពជើងអាកាសអាមេរិកកំពុងឈរជើង- អំឡុងពេលរដ្ឋប្រហារកើតឡើង ។

សហរដ្ឋអាមេរិកបានផ្តល់យោបល់ប្រជាពលរដ្ឋរបស់ខ្លួន​កុំឲ្យធ្វើដំណើរណាមួយទៅកាន់ប្រទេសទួរគី ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ជនបរទេស និងអ្នកទេសចរណ៍អាមេរិកជាគោលដៅយ៉ាងជាក់លាក់របស់អង្គការភេរវភាគតិច និងអន្តរជាតិ ។

ការធ្វើរដ្ឋប្រហារចាប់ផ្តើមឡើងកាលពីល្ងាចថ្ងៃសុក្រ (សប្តាហ៍មុន) នៅពេលដែលរថក្រោះបានចូលគ្រប់គ្រងផ្លូវទឹកយ៉ាងសំខាន់២នៅក្នុងទីក្រុងអីស្តែនប៊ូល ព្រមទាំងបិទចរាចរណ៍ឆ្លងកាត់ ។ កម្លាំងទាហានច្រើននាក់​ត្រូវបានដាក់ពង្រាយនៅតាមដងវិថីនានា ហើយការហោះហើរយន្តហោះក្នុងកម្ពស់ទាមរបស់យោធាបានកើតមានឡើងនៅលើទីក្រុងអង់ការ៉ា ។

បន្ទាប់មកទៀត​ បក្ខពួកទាហានមួយក្រុមបានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា «ក្រុមប្រឹក្សាសន្តិភាព» បាននិងកំពុងដឹកនាំទួរគី និងធ្វើរដ្ឋប្រហារ ដើម្បី«ធានា និងស្តារឡើងវិញរបៀបរៀបរយ ច្បាប់ទម្លាប់ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិរីភាព» ។

អំឡុងពេលអំពើហិង្សាកើតឡើងនោះ ទីតាំងអគាររដ្ឋសភាប្រទេសទួរគី និងវិមានប្រធានាធិបតី​នៅក្នុងទីក្រុងអង់ការ៉ា បានទទួលរងការវាយប្រហារ ។

មានសេចក្តីរាយការណ៍ផងដែរថា មានការប៉ះទង្គិចទៅវិញទៅមកនៅទីលាន Taksim Square ។ នៅទីនោះ ស្នូរផ្ទុះអាវុធ និងគ្រាប់បែកត្រូវបានបន្លឺឡើង ។ ឧទ្ធម្ភាគចក្រ១គ្រឿងរបស់ក្រុមរដ្ឋប្រហារត្រូវបាញ់ទម្លាក់ដោយកងកម្លាំងរដ្ឋាភិបាលនៅក្នុងទីក្រុងអង់ការ៉ា ។

ប្រធានាធិបតីទួរគី Erdogan ដែលគ្រានោះកំពុងស្ថិតនៅតំបន់រមណីយដ្ឋាន Marmaris ភាគនីរតី បានថ្លែងសុន្ទរកថានៅលើកញ្ចក់ទូរទស្សន៍ តាមរយៈប្រព័ន្ធទូរស័ព្ទ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋទួរគីចូលរួមប្រឆាំងការធ្វើរដ្ឋប្រហារនេះ ។

ក្រោយធ្វើដំណើរទៅដល់ទីក្រុងអីស្ទែនប៊ូល លោក Erdogan បានថ្លែងថា «អ្វីដែលគេបានធ្វើឡើងនោះជាទង្វើក្បត់ជាតិ និងជាពួកឧទ្ទាម ។ ពួកគេនឹងទទួលលទ្ធផលតបស្នងដ៏ស័ក្តិសមជាទីបំផុត» ។

ជនដែលទទួលរងការចោទប្រកាន់ថា ជាអ្នករៀបចំធ្វើរដ្ឋប្រហារ៨នាក់បានធ្វើដំណើរទៅកាន់ប្រទេសក្រិច ស្នើសុំសិទ្ធិជ្រកកោនខាងនយោយបាយ ។ រដ្ឋមន្ត្រីក្រសួងការបរទេសទួរគី លោក Mevlut Cavusoglu បានថ្លែងថា ជនទាំង៨នាក់នោះអាចនឹងត្រូវធ្វើបត្យាប័ន ។ ប៉ុន្តែប្រទេសក្រិច​នៅមិនទាន់បញ្ជាក់ជំហរបែបណាឡើយពាក់ព័ន្ធការស្នើសុំធ្វើបត្យាប័ននោះ ៕ សុរ្ម័ន

po

oi

as

5789ea3f5a08e

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *