ពលរដ្ឋមានជម្លោះដីនៅស្រុកសំពៅលូនបន្តទាមទារឲ្យដោះលែងតំណាងពួកគេ

ខេត្តបាត់ដំបង ៖ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅស្រុកសំឡូត ជាង ១០០នាក់ នៅព្រឹកថ្ងៃទី២ កុម្ភៈ បន្តការតវ៉ាសាជាថ្មីនៅមុខសាលាខេត្តបាត់ដំបង ដើម្បីឲ្យអាជ្ញាធរខេត្តដោះស្រាយចំនួន ២ចំណុច ទី១ ទាមទារដោះលែងតំណាងរបស់ពួកគាត់ម្នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃ៣១ មករា និងស្នើឲ្យដោះស្រាយបញ្ហាដីធីជូនពួកគាត់ឲ្យបានឆាប់រហ័ស។
ការតវ៉ារបស់ប្រជាពលរដ្ឋនៅមុខសាលាខេត្តបាត់ដំបងនេះ ជាថ្ងៃទី២ ហើយ បន្ទាប់ពីពួកគាត់តវ៉ាឲ្យតុលាការដោះលែងតំណាងរបស់ពួកគាត់ម្នាក់ ដែលសមត្ថកិច្ចចាប់ខ្លួននៅមុខសាលាដំបូងខេត្តពុំមានទទួលបាន លទ្ធផល។
តំណាងពលរដ្ឋមានទំនាស់ដីធ្លីម្នាក់ គឺលោក ហ៊ុត ម៉ៅ ថ្លែងនៅខាងមុខសាលាខេត្តបាត់ដំបង ថា ពួកគាត់តវ៉ាឲ្យអភិបាលខេត្តបាត់ដំបង ដោះស្រាយរឿងដីធ្លី និងឲ្យដោះលែងលោក ឈន ឆាត តំណាងរបស់ពួកគាត់ដែលសមត្ថកិច្ចចាប់ខ្លួនឲ្យមានសេរីភាពវិញ គឺជាក្ដីសង្ឃឹមចុងក្រោយរបស់ពួកគេ។ លោកអះអាងថា សមត្ថកិច្ចចាប់ខ្លួនលោក ឈន ឆាត ទាំងបង្ខំដោយគ្មានកំហុសអ្វីឡើយ ពីព្រោះលោកថា លោក ឈន ឆាត គ្រាន់តែជាអ្នកការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋប៉ុណ្ណោះ គឺពុំបានទៅរំលោភលើដីក្រុមហ៊ុន សួន មានសម្បត្តិ នោះឡើយ៖ «ដីខ្ញុំដែលខំកាប់តាំងពីសម័យចប់សង្គ្រាមមក ត្រូវគេរំលោភយកអស់ ហើយអាជ្ញាធរថ្នាក់ក្រោមមិនដោះស្រាយឲ្យពួកខ្ញុំទេ។ ពួកខ្ញុំគ្មានអ្វីសង្ឃឹមទៀតទេ មានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែលអាចជួយពួកខ្ញុំបាន»។
បន្ទាប់ពីការតវ៉ារបស់ប្រជាពលរដ្ឋប្រមាណ ៣ម៉ោង អភិបាលខេត្តបាត់ដំបង អនុញ្ញាតឲ្យតំណាងអ្នកតវ៉ាចំនួន ១០នាក់ ចូលជួបពិភាក្សាដោះស្រាយនៅខាងក្នុងសាលាខេត្ត។
អភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល មានប្រសាសន៍ថា ការទាមទាររបស់ប្រជាពលរដ្ឋទាំង ២ចំណុចនោះ លោកបានដោះស្រាយរួចរាល់ហើយ។ គឺតុលាការបានយល់ព្រមឲ្យសាច់ញាតិរបស់លោក ឈន ឆាត ធានានៅក្រៅឃុំយ៉ាងយូរ ៥ថ្ងៃទៀត។ ចំណែកឯ បញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុន សួន មានសម្បត្តិ នៅឃុំសេរីមានជ័យ ស្រុកសំពៅលូន អាជ្ញាធរខែត្រ និងចុះដោះស្រាយក្នុងពេលឆាប់ៗ៖ «រឿង នេះនៅពេលខ្ញុំចុះទៅមើលដល់ទីកន្លែងច្បាប់លាស់ហើយ យើងនឹងធ្វើការងារនេះជាមួយក្រុមហ៊ុន រួចហើយយើងនឹងសុំគោលការណ៍ពីថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហានេះ»។
លោក ឈន ឆាត ត្រូវសមត្ថកិច្ចចាប់ខ្លួននៅឃុំសេរីមានជ័យ ស្រុកសំពៅលូន តាមដីកានៃសាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដោយចោទប្រកាន់ថា បំពានលើដីកម្មសិទ្ធិឯកជនខុសច្បាប់ តាមពាក្យបណ្ដឹងរបស់លោក និល ស៊ត ប្រជាពលរដ្ឋនៅឃុំជាមួយគ្នា។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ការចាប់ខ្លួននេះ គឺជារឿងមិនត្រឹមឡើយ ពីព្រោះលោកថា ដីការបស់តុលាការនោះ គឺជាដីកាបញ្ជាឲ្យចូលខ្លួន ដោយពុំមានកំណត់ពេលវេលាជាក់លាក់នោះទេ៖ «បើ អត់មានដាក់ពេលវេលា អ៊ីចឹងតើគាត់ត្រូវចូលខ្លួននៅថ្ងៃណាទៅ? នេះជាកំហុសមួយដែលតុលាការគប្បីធ្វើការពិចារណាវិញ។ ចំពោះការតវ៉ារបស់ប្រជាពលរដ្ឋ ខ្ញុំគិតថា នេះជាសេរីភាពរបស់ពួកគាត់ក្នុងការតវ៉ា ដើម្បីទាមទារឲ្យមានដំណោះស្រាយ»។
យើងពុំអាចទាក់ទងលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីសុំអធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២ ខែកុម្ភៈ។
យ៉ាងណាក្រុមអ្នកតវ៉ាអះអាងថា កាលពីឆ្នាំ២០១២ កន្លងទៅប្រជាពលរដ្ឋចំនួនជាង ២០០គ្រួសារមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន សួន មានសម្បត្តិ លើផ្ទៃដីជាង ១.២០០ហិកតារ នៅឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ដីទំនាស់នោះ រហូតមកទល់ពេលនេះ អាជ្ញាធរពុំទាន់ដោះស្រាយបាននៅឡើយ។ ក្រុមអ្នកតវ៉ាបានវិលត្រឡប់ទៅផ្ទះវិញ នៅថ្ងៃដដែល បន្ទាប់ពីអាជ្ញាធរខេត្តសន្យាដោះស្រាយជួនពួកគាត់។ អ្នកស្រុកបញ្ជាក់ថា ពួកគាត់នឹងឡើងតវ៉ាសាជាថ្មីទៀត ប្រសិនបើអាជ្ញាធរខែត្រមិនបានធ្វើដូចការសន្យា៕

9c7e506b-534e-4405-a85c-e65f77eb95ad

Loading...

Leave a Reply

Your email address will not be published. Required fields are marked *