ពលរដ្ឋរស់នៅសង្កាត់បឹងទំពុនទី២ ខ្វល់រឿងរថយន្តស៊ីនទ្រី​មិនមកប្រមូលសំរាម​១៧ថ្ងៃហើយ

ភ្នំពេញ៖ ពលរដ្ឋរស់នៅក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ​ បានខ្វល់ខ្វាយជាខ្លាំង ម្យ៉ាងដោយសារធុំក្លិនស្អុយសំរាម ខណៈរថយន្តស៊ីនទ្រី​មិនឃើញ​មកប្រមូល​រយៈពេល១៧ថ្ងៃហើយ ។ គេមិនដឹងថា មូលហេតុអ្វីបានជាខាងក្រុមហ៊ុនស៊ីនទ្រី​ខានទៅប្រមូលសំរាមទីតាំងខាងលើនោះរហូតដល់១៧ថ្ងៃឡើយ ។ ប៉ុន្តែពលរដ្ឋអះអាងថា ពួកគាត់បានបង់លុយគ្រប់ចំនួន និងទៀងទាត់ពេលវេលា​មិនបានខ្វះមួយកាក់មួយសេន​ឡើយ ។

ខាងក្រោមនេះជាសាររបស់ពលរដ្ឋ ដែលបានសម្តែង​ចេញ​ទុក្ខកង្វល់កាលពីថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០២០ ដែលថា ក្រុមហ៊ុនស៊ីនទ្រីខកខានមិនទៅប្រមូលសំរាម​រយៈពេល១៧ថ្ងៃ៖

«សុំទោសលោកម្ចាស់គ្រុប ខ្ញុំសំណូមពរនៅ ក្នុងគ្រុបនេះ បើមានឯកឧត្តមរូបណាមួយទទួលបន្ទុកខាងអនាម័យ សុំជួយជម្រុញលោកខាងក្រុមហ៊ុនសុីនទ្រី មកប្រមូលសំរាមនៅក្នុងតំបន់ខ្ញុំផង ផ្លូវលេខ 59BT កែង 87BT ស្ថិតនៅក្នុងភូមិសាស្រ្តភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី2 ខណ្ឌមានជ័យ រថយន្តប្រមូលសម្រាមខានមកយក 17ថ្ងៃហើយ សំរាមឡើងគរ ស្អុយរលួយ ប្រាក់ថ្លៃប្រមូលសំរាម យើងខ្ញុំបង់ជូនមិនដែលខ្វះ និងទាន់ពេលវេលាទេ សុំអាណិតមេត្តាជួយពួកយើងខ្ញុំផង» ។

គេហទំព័រ Ukk-news មិនអាចទាក់ទង​ក្រុមហ៊ុនស៊ីនទ្រី​ ឯកទេសខាងប្រមូលសំរាម​​ដើម្បីសុំការពន្យល់បានទេ​នៅរសៀលថ្ងៃដដែលនេះ ពីព្រោះមិនមានលេខទូរស័ព្ទ ៕

Loading...