ពលរដ្ឋរិះគន់មន្ត្រីបរិស្ថានខេត្តប៉ៃលិនថាមិនចាត់វិធានការ

ខេត្តប៉ៃលិន ៖ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន មួយចំនួនរិះគន់ប្រធានមន្ទីរបរិស្ថាន និងមន្ត្រីពាក់ព័ន្ធខេត្តនេះថា មិនចាត់វិធានការមន្ត្រីប៉ូលិសអន្តោប្រវេសន្តច្រកទ្វារអន្តរជាតិ ព្រំ ទន្ទ្រានព្រៃភ្នំយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ។ ប្រតិកម្មរបស់ពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីពួកគាត់ប្ដឹងអាជ្ញាធរឲ្យចាប់គ្រឿងចក្រដែល ឈូសឆាយដីភ្នំ ដើម្បីផ្ដន្ទាទោសតាមច្បាប់ តែពុំទទួលបានលទ្ធផល។
ប្រជាពលរដ្ឋសម្ដែងការមិនពេញចិត្តនឹងវិធានការ របស់អាជ្ញាធរពាក់ព័ន្ធនៅខេត្តប៉ៃលិន ថាមិនអើពើថែរក្សាសម្បត្តិធនធានរបស់រដ្ឋឲ្យបានគងវង់ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមទៅថ្ងៃអនាគតនោះទេ។
ពលរដ្ឋនៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ សុំមិនឲ្យបញ្ចេញឈ្មោះម្នាក់ឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមករា កន្លងទៅ មន្ត្រីប៉ូលិសអន្តោប្រវេសន្តច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ដែលមានអំណាចម្នាក់ឈ្មោះ មិន សាវុធ យកគ្រឿងចក្រមួយគ្រឿងឈូសឆាយព្រៃភ្នំ វប្បធម៌ ធម្មជាតិ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ យកដីអស់ប្រមាណ ២ហិកតារធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយពុំមានអាជ្ញាធរណាទប់ស្កាត់នោះទេ។
ពលរដ្ឋរូបនេះបន្តថា អ្នកភូមិមានការព្រួយបារម្ភជាខ្លាំង ខ្លាចដីភ្នំនោះធ្លាក់ទៅជាកម្មសិទ្ធិឯកជន ដោយសារសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការផ្លូវច្បាប់ទៅលើអ្នក ទន្ទ្រានដីភ្នំ៖ «ការកាប់ព្រៃភ្នំយកដីនៅតំបន់ផ្សារព្រំនៅមាន ២កន្លែងផ្សេងទៀត គឺនៅខាងមុខមួយកន្លែង និងនៅខាងក្រោយភ្នំមួយកន្លែង»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋនៅស្រុកសាលាក្រៅ ម្នាក់ទៀតអះអាងថា សមត្ថកិច្ចជំនាញ ជាពិសេសគឺមន្ត្រីបរិស្ថាន ចាត់វិធានការមានប្រសិទ្ធភាពភាគច្រើនទៅលើប្រជាពលរដ្ឋក្រីក្រ ហើយគ្មានអំណាច ចំណែកអ្នកមានលុយ និងមានអំណាចវិញ តែងរួចខ្លួនជាប្រចាំ។
ពលរដ្ឋរូបនេះបន្ថែមថា ប្រសិនអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលទេ នោះដីភ្នំនៅជាយខ្មែរ-ថៃ ឃុំស្ទឹងកាច់ នឹងហិនហោចអស់គ្មានសល់នៅថ្ងៃណាមួយជាពុំខាន៖ «បាទ! ដីភ្នំដែលគេទន្ទ្រាននោះ ប្រហែលជាគេមានគម្រោងសាងសង់អ្វីមួយហើយមើលទៅ ព្រោះអីនៅក្បែរនោះជាតំបន់បនល្បែងកាស៊ីណូ»។
យើងពុំអាចទាក់ទងមន្ត្រីប៉ូលិសអន្តោប្រវេសន្ត គឺលោក មិន សាវុធ ដើម្បីអត្ថាធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣១ ខែមករា។ ប៉ុន្តែ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន លោក គឹម សុខា មានប្រសាសន៍ថា ពុំមែនសមត្ថកិច្ចមិនទប់ស្កាត់អ្នកឈូសឆាយដីភ្នំដូចការលើកឡើង របស់ប្រជាពលរដ្ឋនោះឡើយ។
លោកបញ្ជាក់ថា ប៉ូលិសអន្តោប្រវេសន្តដែលឈូសឆាយដីភ្នំនៅផ្សារព្រំនោះ សមត្ថកិច្ចបានទៅហាមឃាត់ភ្លាមៗបន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋ ម្យ៉ាងទៀតលោកថា បានបញ្ជូនរឿងនេះទៅតុលាការ ដើម្បីដោះស្រាយតាមផ្លូវច្បាប់រួចរាល់ហើយ។
