ពលរដ្ឋរស់នៅជនបទនាខេត្តតាកែវនិងខេត្តកំពង់ស្ពឺខ្វះទឹកស្អាតប្រើប្រាស់

អាកាសធាតុរាំងស្ងួតអូសបន្លាយយូរខែ បាននាំឲ្យប៉ះពាល់ដល់ការរស់នៅ និងការធ្វើកសិកម្មរបស់កសិករច្រើនឃុំនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ និងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ បញ្ហារាំងស្ងួតនេះ ធ្វើឲ្យប្រជាកសិករទាំងពីរខេត្តនេះ ព្រួយបារម្ភពីការខ្វះស្បៀងនៅពេលខាងមុខ។

អ្នករស់នៅក្នុងឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ត្អូញត្អែរថា ពីមួយឆ្នាំទៅមួយឆ្នាំ តំបន់របស់ពួកគាត់រស់នៅកាន់តែខ្វះទឹកសម្រាប់ប្រើប្រាស់ និងទឹកធ្វើស្រែ។ លោកស្រី នាង ចាន់ថា រស់នៅភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់ ត្អូញបន្តថា ក្នុងរយៈពេល ២ថ្ងៃ គាត់ទិញទឹកតម្លៃ ១ម៉ឺន ២ពាន់រៀល ចំណុះ ១ពាន់លីត្រសម្រាប់ទទួលទានផង និងឲ្យសត្វពាហនៈផឹកផង។ លោកស្រីថា ពន្លឺថ្ងៃចាំងមកលើដីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែក្តៅ ធ្វើឲ្យទឹកមានតិចតួចនៅក្នុងស្រះ និងអណ្ដូងទឹកប្រែជាស្ងួតលឿន ហើយរីងខះ។ លោកស្រីថា ទឹករីងប្រែពណ៌ក្រហមដូចពណ៌ស្នឹម ឬហៅថាច្រែះ មិនអាចប្រើបាន ទើបអ្នកស្រុកនាំគ្នាទិញទឹកដែលគេដឹកមកពីតំបន់ឆ្ងាយ ដឹកតាមរថយន្តកែច្នៃហៅថាគោយន្ត មកលក់ដល់ភូមិ។

លោកស្រីថា រាល់ឆ្នាំឲ្យតែខែសីហា នេះ ទឹកមិនខ្វះប្រើទេ ប៉ុន្តែឆ្នាំនេះ ខែសីហា បែរជាគាត់ទិញទឹកសម្រាប់ប្រើប្រាស់ទាំងមនុស្ស និងសត្វទៅវិញ៖ «ភូមិខ្ញុំទិញទឹក។ ផ្ទះខ្ញុំ ១ថ្ងៃអស់ទឹក អត់ដល់មួយរទេះទេ។ មួយរទេះ គឺ ១ពាន់លីត្រ វាប្រើសព្វគ្រប់ ទឹកគោ ទឹកជ្រូក ទឹកមនុស្សប្រើអី វាអស់ជាងពាក់កណ្ដាលក្នុង ១ពាន់លីត្រហ្នឹង ព្រោះអីអង្គការឲ្យអណ្ដូងប៉ុន្មានកន្លែងដែរ ប៉ុន្តែបុកដូចថា វាអត់ចំកន្លែងចេញយ៉ាងម៉េចទេ ហើយអត់ទឹកតែហ្មង។ ឥឡូវរាំងស្ងួត សំណាបអីសាបហើយងាប់អស់ហើយ តែក្តៅ ២ថ្ងៃទៀត ប្រហែលជាផុតហើយ សំណាបហ្នឹងលែងអាចកែបានហើយ។ ឆ្នាំទៅមិញរាំងដែរហ្នឹង ប៉ុន្តែរាំងហើយនៅចុងឆ្នាំមកវាមានភ្លៀងខ្លាំង បានស្រូវខ្លះ បើឆ្នាំនេះបែបអត់ទេតាមមើល ដូចចង់ជ្រុលពេលធ្វើស្រែហើយ»។

