ពលរដ្ឋបង្ហាញអារម្មណ៍គាំទ្រនិងរីករាយចំពោះការរៀបចំបរិវេណមុខប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋដែលពឹងអាស្រ័យផល ក៏ដូចជាទេសចរមកទស្សនានៅតំបន់អង្គរ បានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ការអភិវឌ្ឍទាំងនោះរួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម។ល។

លោក ស៊ាន សុខៈ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ យល់ថាការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត ជាការល្អ និងមានប្រយោជន៍សម្រាប់វិស័យទេសចរណ៍។ លោក សុខៈ បានធៀបនឹងពេលមុន ថាមានភាពខុសគ្នាឆ្ងាយ ដ្បិតបច្ចុប្បន្នមានរៀបចំជាសួនបៃតង ដាំដើមឈើកម្រៗដូចជាធ្នង់ បេង ជាដើម ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាឱ្យពួកគេស្គាល់ពូជឈើទាំងនោះ។

ចំណែកលោក អ៊ួច សុវណ្ណ វិញក៏សប្បាយរីករាយជាមួយទិដ្ឋភាពថ្មីនៃបរិវេណមុខអង្គរវត្តនេះដែរ។ ក្នុងនាមជាពលរដ្ឋខេត្តសៀមរាបមួយរូប លោកសូមចូលរួមអបអរសាទរជាមួយសមិទ្ធផលមួយនេះ និងរំពឹងថា ក្រោយវិបត្តិកូវីដ នឹងមានភ្ញៀវទេសចរកាន់តែច្រើនចូលមកទស្សនារមណីយដ្ឋានអង្គរ។

ជាជាងថតមួយរូប លោក អ៊ួច សុវណ្ណ សង្កេតឃើញថា មានទេសចរមួយចំនួនចាប់អារម្មណ៍ជាមួយសម្រស់សួនច្បារបៃតងនៅមុខអង្គរវត្តនេះ និងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។ ក្រៅពីគាំទ្រចំពោះការអភិវឌ្ឍនេះហើយ លោក អ៊ួច សុវណ្ណ ក៏លើកទឹកចិត្តដល់អាជ្ញាធរជាតិអប្សរា បន្តរៀបចំ និងដាំដើមឈើឱ្យបានកាន់តែច្រើន។

គួរបញ្ជាក់ថា ក្នុងបំណងដើម្បីកែប្រែសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្តឱ្យស័ក្ដសមជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមគម្រោងកែលម្អនេះចាប់ពីចុងឆ្នាំ២០១៩មក ដោយក្នុងនោះមានការរៀបចំសួនច្បារ ទីលានបដិសណ្ឋារកិច្ចថ្មី ដោយរើសំណង់តូបលក់ដូរទាំងអស់ចេញពីបរិវេណខាងមុខអង្គរវត្ត ការបញ្ឈប់មិនឱ្យមានការលក់រញ៉េរញ៉ៃ និងចំណតយានយន្តគ្មានសណ្ដាប់ធ្នាប់ជាដើម។ល៕

 

Loading...