ពលរដ្ឋសង្កាត់ឃ្មួញតវ៉ានៅមុខសាលាខណ្ឌសែនសុខឲ្យជួយដោះស្រាយបញ្ហាដីធ្លី

ភ្នំពេញ៖ប្រជាពលរដ្ឋរាប់សិបនាក់ បានលើកគ្នាតវ៉ានៅមុខសាលាខណ្ឌសែនសុខ ស្នើឲ្យអាជ្ញាធរខណ្ឌ ជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។ ការប្រមូលផ្តុំគ្នានេះ ធ្វើឡើងនៅម៉ោងប្រមាណ ៩ និងបញ្ចប់ទៅវិញនៅម៉ោង ១០ព្រឹក ថ្ងៃទី៧ ធ្នូ បន្ទាប់ពីមន្ត្រីសាលាខណ្ឌសែនសុខ សន្យាដោះស្រាយបញ្ហានេះជូនពួកគាត់។
ពលរដ្ឋក្មេងចាស់ប្រុសស្រីជាង ៦០នាក់ បានចូលជួបមន្ត្រីសាលាខណ្ឌសែនសុខ ដើម្បីស្វែងរកអន្តរាគមន៍ពីអាជ្ញាធរខណ្ឌ និងមន្ត្រីពាក់ព័ន្ធនានា ជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។
ប្រជាពលរដ្ឋជិត ៣០០គ្រួសារ ទាមទារដីផ្សារទំហំជាង ២ពាន់ម៉ែត្រការ៉េ (២.១១៤ម៉ែត្រការ៉េ) នៅក្នុងភូមិត្រពាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជាយរាជធានីភ្នំពេញ មកធ្វើជាកម្មសិទ្ធិសមូហភាព។
តំណាងប្រជាពលរដ្ឋភូមិត្រពាំងចាស់ លោក សឹង ហាយ អះអាងថា ការទាមទារដីនេះជារបស់សមូហភាព គឺដើម្បីយកដីនេះទៅលក់បានថវិកាមកអភិវឌ្ឍសហគមន៍ដោយខ្លួនឯង៖ «យើង យកដីហ្នឹងលក់ចេញទៅ ដើម្បីចែកឲ្យពលរដ្ឋខ្លះទៅ សល់ប៉ុន្មានយើងស្ថាបនាក្នុងភូមិ ធ្វើជាសាលាបុណ្យ ឬក៏ធ្វើជាផ្លូវថ្នល់។ ខាងអាជ្ញាធរភូមិដែលប្រជាពលរដ្ឋចង់ដឹងឮ ថាដីនេះវាសេសសល់ ឬមិនសេសសល់ គាត់អត់មានបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ដីហ្នឹងនៅ ឬក៏អត់ទេ។ គាត់និយាយតែមួយម៉ាត់ទេ គឺគាត់អត់ដឹង»។
ពលរដ្ឋកំពុងមានបញ្ហាទំនាស់ដីធ្លីជាមួយអ្នករកស៊ីម្នាក់ឈ្មោះ លោក ផាត់ សេង ដែលបានទិញដីផ្សារទំហំជាង ២ពាន់ម៉ែត្រការ៉េ (២.៣៤៤ម៉ែត្រការ៉េ) និងដីស្រះទំហំជាង ២ពាន់ម៉ែត្រការ៉េ (២.១១៤ម៉ែត្រការ៉េ) ផ្សេងទៀតពីប្រជាពលរដ្ឋ កាលពីឆ្នាំ២០០៨។
អតីតតំណាងពលរដ្ឋភូមិត្រពាំងចាស់ លោក ហែន សារ៉ែន បញ្ជាក់ថា កាលនោះ លោក ផាត់ សេង បានផ្ដល់សំណងជូនពលរដ្ឋតែចំពោះដីស្រះតែប៉ុណ្ណោះ គឺក្នុងពលរដ្ឋមួយគ្រួសារទទួលបានថវិកា ១៥០ដុល្លារអាមេរិក។ ចំណែកដីផ្សារវិញ លោក ផាត់ សេង បានចេញកិច្ចសន្យាឈប់ទទួលទិញដីផ្សារ និងប្រគល់ដីនេះជូនតំណាងពលរដ្ឋចាត់ចែងវិញនៅឆ្នាំ២០០៩។
ដោយគិតថា ដីផ្សារនៅតែជាកម្មសិទ្ធិសមូហភាព ប្រជាពលរដ្ឋបានសម្រេចលក់ដូរដីនេះទៅឲ្យឈ្មួញដទៃក្នុងតម្លៃ ៨ម៉ឺនដុល្លារកាលពីពេលថ្មីៗនេះ ស្រាប់តែ លោក ផាត់ សេង ចេញមុខមកអះអាងថា ដីនេះជាកម្មសិទ្ធិរបស់លោក និងអមដោយដីការក្សាការពារចេញដោយសាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យពលរដ្ឋលក់ដូរដីនេះជាដាច់ខាតទៅវិញ។
លោក ផាត់ សេង មិនបានបកស្រាយជុំវិញការចោទប្រកាន់នេះទេ ដោយលោកលើកឡើងថា លោកបានដាក់ពាក្យបណ្ដឹងនៅសាលាសង្កាត់ និងខណ្ឌរួចរាល់ហើយ៖ «ឥឡូវពិបាកឆ្លើយជាមួយប្អូនឯងណាស់ មានតែពាក្យប៉ុណ្ណឹងទេ»។
ទាក់ទងនឹងសំណើរបស់ពលរដ្ឋនេះ តំណាងអភិបាលខណ្ឌសែនសុខ លោក ឆាយ វ៉ាន បានថ្លែងប្រាប់ក្រុមពលរដ្ឋថា លោកនឹងរាយការណ៍ទៅថ្នាក់លើ ដើម្បីស្វែងរកដំណោះស្រាយជូនពលរដ្ឋ។
ចំណែកចៅសង្កាត់ឃ្មួញ លោក សួង ម៉ុក ដែលមានវត្តមានក្នុងជំនួបជាមួយពលរដ្ឋដែរនោះ បានអះអាងថា អាជ្ញាធរសង្កាត់គាំទ្រចំពោះសំណូមពររបស់ពលរដ្ឋ។ លោកថា អាជ្ញាធររបស់លោក មិនមានការឃុបឃិតណាមួយជាមួយឈ្មួញ ដើម្បីរំលោភយកដីពលរដ្ឋនោះឡើយ។
ប្រជាពលរដ្ឋភូមិត្រពាំងចាស់ សង្កាត់ឃ្មួញ អះអាងថា ពួកគេនឹងឡើងមកតវ៉ានៅថ្នាក់រាជធានីនៅពេលឆាប់ៗខាងមុខ បើសិនជាអាជ្ញាធរខណ្ឌមិនមានដំណោះស្រាយណាមួយជូនពួកគាត់ទេនោះ។ បន្ថែមពីលើនេះ ប្រជាពលរដ្ឋចង់ឃើញអាជ្ញាធរចុះជួយអភិវឌ្ឍមូលដ្ឋានរបស់ពួកគាត់ ដែលកំពុងជួបប្រទះ ដូចជាមិនមានហេដ្ឋារចនាសម្ព័ន្ធស្អាតល្អ មិនមានផ្សារ និងគ្មានការអភិវឌ្ឍ ជាដើម៕

image2332323232

Loading...

Leave a Reply

Your email address will not be published. Required fields are marked *