ចំណែក លោក យ៉ែម ចាន់ថារស្មី នៅភូមិមហាសេនា ឃុំតាភេម ដែរឲ្យដឹងថា ស្រះបុរាណនៅក្នុងភូមិនោះមានទឹកតិចតួច ត្រូវអ្នកស្រុកសម្រុកដងទឹកនោះប្រើផង និងបូមដាក់ស្រូវពង្រោះតាំងពីខែមិថុនា មក ប៉ុន្តែមកដល់ខែសីហា នេះ ទឹកក្នុងស្រះមិនអាចបង្គ្រប់ការប្រើប្រាស់ក្នុងមូលដ្ឋានបានទេ។ លោកថា អ្នកស្រុកខ្លះទិញទឹកស្អាតប្រើ ឯអ្នកខ្លះមករង់ចាំដងទឹកអណ្ដូង ដែលគាត់ជីកនៅមុខផ្ទះ។ បច្ចុប្បន្ន ទឹកអណ្ដូងក៏រីងខ្លាំង អ្នកដងទឹកត្រូវរង់ចាំ ១ម៉ោងទើបអាចសម្រេងទឹកបាន ១អម្រែកយកទៅប្រើ។ លោកអះអាងថា ២ឆ្នាំជាប់គ្នានៅក្នុងឃុំនោះ ខ្វះទឹកប្រើប្រាស់សម្រាប់មនុស្ស និងសត្វ។ សូម្បីតែស្មៅគោតាមភ្លឺក៏មិនដុះ ព្រោះគ្មានទឹក ដោយសាររាំងស្ងួតអូសបន្លាយយូរខែពេក៖ «ទឹកស្រែអត់មានទេ ស្ងួតរាំងដីស្រែភ្ជួរមិនមុត ឆ្នាំនេះចប់តែម្តង ព្រោះអីដីស្ងួតទាំងអស់។ អាស្រូវខ្ញុំព្រោះហើយ បែកគុម្ពប៉ិនៗមេជើងអស់ទីហើយ ដល់ហើយស្វិតទៀតឥឡូវហ្នឹង វាអត់ទឹកបូម។ បើបូមទឹកខ្លាចអត់ទឹកឲ្យគេហូប។ បើទឹកហូប ១ថ្ងៃបានតែមួយអម្រែក កម្សត់ខ្លាំងណាស់។ បើនិយាយពីអណ្ដូងនៅមុខផ្ទះ បារម្ភខ្លាចអត់មានទឹកប្រើ មកពីវាអត់ទឹក។ ឥឡូវទឹកឡូមុខផ្ទះ បូមឯណា បើវារីងអស់ហើយ»។

ដូចគ្នាដែរ កសិករនៅឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោក ស៊ន សឿន អះអាងថា ឃុំនោះខ្វះទឹកប្រើប្រាស់ចាប់ពីខែច្រូតក្នុងឆ្នាំ២០១៤ មកម្ល៉េះ។ អ្នកភូមិបានទិញទឹកស្អាតផឹកជិត ១ឆ្នាំហើយ។ ក្នុងឃុំនេះមានច្រើនភូមិ ដែលបានទិញទឹកប្រើ ព្រោះនៅឆ្ងាយពីប្រឡាយទឹក៖ «ភ្លៀងប្រាវមកទឹកមាននៅក្នុងស្រែ។ តែបើរាំង ២ថ្ងៃ គឺក្តៅដីហុយសំពោង។ រាំង គឺស្ងួតតែម្តង ដោយសារតែកម្ដៅវាខ្ពស់ពេក ហើយនិងខ្យល់ក៏វាខ្លាំង ព្រោះនៅខាងហ្នឹងវាអត់មានប្រភពទឹកទេ ទិញទឹកអូរគគីរ។ ការទិញទឹកហូបហ្នឹង វាមានភូមិអង្គកាតម៉ៅ ២ ភូមិចំប៉ី ៣ ភូមិទឹកល្អក់ ៤ ភូមិចម្ការស្លែង ៥ ភូមិស្ដៅពេន ៦ ភូមិថ្មីឧត្តម ៧ ភូមិពាម ៨ ភូមិគ្រឹះធំ ៩ ភូមិចុងថ្នល់ ១០ ភូមិទួលសុភី ១១ ភូមិក្រាំងម្កាក់ ១២ ភូមិពង្រ»។

