ពលរដ្ឋរស់នៅក្បែរស្ថានីយបូមទឹកបឹងកប់ស្រូវស្នើសុំបម្លែងទឹកស្អុយឲ្យបាត់ក្លិន

ភ្នំពេញ ៖ក្រោយពីទ្រាំហិតក្លិនទឹកស្អុយដែលបូមទឹកជន់ពីរាជធានីភ្នំពេញ ទម្លាក់ទៅបឹងកប់ស្រូវមិនបាន ពលរដ្ឋ និងអាជ្ញាធរច្រើនខណ្ឌក្នុងរាជធានីភ្នំពេញ ស្នើសុំឲ្យក្រសួងពាក់ព័ន្ធ ជួយបម្លែងទឹកកខ្វក់ឲ្យទៅជាទឹកស្អាត ដើម្បីបន្ថយក្លិនស្អុយក្នុងទឹកបឹងនោះ។ ការស្នើសុំនេះ បានធ្វើឡើងក្រោយពីទឹកស្អុយបានជះក្លិនអសោចច្រើនថ្ងៃមកហើយ បន្ទាប់ពីមន្ទីរសាធារណការ រាជធានីភ្នំពេញ បានបូមទឹកជន់ពីក្នុងទីក្រុងទម្លាក់ទៅបឹងកប់ស្រូវនោះ។

ពលរដ្ឋភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ លោកស្រី ម៉ាត់ ចាន់ថុន ថ្លែងថា គាត់លំបាកទ្រាំខ្លាំងណាស់ ព្រោះជះក្លិនស្អុយពីទឹកបឹងកប់ស្រូវនេះ។ គាត់ស្នើសុំឲ្យរដ្ឋាភិបាល ជួយបម្លែងទឹកនោះឲ្យអាចប្រើការបានផង និងអាចបន្ថយក្លិនស្អុយខ្លះផង៖ «ចង់ថាឲ្យវាបាត់អាក្លិនហ្នឹង ព្រោះអីសូម្បីតែយប់ក៏នៅតែមានក្លិននេះនៅជាប់នឹងរហូត ហូបបាយហូបទឹកអីក៏ពិបាក សូម្បីតែដេកក៏ពិបាកដកដង្ហើមដែរ»។

ដូចគ្នាដែរ ពលរដ្ឋភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ លោក លឹម សុខហេង ថ្លែងថា គាត់ក៏មានបញ្ហាសុខភាព ដោយសារតែក្លិនស្អុយពីទឹកបឹងកប់ស្រូវនេះដែរ។ លោកថា ទឹកបឹងនេះគួរតែបម្លែងឲ្យទៅជាទឹកធម្មជាតិប្រើប្រាស់បានដូចកាលពីមុន៖ «ដូច្នេះខ្ញុំសំណូមពរថាឲ្យអង្គការក្រៅរដ្ឋាភិបាល ឬខាងក្រសួងធនធានទឹក ហ្នឹង ធ្វើយ៉ាងម៉េចកុំឲ្យក្លិនស្អុយហ្នឹងត្រូវមានថ្នាំដាក់ ឬមានវិធីណាធ្វើឲ្យបាត់ក្លិនស្អុយ កុំឲ្យក្លិនអសោចនេះប៉ះមកលើប្រជាពលរដ្ឋរស់នៅជិតខាងហ្នឹង»។

គាំទ្រការស្នើសុំនោះ ចៅសង្កាត់ព្រែកព្នៅ លោក ពេជ្រ ស៊ីនួន ថ្លែងថា អ្នកភូមិរស់នៅភូមិផ្សារលិច រងនូវក្លិនស្អុយពីទឹកបឹងកប់ស្រូវច្រើនជាងភូមិដទៃ វាបានធ្វើឲ្យប៉ះពាល់សុខភាពជាខ្លាំង៖ «ក្នុងនាមអាជ្ញាធរនេះ ចង់បានការបម្លែងទឹកពីភ្នំពេញ អាទឹកស្អុយបង្ហូរមកបឹងនេះ ធ្វើម៉េចបម្លែងឲ្យវាស្អាតមកកុំឲ្យប្រជាពលរដ្ឋនៅផ្សារលិច នេះ ព្រែកព្នៅ ប្រើប្រាស់ទឹកហ្នឹងដែរពីមុនមក តែឥឡូវវាប្រើប្រាស់អត់កើត»។

ចំណែកចៅសង្កាត់ស្វាយប៉ាក លោក ហូ សាម៉ន ថ្លែងថា អ្នកភូមិរស់នៅមិនឆ្ងាយពីស្ថានីយបូមទឹកកប់ស្រូវមាន ៣ខណ្ឌ គឺខណ្ឌឫស្សីកែវ ព្រែកព្នៅ និងខណ្ឌសែនសុខ។ អ្នកនៅជុំវិញនោះ សុទ្ធតែរងនូវក្លិនស្អុយពីទឹកបឹងដែលបានបង្កជិត ២សប្ដាហ៍មកនេះ។

