ពលរដ្ឋមួយចំនួននៅខណ្ឌសែនសុខត្អូញត្អែរអំពីក្លិនស្អុយចេញពីបឹងកប់ស្រូវ

ភ្នំពេញ ៖ពលរដ្ឋមួយចំនួនរស់នៅក្នុងខណ្ឌសែនសុខ ត្អូញត្អែរថា ក្លិនស្អុយចេញពីបឹងកប់ស្រូវ កំពុងធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។ ពួកគេបញ្ជាក់ថា បញ្ហាក្លិនស្អុយភាយចេញពីបឹងនេះ កើតឡើងបន្ទាប់ពីបឹងនេះក្លាយជាអាងស្តុកទឹកបញ្ចៀសការជន់លិចរាជធានីភ្នំពេញ។ ដើម្បីបញ្ចៀសបញ្ហាទឹកលិចនេះ មន្ទីរសាធារណៈការបានបូមទឹកចេញពីទីក្រុងទៅទម្លាក់នៅបឹងកប់ស្រូវ។

អាជ្ញាធរ និងប្រជាពលរដ្ឋ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ អំពាវនាវឲ្យក្រសួងបរិស្ថាន ជួយសម្រួលយ៉ាងណាដើម្បីកាត់បន្ថយក្លិនស្អុយក្នុងបឹងកប់ស្រូវ។

ការអំពាវនាវនេះ បានធ្វើឡើងក្រោយពីសកម្មភាពបូមទឹកចេញពីភ្នំពេញ តាមស្ថានីយបូមទឹកកប់ស្រូវ ទម្លាក់ទៅបឹងនេះច្រើនថ្ងៃជាប់គ្នា បានបង្កក្លិនស្អុយ។

ពលរដ្ឋរស់នៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ លោកស្រី ស៊ុន ប៊ុនចាន់តារា អះអាងថា ក្លិនស្អុយពីទឹកលូ បូមបញ្ចេញពីរាជធានីភ្នំពេញ ទម្លាក់ទៅក្នុងបឹងកប់ស្រូវនោះ ទើបចាប់ផ្តើមស្អុយខ្លាំងពីថ្ងៃ១៨ ខែសីហា នេះមកទេ។ លោកស្រីស្នើសុំឲ្យក្រសួងបរិស្ថាន ជួយសម្រួលបន្ថយក្លិនស្អុយក្នុងបឹងកប់ស្រូវ ផង៖ «ស្អុយទឹកដែលបង្ហូរចេញពីរាជធានីភ្នំពេញ ចូលបឹងនេះ ប៉ុន្តែបង្ហូរមកនោះវាយូរដែរហើយ វា ២ឆ្នាំហើយ ប៉ុន្តែវាអត់មានករណីស្អុយអ៊ីចឹងទេ ដោយសារតែគេធ្វើស្ពានព្រែកព្នៅ គេបើកទឹកអត់ហ៊ានឲ្យបើកខ្លាំង អ៊ីចឹងប្រហែលជាវាអាចមកពីបន្លាស់ប្ដូរពីទន្លេមកបានវាធ្វើឲ្យស្អុយអ៊ីចឹងក៏មិនដឹង ហើយវាមានលាមកមកទាំងដុំៗហូរតាមទឹកហ្នឹង»។

បន្ថែមលើនោះមេភូមិអន្លង់ក្ងាន លោក ចាន់ ជា ថ្លែងថា ក្លិនស្អុយគាត់ទ្រាំដកដង្ហើមស្ទើរតែមិនបាន ព្រោះបឹងកប់ស្រូវ ជាកន្លែងបង្ហូរទឹកចេញពីតំបន់ផ្សេងៗក្នុងទីក្រុងភ្នំពេញ ទម្លាក់ទៅក្នុងបឹងកប់ស្រូវនោះ។ លោកថា ពីមុនទឹកមានច្រើន បូមយ៉ាងណាក៏មិនសូវស្អុយខ្លាំងដែរ ទើបតែ៣ ទៅ ៤ថ្ងៃនេះ ក្លិនស្អុយពីទឹកស្ទើរមិនអាចទទួលទានអាហាររួច។