ពាក់ព័ន្ធបញ្ហាខ្វះទឹកប្រើប្រាស់ និងទឹកធ្វើកសិកម្មនេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ពន្យល់ថា ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ជាតំបន់ដែលបាំងដោយជួរភ្នំក្រវាញ ធ្វើឲ្យខ្យល់មូសុងបក់ពីទិសនិរតី ទោះបីខ្យល់នោះបក់មកខ្លាំងក្តីខ្សោយក្តី វាប៉ះភ្នំក្រវាញ នាំឲ្យខ្យល់ប៉ោងឡើង នាំទឹកភ្លៀងធ្លាក់ហួសមកខេត្តកណ្ដាល ឬទៅខេត្តកំពត ខេត្តកែប គឺវាមិនអាចឲ្យតំបន់ហ្វឺននោះសម្បូរទឹកច្រើនទេ ទើបក្រសួងធនធានទឹក បានសង់ទំនប់ទឹកខ្ពបត្របែក ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ និងទំនប់ទឹកតាសាល ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីស្តុកទឹកភ្លៀងឲ្យកសិករមានទឹកប្រើប្រាស់ និងទឹកសម្រាប់ធ្វើកសិកម្ម៖ «ហ្វឺនមានន័យថា តំបន់ដែលមូសុងនិរតីបក់ចំពីនិរតីមក គឺវាប៉ះនឹងជួរភ្នំក្រវាញ ហើយធ្វើឲ្យខ្យល់ប៉ោងឡើងទម្រាំវាធ្លាក់មកវិញ គឺធ្លាក់រំលងតំបន់ហ្នឹង ហើយកន្លែងហ្នឹងគេហៅថាជាតំបន់ហ្វឺន។ លុះត្រាតែមូសុងវាងាកបញ្ឆិតមករកទិសខាងកើតបន្តិច ទើបបាននេះទទួលរបបទឹកភ្លៀងគ្រប់គ្រាន់ ហើយមិនមែនសម្រាប់តែឆ្នាំនេះទេ គឺជារៀងរាល់ឆ្នាំដែលតែងតែជួបបាតុភូតបែបនេះ ដោយសារយើង ដូចដឹងស្រាបើហើយមូសុងវស្សារបស់យើង គឺខ្យល់និរតី ហើយតំបន់នេះ គឺបាំងនឹងជួរភ្នំក្រវាញ»។

លោក ចាន់ យុត្ថា ឲ្យដឹងទៀតថា កសិករអាចមានទឹកធ្វើស្រែគ្រប់គ្រាន់នៅតំបន់ហ្វឺននោះ ចាប់ពីចុងខែសីហា នេះទៅ។ លោកថា កង្វះទឹកបច្ចុប្បន្ន មិនទាន់ប៉ះពាល់ធ្ងន់ធ្ងរដល់ការបង្កបង្កើនផលទូទាំងប្រទេសកម្ពុជា ទេ ព្រោះក្នុងចំណោមដីកសិកម្មជាង ២លាន ៤សែនហិកតារ បានដាំដុះ ៧០% ទៅ ៨០% ហើយ៖ «គឺថាតំបន់នេះជាតំបន់ហ្វឺន ហើយកន្លងមកយើងទទួលខ្យល់មូសុងនិរតីចំ ប៉ុន្តែឥឡូវនេះខ្យល់ងាកមកទិសខាងកើតបន្តិច អ៊ីចឹងក្នុងរង្វង់អាចពីជិតចុងខែ៨ នេះ គឺតំបន់នោះអាចនឹងទទួលរបបទឹកភ្លៀងដូចជាតំបន់ដទៃទៀត។ ហើយពេលដែលមានភ្លៀងធ្លាក់នៅតំបន់នោះ អាងទឹកខ្ពបត្របែករបស់យើងក៏មានទឹកសម្រាប់ជួយត្រៀមអន្តរាគមន៍ នៅពេលដែលមានបញ្ហាខ្វះខាតទឹក»។

ទោះជាមានការពន្យល់ពីមន្ត្រីធនធានទឹកយ៉ាងនេះក្តី កសិករនៅក្នុងស្រុកត្រាំកក់ ឲ្យដឹងថា ស្រូវពង្រោះដែលគាត់ព្រោះគ្រាប់ពូជជាលើកទី២ នៅតែក្រៀមងាប់ ហាក់ដូចស្រទាប់ទឹកនៅក្រោមដីស្រកចុះជ្រៅជាងសព្វមួយដង ទំនងមកពីការជីករ៉ែជ្រៅៗតាមខេត្តដែលនៅជាប់ខេត្តតាកែវ នោះ ធ្វើឲ្យទឹកក្រោមដីហូរទៅកន្លែងជ្រៅ។

ពាក់ព័ន្ធនឹងចម្ងល់នេះ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា ឲ្យដឹងថា ឆ្នាំនេះទឹកភ្លៀងធ្លាក់ប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *