ពលរដ្ឋរិះគន់ចៅសង្កាត់ប៉ោយប៉ែតថាមិនបំពេញការងារបម្រើរាស្ត្រ

ខេត្តបន្ទាយមានជ័យ ៖ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រិះគន់ចៅសង្កាត់ប៉ោយប៉ែត ថាមិនយកចិត្តទុកដាក់បំពេញការងារជូនពលរដ្ឋក្នុងមូលដ្ឋាននោះទេ។ ការរិះគន់នេះ បន្ទាប់ពីអ្នកស្រុកចំណាយពេលវេលាទៅរង់ចាំនៅសាលាសង្កាត់ ដើម្បីធ្វើលិខិតស្នាមជាច្រើនលើកច្រើនសា ពុំទទួលបានលទ្ធផល។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត សម្ដែងការមិនពេញចិត្តនឹងការគ្រប់គ្រងរបស់ចៅសង្កាត់នេះ ថាមិនគិតគូរបំពេញការងារដើម្បីបម្រើពលរដ្ឋម្ចាស់ឆ្នោតនោះឡើយ។
ពលរដ្ឋមួយចំនួនរស់នៅសង្កាត់ប៉ោយប៉ែត ឲ្យដឹងនៅថ្ងៃទី១៥ កុម្ភៈ ថា ពួកគាត់ជួបការលំបាកជាខ្លាំងក្នុងការធ្វើលិខិតស្នាម មានជាអាទិ៍ ធ្វើសំបុត្រកំណើត និងធ្វើលិខិតបញ្ជាក់មរណភាព ជាដើម គឺត្រូវចំណាយពេលទៅសាលាសង្កាត់ច្រើនលើកច្រើនសា។ អ្នកភូមិអះអាងថា ការធ្វើលិខិតស្នាមយឺតយ៉ាវនេះ បានប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ធ្វើឲ្យខាតពេលវេលារកស៊ីដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ៖ «ខ្ញុំ ទៅសាលាសង្កាត់បីបួនដងហើយ នៅតែធ្វើសំបុត្រកំណើតមិនទាន់បានទៀត។ មន្ត្រីបម្រើការក្នុងសង្កាត់ គាត់ច្រើនតែនិយាយថា ម្ដងថ្ងៃនេះ ម្ដងថ្ងៃនោះ ហើយអត់ធ្វើលិខិតឲ្យខ្ញុំទេ»។
ពុំអាចទាក់ទងចៅសង្កាត់ប៉ោយប៉ែត មកពីគណបក្សប្រជាជនកម្ពុជា គឺលោក អាំង គីហេង ដើម្បីសុំអត្ថាធិប្បាយពីការចោទប្រកាន់របស់ប្រជាពលរដ្ឋបានទេ នៅថ្ងៃទី១៥ កុម្ភៈ។
ស្មៀនសង្កាត់ប៉ោយប៉ែត លោក ពុំ សុភិន ទទួលស្គាល់ថា ការធ្វើលិខិតស្នាមជូនប្រជាពលរដ្ឋ ពិតជាមានការយឺតយ៉ាវខ្លះមែន ប៉ុន្តែលោកអះអាងថា បញ្ហានេះពុំមែនចៅសង្កាត់ ឬមន្ត្រីពាក់ព័ន្ធ មិនយកចិត្តទុកដាក់បម្រើការងារជូនពលរដ្ឋនោះទេ គឺដោយសារប្រជាពលរដ្ឋមកធ្វើលិខិតស្នាមនៅសាលាសង្កាត់មានចំនួន ច្រើនពេក៖ «ម្យ៉ាងទៀត បញ្ហានេះដោយសារតែយើងជាប់រវល់ធ្វើសំបុត្រកំណើតឲ្យប្រជាពលរដ្ឋ ក្នុងភូមិណាដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណជាមុនសិន»។
ទោះជាយ៉ាងណាក៏ដោយ ជំទប់ទី២ សង្កាត់ប៉ោយប៉ែត មកពីគណបក្ស សម រង្ស៊ី លោក ចៅ វាសនា អះអាងថា លោកចង់ជួយសម្រួលការងារនេះជូនប្រជាពលរដ្ឋដែរ ប៉ុន្តែមិនអាចធ្វើទៅបាន ដោយសារចៅសង្កាត់ក្ដោបអំណាចឲ្យតែបក្ខពួករបស់ខ្លួន ដោយមិនបែងចែកឲ្យលោកធ្វើនោះទេ៖ «ខ្ញុំបានទាមទារតួនាទីរបស់ខ្ញុំ ដើម្បីបម្រើការងារជូនប្រជាពលរដ្ឋ តែគាត់មិនឲ្យធ្វើទេ»។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្ត បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សម្គាល់ថា កន្លងទៅ ប្រជាពលរដ្ឋតែងត្អូញត្អែរជួបការលំបាករឿងការធ្វើលិខិតស្នាមនៅ សាលាសង្កាត់ប៉ោយប៉ែត យឺតយ៉ាវនេះជាបន្តបន្ទាប់។ លោកពន្យល់ថា បញ្ហានេះកើតឡើងដោយសារចៅសង្កាត់នេះ គិតគូរតែរឿងការងារបក្សរបស់ខ្លួន ជាជាងការយកចិត្តទុកដាក់បម្រើផលប្រយោជន៍ម្ចាស់ឆ្នោត៖ «ចំណុចទាំងអស់នេះបានប៉ះពាល់យ៉ាងខ្លាំងទៅលើប្រជាពលរដ្ឋ ពីព្រោះធ្វើឲ្យគាត់រាំងស្ទះដល់ការងាររកស៊ីប្រចាំថ្ងៃ»។
របាយការណ៍សង្កាត់ប៉ោយប៉ែត ឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់នេះមាន ១៤.០០៥ គ្រួសារនៅក្នុង ១៣ភូមិ និងមានក្រុមប្រឹក្សាសង្កាត់ចំនួន ១១នាក់ គឺមកពីគណបក្សប្រជាជនកម្ពុជា ៩នាក់ និងគណបក្ស សម រង្ស៊ី ២នាក់៕

IMG-53

Loading...

Leave a Reply

Your email address will not be published. Required fields are marked *