លោកថា មន្ត្រីបរិស្ថានបានចុះទៅពិនិត្យដែរ ក្រោយពីមានការជូនដំណឹង ប៉ុន្តែមិនអាចបន្ថយក្លិនអសោចនោះបាន៖ «ចុះបើក្បាលហុង ២ ហើយ ពីទឹកថ្លា ពីត្រឡោកបែកអីមកទាំងអស់ ហើយម្ខាងនេះមកពីខាងកំពង់ស្ពឺ សំរោងទង អីមកទាំងអស់។ ក្លិនស្អុយដែរហ្នឹង មានប្រើអីកើតឥឡូវទឹកបូមចេញពីភ្នំពេញមក តាំងពីត្រឡោកបែកអីៗមក មួយទំនប់កប់ស្រូវ បុកទឹកមកមួយបឹងពេញតែវាលហ្នឹង។ ដឹងធ្វើម៉េចឥឡូវ បើសាលាក្រុងគេបង្ហូរមកតែអ៊ីចឹងហើយ»។

បញ្ហាក្លិនស្អុយនោះ ត្រូវបានអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ពន្យល់ថា ការបូមទឹករំដោះចេញពីទឹកលិចក្នុងទីក្រុងនេះ គឺពិតជាស្អុយ។ ប៉ុន្តែនៅពេលកម្ពស់ទឹកលូវាខ្ពស់ ឬទឹកច្រើន ក្លិនស្អុយមិនសូវធំក្លិនទេ វាធំខ្លាំងតែនៅពេលទឹកមានតិច ដែលការបូមអាចដោយភក់ ឬកំណកកាកសំណល់ផ្សេៗ ដែលរលួយក្នុងទឹក។

លោកថា នឹងសាកសួរមន្ត្រីក្រោមឱវាទឲ្យចុះពិនិត្យទឹកក្នុងបឹងកប់ស្រូវ នោះ៖ «ទឹកភ្លៀងលាយជាមួយទឹកលូ ទម្លាក់ទៅក្នុងបឹងធម្មជាតិ គឺវាមានបញ្ហាក្លិនហើយ។ ឧទាហរណ៍ថា យើងបូមនៅស្ថានីយបឹងត្របែក ឬក៏បឹងជើងឯកអីនេះ បូមពីម្ខាងផ្លូវទម្លាក់ទៅបឹងនោះ វាធម្មតាតែងតែមានជះក្លិនចៀសមិនរួចទេ។ ធ្វើម៉េចបើប្រព័ន្ធរបស់យើងវាតម្រូវឲ្យមានការបូមទម្លាក់ដើម្បីរំដោះបញ្ហាទឹកជំនន់នៅក្នុងទីក្រុង ដោយរដូវវស្សាមានភ្លៀងធ្លាក់ ក៏ប៉ុន្តែកម្រិតការជះក្លិនអីហ្នឹង ខ្ញុំអត់ទាន់បានច្បាស់ទេ»។

ចំណែកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាន់ ពិសិទ្ធិ មិនអាចកំណត់ជាក់លាក់បានទេពីការបញ្ចប់បូមទឹកពីភ្នំពេញ ទម្លាក់ទៅបឹងកប់ស្រូវនោះតាមស្ថានីយបូមទឹកកប់ស្រូវ។ លោកបង្វែរឲ្យសួរទៅអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនវិញ។

វិទ្យុអាស៊ីសេរី មិនអាចសុំយោបល់បន្ថែមពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានដែរ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ដោយលោកជាប់បេសកកម្មទៅបរទេស។

ចៅរងទី១ សង្កាត់ឃ្មួញ លោក អ៊ុច សម្បត្តិ ឲ្យដឹងថា ក្នុងសង្កាត់នោះ មានពលរដ្ឋរស់នៅជាប់ស្ថានីយបូមទឹកកប់ស្រូវ ចំនួន ១៣គ្រួសារ ក្រៅពីនោះ គឺពលរដ្ឋសង្កាត់គោករកា ក្នុងខណ្ឌព្រែកព្នៅ បានរស់នៅទីនោះច្រើន។ លោកថា បឹងកប់ស្រូវ មានទំហំធំធេង លាតសន្ធឹងពីខណ្ឌសែនសុខ ទៅដល់ខណ្ឌព្រែកព្នៅ ទើបបឹងកប់ស្រូវ ក្លាយជាកន្លែងស្តុកទឹករបស់រាជធានីភ្នំពេញ បន្ទាប់ពីបឹងជាច្រើនបានលុប ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *