ពលរដ្ឋនាំគ្នាមកតវ៉ាឲ្យក្រុមហ៊ុនផ្ដល់ព័ត៌មានពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មី

ភ្នំពេញ៖នៅថ្ងៃទី១៩ ខែកុម្ភៈ នេះ ប្រជាពលរដ្ឋជាង ៣០០គ្រួសារ មកពីសហគមន៍ភូមព្រែកតាគង់១ និងភូមិខ្វា បានប្រមូលផ្ដុំគ្នា នៅខាងមុខក្រុមហ៊ុន អាយ.អិន.ជី (ING Holding) ដើម្បីទាមទារឲ្យក្រុមហ៊ុននេះផ្ដល់ព័ត៌មានលំអិតពីគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបថ្មី នៅតំបន់បឹងទំពុន និងបឹងជើងឯក។ ការស្នើនេះ បន្ទាប់ពីក្រុមហ៊ុនបានបន្តបូមខ្សាច់ចាក់លុបបឹងទាំង២នេះ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋជាង ៣០០គ្រួសារ មកពីសហគមន៍ភូមព្រែកតាគង់១ និងភូមិខ្វា ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អះអាងថា មិនធ្លាប់ទទួលបានព័ត៌មានច្បាស់លាស់នៅឡើយពីការអភិវឌ្ឍទីក្រុង រណបថ្មី នៅតំបន់បឹងទំពុន និងបឹងជើងឯក។
តំណាងពលរដ្ឋភូមិព្រែកតាគង់១ លោកស្រី ស្រី ម៉ៅ ឲ្យដឹងថា ដីដែលក្រុមហ៊ុន អាយ.អិន.ជី កំពុងចាក់លុបនេះ ពីមុនមិនលិចទឹកទេ អ្នកភូមិដាំកញ្ឆែត ត្រកួន បានផលច្រើន។ តែឥឡូវនៅពេលក្រុមហ៊ុនវិនិយោគចាក់លុបដីធ្វើឲ្យប៉ះពាល់ពលរដ្ឋអស់ ជាង ៣០០គ្រួសារ ហើយបំពានដល់ដីគាត់ដាំដុះទៀត។
ពលរដ្ឋរូបនេះបន្តថា គោលបំណងលើកគ្នាតវ៉ា គឺសុំឲ្យក្រុមហ៊ុនបកស្រាយឲ្យច្បាស់ពីគម្រោងអភិវឌ្ឍន៍របស់ខ្លួន ថាមានគម្រោងអ្វីខ្លះ? តើទីតាំងជាក់លាក់នៅកន្លែងណា? តើពេលណានឹងត្រូវអនុវត្តគម្រោង? ហើយថាតើមានគ្រួសារប៉ុន្មានដែលនឹងត្រូវរងផលប៉ះពាល់៖ «នៅពេល ដែលមានការលុបខ្សាច់ណាមួយ គឺតែងតែមានការបណ្ដេញចេញ។ ពួកខ្ញុំព្រួយបារម្ភខ្លាចបាត់មុខរបរដែរ ព្រោះលើដីនោះពីមុនពួកខ្ញុំដាំកញ្ឆែត ត្រកួននៅលើបឹងនោះ ហើយមួយប៉ះពាល់ដល់សុខភាព ពិសេសក្មេង ព្រោះពេលខ្សាច់ហុយមក ចូលម្ហូបអាហារពួកខ្ញុំ ធ្វើឲ្យមានជំងឺរលាកសួតជាដើម»។
