ពលរដ្ឋភូមិចុងកោះជិត២០០គ្រួសារ នឹងត្រូវរើផ្ទះចេញពីចំណុច អភិវឌ្ឍន៍ច្រាំងទន្លេផ្សារក្រោម

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន១៩១រស់នៅតាមមាត់ទន្លេក្នុងភូមិចុងកោះ សង្កាត់កំពង់ ក្រុងកំពង់ឆ្នាំង នឹងត្រូវរុះរើផ្ទះចេញអោយអស់ពីចំណុចត្រូវអភិវឌ្ឍច្រាំងទន្លេនៅអំឡុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០១៦ ហើយការរងផលប៉ះពាល់ក្នុងការអភិវឌ្ឍន៍ផ្លូវថ្នល់តាមមាត់ទន្លេផ្សារក្រោមនេះ គណៈកម្មការរៀបចំសណ្តាប់ធ្នាប់ខេត្តក៍បានប្រជុំពិភាក្សា និងចចារគ្នាក្នុងការសុំប្រាក់គោលនយោបាយ នៅពេលរុះរើលំនៅដ្ឋានពួកគាត់ពីកន្លែងចាស់ទៅទីតាំងថ្មី។
កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ម្សិលមុិញ ក្នុងបរិវេណវត្តយាយទេព ដែលមានការចូលរួមផ្លាស់ប្តូរយោបល់ពីបងប្អូនប្រជាពលរដ្ឋដែលមានផ្ទះនៅតាមមាត់ទន្លេផងដែរ។
លោក រ៉េស ទីន សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារឆ្នាំងបានរាយការណ៍នៅក្នុងអង្គប្រជុំអោយដឹងថា៖ តាមការប្រជុំរវាងប្រជាពលរដ្ឋ១៩១គ្រួសារ និងអាជ្ញាធរភូមិនិងសង្កាត់កន្លងមក ប្រជាពលរដ្ឋមានសំណូមពរ៣គឺ ១.សុំបង្ហាញទីតាំងថ្មីដែលគាត់ត្រូវទៅសាងសង់លំនៅដ្ឋានអោយបានច្បាស់លាស់ ២.សុំដោះស្រាយប្រាក់គោលនយោបាយរុះរើផ្ទះមាន៣ប្រភេទគឺ ប្រភេទ១ផ្ទះធំ សុំ១៥០០ដុល្លា ២.ផ្ទះមធ្យម១០០០ដុល្លា ៣.ផ្ទះតូច៥០០ដុល្លា និងសំណូមពរទី៣ ស្នើសុំអោយរៀបចំប្រពន្ធ័ទឹក អគ្គីសនី នៅទីតាំងថ្មីជាមុនសិន ចាំអោយប្រជាពលរដ្ឋរុះរើផ្ទះទៅនៅតាមក្រោយ។
ដោយឡែកលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ខេត្ត បានថ្លែងពន្យល់ទាក់ទងនិងសំណូមពរខាងលើនេះថា៖ ចំពោះសំណូមពរទី១.ទីតាំងថ្មីដែលប្រជាពលរដ្ឋត្រូវទៅរស់នៅមាន២ទីតាំង គឺតាំងទី១មានចម្ងាយពី១០០ម៉ែត្រពីផ្សារថ្មីមានតម្លៃខ្ពស់បន្តិច ឯទីតាំងទី២មានចម្ងាយ៣០០ទៅ៤០០ម៉ែត្រពីផ្សារថ្មីមានតម្លៃថោក និងត្រូវបង់រំលោះយូរឆ្នាំ ហើយលោកមិនបានប្រាប់ទីតាំងជាក់លាក់តែម្តងទេ ដោយហេតុថាខ្លាចមានឈ្មួញទៅទិញដីកន្លែងនោះមុនធ្វើអោយមានការលំបាក។ សំណូមពរទី២. ប្រាក់គោលនយោបាយជួយក្នុងការរុះរើផ្ទះ ក្រោយពីបានចចារគ្នាចំនួន៣លើក ក្នុងអង្គប្រជុំមកអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋបានឯកភាពគ្នាថា៖ ទី១ផ្ទះធំដោះស្រា យជូន១៣០០ដុល្លា ទី២ផ្ទះមធ្យម៩០០ដុល្លា និងទី៣ផ្ទះតូច៤០០ដុល្លា។ សំណូមពរទី៣. ទីតាំងថ្មីគឺអាជ្ញាខេត្តនឹងធានារៀបប្រពន្ធ័ទឹកភ្លើងជាស្រេចទើបអោយប្រជាពលរដ្ឋទៅរស់នៅ។ ចំណែកផ្លូវតាមមាត់ទន្លេត្រូវកសាងថ្មីដែលមានទទឹងលើ១០ម៉ែត្រ អាចមានកំពស់ចាប់ពី៤ទៅ៥ម៉ែត្រខ្ពស់ផុតពីទឹកទន្លេ។
លោក ស៊ុន សុវណ្ណរិទ្ធ បានបន្ថែមទៀតថា៖ ផែនការអភិវឌ្ឍន៍ច្រាំងទន្លេផ្សារក្រោមនេះ គឺត្រូវអនុវត្តន៍រយះពេល៥ឆ្នាំ គិតពីឆ្នាំ២០១៥ដល់២០១៩។ នៅក្នុងខែ១និងខែ២ ឆ្នាំ២០១៦នេះ ខេត្តនិងធ្វើផ្លូវបេតុងថ្មីប្រវែង៤០០ម៉ែត្រ ចេញពីចុងភូមិចុងកោះទៅផ្លូវជាតិលេខ៥សង្កាត់ខ្សាម ដើម្បីយកយឿត្រី និងអ្នកលក់ឈើ ស្លឹក ពីងពុងទៅដាក់នៅចុងភូមិចុងកោះតាមផែនការដែលបានគ្រោងទុក។
ចំណែកផ្ទះប្រជាពលរដ្ឋជាង៧០ខ្នងនៅខាងលិចផ្លូវលំក្នុងភូមិចុងកោះ និងផ្ទះប្រជាពលរដ្ឋភូមិកណ្តាល១២ខ្នង ដែលមានផលប៉ះពាល់ដែរនោះ និងត្រូវដោះស្រាយជាបន្តបន្ទាប់ពេលក្រោយទៀត ដោយមិនទុកអោយនៅអនាធិបតេយ្យបែបនេះឡើយ។
អាជ្ញាធរខេត្តមានគំរោងអោយក្រុមហ៊ុនវិយោគទុនរៀបចំធ្វើផ្សារថ្មីជាង១ពាន់តូប និងរៀបចំដីប្រមាណ២០ហិកតាលក់បង់រំលោះជូនពលរដ្ឋដែលខ្វះទីតាំងរស់នៅពិតប្រាកដ ហើយផែនការរៀបចំនេះមានរយះពេល៥ឆ្នាំ ដើម្បីអភិវឌ្ឍន៍មាត់ទន្លេផ្សារក្រោមជាង២គីឡូម៉ែត្រ អោយក្លាយជាតំបន់ទេសចរណ៍ សំរាប់ទាក់ទាញភ្ញៀវទេសចរណ៍ លើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងអោយមានជីវភាពធូរធារមួយកម្រិត៕

29-12-2015d66151

Loading...

Leave a Reply

Your email address will not be published. Required fields are marked *