បញ្ជាក់ពីការប៉ះពាល់សុខភាពជាក់ស្តែងដោយសារហិតក្លិនស្អុយ មេភូមិត្រពាំងរាំង លោក នឹម សារិន ថ្លែងថា គាត់កំពុងចូលសម្រាកព្យាបាលជំងឺ ដោយសារហិតក្លិនស្អុយពីទឹកបឹងកប់ស្រូវនេះ៖ «ព្រោះខ្ញុំកំពុងនៅក្នុងពេទ្យឲ្យជួយព្យាបាល»។

ចំពោះការស្នើសុំរបស់ពលរដ្ឋពីការបម្លែងទឹកស្អុយបឹងកប់ស្រូវទៅជាទឹកស្អាត មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា ការធ្វើប្រព្រឹត្តិកម្មទឹកប្រើប្រាស់រួច ឬទឹកកខ្វក់ឲ្យទៅជាទឹកស្អាត ដើម្បីបង្ហូរចេញទៅក្នុងបឹង និងទន្លេ គឺសុទ្ធតែស្ថិតនៅក្នុងគម្រោងផែនការរបស់សាលារាជធានីភ្នំពេញ បានគ្រោងថានឹងសង់អាងសម្រាប់បម្លែងទឹកស្អុយនោះ។ ប៉ុន្តែការសិក្សាបានរកឃើញប៉ះពាល់ច្រើនដល់ពលរដ្ឋ ទើបផែនការនោះមិនទាន់កំណត់បានជាក់លាក់ថា នៅឆ្នាំណានឹងអាចអនុវត្តផែនការនោះបាន៖ «មានការស្នើសុំវិនិយោគពីខាងវិស័យឯកជន ដើម្បីធ្វើអាងប្រព្រឹត្តិកម្មទឹកសំអុយ ទឹកប្រើប្រាស់រួចហ្នឹង ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺគេទារលុយពីប្រជាពលរដ្ឋទៅវិញ។ តែរាល់ថ្ងៃប្រជាពលរដ្ឋយើងមិនចង់ប៉ះពាល់គាត់ពីបញ្ហាហ្នឹងទេ ព្រោះយើងបានយក ១០% ពីការប្រើប្រាស់ទឹកស្អាត ដើម្បីមកលាងសម្អាតការស្ដារលូប្រឡាយនានាផង ប៉ុន្តែទន្ទឹមនោះ យើងធ្វើតាមដំណាក់កាលពីបញ្ហាធ្វើអាងប្រព្រឹត្តិកម្មទឹកនេះ គឺថាយើងនឹងធ្វើពីតំបន់ប៉ែកខាងជើងម្តុំបឹងកប់ស្រូវហ្នឹង ទៅខាងត្បូងកន្លែងបឹងជើងឯក ក៏សុទ្ធតែយើងត្រៀមធ្វើអស់ហើយ»។

មន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ពន្យល់ថា ការបូមទឹករំដោះទឹកជន់លិចក្នុងទីក្រុងទម្លាក់ទៅបឹងកប់ស្រូវ ពិតជាធ្វើឲ្យអ្នករស់នៅក្បែរនោះរងនូវក្លិនស្អុយ ប៉ុន្តែនៅពេលកម្ពស់ទឹកបូមវាច្រើន ឬកម្រិតទឹកក្នុងលូខ្ពស់ នោះក្លិនស្អុយមិនសូវធុំក្លិនទេ។ លោកថា ការបូមទឹកស្អុយអាចបូមដោយភក់ ឬកំណកកាកសំណល់ផ្សេងៗដែលរលួយក្នុងទឹក។ លោកបានបញ្ជូនមន្ត្រីក្រោមឱវាទក្រសួងនេះ ចុះពិនិត្យទឹកក្នុងបឹងកប់ស្រូវនោះហើយ។

បញ្ហានេះដែរ អ្នកស្រី ស៊ុន ប៊ុនចាន់តារ៉ា រស់នៅភូមិអន្លង់ក្ងាន ខណ្ឌសែនសុខ អះអាងថា អ្នករស់នៅក្បែរស្ថានីយបូមទឹកកប់ស្រូវ មិនចង់ឲ្យបញ្ហាក្លិនស្អុយកើតឡើងទេ ទើបស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ ជួយបម្លែងទឹកស្អុយឲ្យទៅជាទឹកស្អាត៕image៥

Loading...

Leave a Reply

Your email address will not be published. Required fields are marked *