បុរសម្នាក់ទៀតនៅភូមិព្រែកតាគង់១ ដែលចូលរួមតវ៉ាដែរ ឲ្យដឹងដែរថា បើសិនជាក្រុមហ៊ុនបន្តចាក់ដីលុបបឹងបន្តទៀត នឹងប៉ះពាល់ដល់ពលរដ្ឋ ៣០០គ្រួសារ ដែលមានទំហំដីជាង ២០ហិកតារ។ លោកថា ពលរដ្ឋដែលតវ៉ាព្រួយបារម្ភពីការបណ្ដេញចេញ បាត់បង់មុខរបរ និងការសិក្សារបស់កូនៗ ព្រោះកន្លងមកក្រុមហ៊ុន និងសាលាក្រុងមិនដែលផ្ដល់ព័ត៌មាន ឬបើកវេទិកាសាធារណៈណាមួយជូនពលរដ្ឋពីគម្រោងនេះ៖ «គម្រោងរបស់ ក្រុមហ៊ុន អាយ.អិន.ជី នៅតំបន់បឹងទំពុន និងបឹងជើងឯក ពុំដែលមកវេទិកាសាធារណៈជូនពលរដ្ឋថា អភិវឌ្ឍន៍នៅត្រឹមណានោះទេ ដូច្នេះពួកយើងចង់បានការអភិវឌ្ឍណាដែលមានការចូលរួមទាំងអស់ គ្នា»។
ក្រោយការតវ៉ារបស់ប្រជាពលរដ្ឋអស់រយៈពេលជាង ១ម៉ោង តំណាងក្រុមហ៊ុន អាយ.អិន.ជី លោក កែវ សូថា ឆ្លើយតបថា ក្រុមហ៊ុនមិនមានកាតព្វកិច្ចដោះស្រាយបញ្ហានេះ ហើយមិនអាចបកស្រាយយ៉ាងណាពីបញ្ហានេះឡើយ។ លោកថា ការដោះស្រាយ ឬផ្ដល់ព័ត៌មានយ៉ាងណា គឺជាកាតព្វកិច្ចរបស់សាលាក្រុងភ្នំពេញ។ ប៉ុន្តែតំណាងក្រុមហ៊ុនរូបនេះអះអាងថា នឹងសហការជាមួយសាលាក្រុងភ្នំពេញ បើកវេទិកាសាធារណៈនៅថ្ងៃអង្គា ទី២៣ នៅទីតាំងអភិវឌ្ឍន៍ផ្ទាល់ ពន្យល់ពីបញ្ហាជូនពលរដ្ឋ៖ «ការដោះស្រាយរបស់សាលាក្រុងគេមានគណៈកម្មការដោះស្រាយរបស់ គេ ហើយខ្ញុំគ្រាន់តែជាក្រុមហ៊ុនអភិវឌ្ឍន៍មួយ ដែលសាលាក្រុងជាអ្នករៀបកិច្ចការទាំងអស់ហ្នឹង ដូច្នេះចង់សួរបញ្ហាអីសូមទាក់ទងសាលាក្រុង»។
យើងមិនអាចទាក់ទងលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដើម្បីសុំការបកស្រាយពីបញ្ហានេះបាននៅឡើយនៅថ្ងៃទី១៩ ខែកុម្ភៈ។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម បានស្នើថា សាលាក្រុងគួរមានយន្តការច្បាស់លាស់ ដោយផ្ដល់ជាព័ត៌មានតាមវេទិកាសាធារណៈ ពិសេសទូទាត់សំណងដែលអាចទទួលយកបាន៖ «យើងមើលប្រជាពលរដ្ឋ មិនជំទាស់នឹងការអភិវឌ្ឍន៍អីនោះទេ តែសូមឲ្យមានសំណង ពន្យល់គាត់ឲ្យច្បាស់ ពិសេសធ្វើការអភិវឌ្ឍន៍ទទួលបានផលទាំងអស់គ្នា មិនរីកចម្រើនតែអ្នកមាន តែប៉ះពាល់អ្នកក្រនោះឡើយ។ គួរតែពិចារណាឲ្យច្បាស់»។
ប្រជាពលរដ្ឋអះអាងថា ពួកគាត់ទាំងជាង ៣០០គ្រួសារ បានរស់នៅតំបន់បឹងទំពុន និងបឹងជើងឯក ចាប់ពីឆ្នាំ១៩៧៩ មកម្ល៉េះ។ ពលរដ្ឋមិនចង់បានសំណង់ដែលជាថ្នូរដោះដូរនឹងការបណ្ដេញចេញនោះឡើយ គឺនៅតែប្រកាន់ជំហរបន្តតវ៉ារហូតមានការបកស្រាយណាមួយពីសាលាក្រុង ភ្នំពេញ និងក្រុមហ៊ុន៕

IMG76

Loading...

Leave a Reply

Your email address will not be published. Required fields are marked *