លោកបន្ថែមថា ចំពោះការសម្រេចយ៉ាងណានោះគឺជាសិទ្ធិរបស់តុលាការ ពុំមានពាក់ព័ន្ធនឹងមន្ទីរបរិស្ថានឡើយ៖ «ខ្ញុំ គ្រាន់តែប្រាប់ថា តំបន់ដែលខ្ញុំការពារ គឺខ្ញុំមើលទាំងអស់មិនឲ្យអ្នកណាម្នាក់ទៅទន្ទ្រានយកដីបាននោះ ទេ។ ម្យ៉ាងទៀត ខ្ញុំក៏មានយុទ្ធសាស្ត្រផ្សេងដែរនៅឆ្នាំ២០១៦នេះ គឺធ្វើយ៉ាងណារៀបចំឲ្យមានព្រៃឈើដុះនៅលើភ្នំឡើងវិញឲ្យបាន»។
លោកបន្តថា អ្នកដែលលួចកាប់រុករានដីព្រៃនៅស្រុកសាលាក្រៅ ភាគច្រើនអ្នកមានលុយមានអំណាច រីឯប្រជាពលរដ្ឋមានចំនួនតិចតួច ហើយលោកថា អាជ្ញាធរមានវិធានការទប់ស្កាត់លើការងារនេះហើយ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋគ្មានជំនឿទៅលើវិធានការរបស់សមត្ថកិច្ចជំនាញខេត្តប៉ៃលិន នោះ ទេ។ អ្នកស្រុកលើកឡើងថា កន្លងទៅសមត្ថកិច្ចពុំទាន់ចាប់អ្នកមានលុយមានអំណាចណាម្នាក់ដាក់ ពន្ធនាគារនៅឡើយទេ។ តួយ៉ាងមន្ត្រីប៉ូលិសអន្តោប្រវេសន្ត ដែលសមត្ថកិច្ចឃាត់គ្រឿងច្រកនោះ នៅមានសេរីភាពដើរហើរបានដូចពលរដ្ឋធម្មតាដដែល។ ចំណែកឯពលរដ្ឋក្រីក្រវិញ បើហានឈូសឆាយដីខុសច្បាប់បែបនេះ និងត្រូវសមត្ថកិច្ចចាប់ដាក់គុកបាត់ទៅហើយ។
មន្ត្រី សម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តប៉ៃលិន អ្នកស្រី ប្រាក់ សុភិម៉ា កក់សំគាល់ថា បើទោះជាសមត្ថកិច្ចមានវិធានការទប់ស្កាត់ការកាប់ព្រៃឈើយកដីក៏ដោយ តែអ្នកលួចទន្ទ្រានដីព្រៃនៅខេត្តប៉ៃលិន នៅមានតែសកម្មភាពកើតឡើងដដែល។
អ្នកស្រីពុំមានជំនឿទៅលើវិធានការទប់ស្កាត់របស់សមត្ថកិច្ច ពាក់ព័ន្ធ លើការបង្ក្រាបអ្នកមានលុយមានអំណាច លួចទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិនោះទេ៖ «បើសមត្ថកិច្ច ទប់ស្កាត់ជារឿងល្អហើយ តែខ្ញុំសំណូមពរឲ្យអាជ្ញាធរទប់ស្កាត់ជាទូទៅតែម្ដង កុំបង្ក្រាបចំពោះតែពលរដ្ឋក្រីក្រ តែមិនទប់ស្កាត់អ្នកមានលុយមានអំណាចនោះ»។
ប្រជាពលរដ្ឋអះអាងថា ដីព្រៃភ្នំនៅភូមិផ្សារព្រំ យ៉ាងហោចណាស់ចំនួន៤កន្លែង ស្ថិតនៅជួរភ្នំសារាវ៉ាន់ និងមានចម្ងាយប្រមាណ ៤០០ម៉ែត្រពីជាយដែនកម្ពុជា-ថៃ ភ្នំតំបន់នេះត្រូវគេលួចទន្ទ្រានយកដីជាបន្តបន្ទាប់។ កាលពីឆ្នាំ២០១៥ កន្លងទៅ សមត្ថកិច្ចនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន ធ្លាប់បានដឹកនាំកម្លាំងចម្រុះជាង ១០នាក់ ទៅដកដំណាំល្ពៅរបស់ប្រជាពលរដ្ឋចំនួន ៤០គ្រួសារ ដែលជិតប្រមូលផលទៅហើយ ដោយចោទថា ពួកគាត់ដាំដុះនៅលើដីព្រៃខុសច្បាប់ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ម្ដងរួមមកហើយ។
កាលណោះ ពលរដ្ឋចំនួន ៣នាក់ ត្រូវបានសាលាដំបូងខេត្តកោះហៅទៅបំភ្លឺពាក់ព័ន្ធនឹងការដាំដុះ នោះ។ ប៉ុន្តែប្រជាពលរដ្ឋបាននាំគ្នាតវ៉ា ប្រឆាំងនឹងការកោះហៅនេះ ដោយពួកគាត់យល់ឃើញថា ជារឿងអយុត្តិធម៌លើប្រជាពលរដ្ឋក្រីក្រ និងទាមទារឲ្យសមត្ថកិច្ចសងផលដំណាំដែលបានដកបំផ្លាញនោះ។ ក្រោយមករឿងនេះបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីកាតតវ៉ារបស់ប្រជាពលរដ្ឋ៕

4d20de3a-5381-49b0-8f27-e551eb463b11

Loading...

Leave a Reply

Your email address will not be published. Required fields are marked *